We TV Cambodia

ផ្សារទំនើប Olympia ត្រូវពង្រីកបន្ថែមដើម្បីទទួលភ្ញៀវ ៥ ម៉ឺននាក់

ដោយៈ ទិន សុខាវុធ

ក្រុមហ៊ុនវិនិយោគអចលនទ្រព្យដ៏ធំមួយហៅកាត់ថា OCIC កំពុងធ្វើការពង្រីកផ្សារទំនើប Olympia របស់ខ្លួន ក្នុងគោលបំណងធ្វើអោយផ្សារទំនើបមួយនេះ អាចទទួលភ្ញៀវបានចំនួនដល់ទៅ ៥ ម៉ឺននាក់ក្នុងមួយថ្ងៃ។

ក្រោយពីការបើកអោយដំណើរការជាលើកដំបូង កាលពីខែមិថុនាកន្លងទៅនេះ ផ្សារទំនើប Olympia ទទួលបានភ្ញៀវចំនួន ២ ម៉ឺននាក់ក្នុងមួយថ្ងៃ។ ហើយដើម្បីអាចទទួលបានភ្ញៀវរហូតដល់ទៅចំនួន ៥ ម៉ឺននាក់ក្នុងមួយថ្ងៃ ផ្សារទំនើប Olympia ចាំបាច់ត្រូវពង្រីកជាន់និមូយៗ អោយមានទំហំរហូតដល់ទៅ ១២,០០០ ម៉ែតការេ។

លោក សៅ ម៉ូណាស៊ី អ្នកគ្រប់គ្រងផ្នែកជួលផ្សារទំនើប Olympia បានប្រាប់អ្នកសារព័ត៌មានអោយដឹងថា ការពង្រីកផ្សារទំនើប Olympia នឹងត្រូវបញ្ចប់នៅខែ មេសា ឆ្នាំ ២០២០ ខាងមុខនេះ និងត្រូវបើកអោយដំណើរការនៅក្នុងកំឡុងត្រីមាសទី ៤ នៅឆ្នាំ ២០២០ ខាងមុខនេះ។

លោកបានបន្តទៀតថា ការសាងសង់ដំណាក់កាលទី ២ នេះ មានគោលដៅបង្កើតកន្លែងសំរាប់ លក់ម្ហូបអាហារ ការកំសាន្ត និងផលិតផលម៉ាកល្បីៗ មានដូចជាហាងលក់ ស្បែកជើង  កាបូប នាឡិកាដៃ គ្រឿងអលង្កា និង ផលិតផលកែសម្ភស្សជាដើម ក្នុងគោលបំណងទាក់ទាញភ្ញៀវដែលមានជីវភាពកំរឹតមធ្យម និង កំរឹតខ្ពស់។

យោងតាមលោក សៅ ម៉ូណាស៊ី នៅពេលដាក់អោយដំណើរការ ផ្សារទំនើបមួយនេះនឹងមានហាងសរុបសំរាប់ជួលមានប្រមាណជា ២៥០ យូនីត ខណៈនៅពេលបច្ចុប្បន្ននេះ មានចំនួនត្រឹតែ ១០០ យូនីតតែប៉ុណ្ណោះ។

លើសពីនេះទៀត នៅពេលបើកអោយដំណើរការក្នុងឆ្នាំ ២០២០ ផ្សារទំនើប Olympia នឹងមានរោងកុនអាងហែលទឹកលើអាកាសដែលមានទេសភាពស្រស់ស្អាត ហើយអាចមើលឃើញកីទ្បដ្ឋានជាតិអូទ្បាំពិក ក្លឹបហាត់ប្រាណ កន្លែងលេងកីទ្បា សួនច្បារ ស្ពានកញ្ចក់លើអាកាស និងការរចនានានាបន្ថែមទៀត។

រូបថតៈ Facebook’s The Olympia Mall

« យើងមានការកំសាន្ត ហើយយើងមានក្រុមហ៊ុនគ្រប់គ្រងមកពីតៃវ៉ាន់ដែលគាត់ធ្លាប់មានបទពិសោធន៍ជោគជ័យនៅតៃវ៉ាន់ យើងនឹងពង្រឹងលើគុណភាព សេវាកម្ម ដើម្បីឲ្យម៉ល (ផ្សារ) យើងរីកចម្រើន នេះគឺជាអ្វីដែលយើងចង់បាន ហើយកំពុងអនុវត្ត» នេះជាការលើកឡើងរបស់លោក សៅ ម៉ូណាស៊ី។

បើតាមគំរោងរបស់ក្រុមហ៊ុន OCIC ផ្សារទំនើប Olympia ជាសំណង់មួយដែលនឹងត្រូវហ៊ុំព័ទ្ធដោយអាគារជន្ទល់មេឃ (skyscraper) កំពស់ ៥៣ ជាន់ សណ្ឋាគារ ៣៨ ជាន់ នឹងអាគារលំនៅដ្ឋានដ៏ល្អប្រណិតជាច្រើនទៀត។

ចំណុចខ្លាំងមួយទៀតរបស់ផ្សារទំនើប Olympia គឺវាស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ដែលជាតំបន់ដ៏មានសក្តានុពល និង មានស្ពានអាកាសដ៏ទំនើបចំនួនពីរ ដែលត្រូវបានសង់ភ្ជាប់ចូលទៅក្នុងអាគារផ្សារទំនើបតែម្តង ដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *