We TV Cambodia

មេរៀនពីកង្កែប៖ អ្នកគួរលោតចេញពីភាពវេទនារបស់អ្នក ទាន់អ្នកនៅតែមានកម្លាំង

មេរៀនពីកង្កែប៖ អ្នកគួរលោតចេញពីភាពវេទនារបស់អ្នក ទាន់អ្នកនៅតែមានកម្លាំង

ដោយ៖ស្រីពេជ្រ

ប្រភពរូបភាព Lion’s Roar

ថ្វីត្បិតថា មនុស្សយើងកើតមកមានបញ្ញាឆ្លាតវៃ មានការគិតវែងឆ្ងាយអាចដោះស្រាយបញ្ហាបានគ្រប់កាលៈទេសៈ តែយើងនៅតែគ្មាននណាម្នាក់អាចធ្វើបានល្អឥតខ្ចោះនោះទេ។ ដូច្នេះហើយ អ្នកអាចស្វែងយល់ពីមេរៀនខ្លះពីសត្វនានា  ក្នុងនោះដែរសត្វតោបង្រៀនយើង ពីគោលការណ៍នៃការដឹកនាំ ឯសត្វឥន្រ្ទីបង្រៀនយើងពីការស្វែងរកឱកាស និងសេរីភាព។ ​ចំណែកសត្វកង្កែបនឹងប្រាប់អ្នកថា អ្នកគួរលោតចេញពីភាពវេទនារបស់អ្នក ទាន់អ្នកនៅតែមានកម្លាំង តើឃ្លានេះមានអត្ថន័យយ៉ាងណា?

ឧទាហរណ៍ថា អ្នកដាក់កង្កែបចូលក្នុងទឹកហើយចាប់ផ្តើមកំដៅទឹកបន្តិចម្តង ៗ នៅពេលដែលសីតុណ្ហភាពកើនឡើង កង្កែបនឹងកែតម្រូវសីតុណ្ហភាពរាងកាយរបស់វាទៅតាមនោះកំដៅនៃទឹកក្ដៅ។ មានន័យថា សត្វកង្កែបចេះបត់បែនស្ថានការ ខណៈទឹកកាន់តែក្ដៅ វាសម្របសីតុណ្ហភាពក្នុងខ្លួនវា ឱ្យស្របទៅតាមទឹកដែលក្ដៅ។ ក្រលេកមកមនុស្សយើងវិញ អ្នកគួរតែចេះបត់បែនខ្លួននៅពេលដែលជួបស្ថានការគ្រោះថ្នាក់ ឬពេលជួបបញ្ហាអ្វីមួយ ព្រោះបុគ្គលដែលឆ្លាតតែងដោះស្រាយបញ្ហាបានយ៉ាងរហ័ស និងទាន់ស្ថានការណ៍។

ករណីមួយទៀត នៅពេលកង្កែបដឹងថាទឹកកាន់តែក្ដៅ ដោយមិនអាចទ្រាំទៀតបាន វានឹងប្រឹងលោតចេញពីស្ថានភាពនោះ។ មានន័យថា បើយើងកំពុងតែជួបបញ្ហាហើយ កុំក្រាញ់ននៀលនឹងវា តែត្រូវតែរកវិធីដើម្បីដោះស្រាយបញ្ហា។

ហើយអ្វីដែលសំខាន់បំផុតនោះគឺ ត្រូវដឹងពីឱកាសណាដែលអំណោយផល ដូចករណីកង្កែបលោតចេញពីទឹកក្ដៅ វានឹងលោតនៅពេលដែលវានៅមានឱកាស និងមានកម្លាំង។ ងាកមកមនុស្សវិញ អ្នកគួរតែចេះស្វែងរកឱកាសដើម្បីដោះស្រាយបញ្ហា និងត្រូវថ្លឹងថ្លែងពីសមត្ថភាពអ្នកផងដែរ អ្នកត្រូវប្រឹងលំបាកមុន ដើម្បីស្រណុកនាថ្ងៃអនាគត។

តែឧទាហរណ៍ថា សត្វកង្កែបនោះមិនលោតចេញពីទឹកដែលក្ដៅនោះទេ ហើយវាសុខចិត្តនៅសម្របខ្លួនទៅតាមសីតុណ្ហភាពទឹកក្ដៅ យូរៗទៅវាក៏មិនអាចទ្រាំទ្របាន ហើយក៏ងាប់បាត់ទៅ។

សំណួរសួរថា អ្នកណាសម្លាប់កង្កែប?
អ្នកនឹងគិតថាប្រាកដជាទឹកក្ដៅដែលដាំពុះនោះហើយ ដែលសម្លាប់កង្កែប។ ការពិតគឺអសមត្ថភាពរបស់សត្វកង្កែបទៅវិញទេ ក្នុងការធ្វើការសម្រេចចិត្តទាន់ពេលវេលា និងអសមត្ថភាពក្នុងការសំរេចចិត្តថាពេលណាត្រូវលោតចេញពីទឹកក្ដៅនោះ។

ប្រសិនបើយើងមិនធ្វើការសំរេចចិត្តទាន់ពេលវេលានៅក្នុងជីវិតរបស់យើងទេនោះយើងនឹងធ្វើឱ្យខ្លួនយើងឈឺចាប់ដូចជាកង្កែបជាដើម។ ដូច្នេះហើយ ទាន់អ្នកនៅមានឱកាស ទាន់អ្នកនៅមានកម្លាំង អ្នកត្រូវប្រឹងប្រែងគេចចេញពីភាពវេទនាទំាងឡាយ ដោយកសាងទំនុកចិត្ត សមត្ថភាព និងឱកាស កុំឱ្យដូចសត្វកង្កែបឱ្យសោះ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *