We TV Cambodia

តំបន់ទេសចរណ៍ធំៗទាំង៤ នៅខេត្តកែបត្រូវបានដាក់បញ្ជូលក្នុងផែនការមេអភិវឍ្ឍន៏វិស័យទេសចរណ៏

តំបន់ទេសចរណ៍ធំៗទាំង៤ នៅខេត្តកែបត្រូវបានដាក់បញ្ជូលក្នុងផែនការមេអភិវឍ្ឍន៏វិស័យទេសចរណ៏

គណៈកម្មការអន្តរក្រសួង បានរៀបចំផែនការមេអភិវឌ្ឍន៍ វិស័យទេសចរណ៍ខេត្តកែប ដោយបានបញ្ចប់ការសិក្សាស្រាវជ្រាវរបស់ខ្លួន នៅក្នុងខេត្តភាគនិរតីមួយនេះ ដោយបានចងក្រងជា «សេចក្ដីព្រាងផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប»  ក្នុងនោះគម្រោងបង្កើតប៉ូលទេសចរណ៍ធំៗចំនួន ៤ និងគម្រោងអភិវឌ្ឍន៍ចំនួន ២៥១ គម្រោង ត្រូវបានដាក់បញ្ចូល ទៅក្នុងសេចក្តីព្រាងផែនការមេនេះ។

ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា៖ គោលបំណងនៃការរៀបចំផែនការមេ សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែបនេះ គឺដើម្បីអភិវឌ្ឍឱ្យខេត្តកែបក្លាយជា «គោលដៅទេសចរណ៍ធម្មជាតិសម្រាកកម្សាន្តបែបប្រណីតកម្រិតខ្ពស់» ដោយគិតទៅលើភាពទាក់ទាញ ភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក ពិសេសគឺត្រូវធានាឱ្យបាននូវសមភាព សមធម៌ តម្លាភាព ចីរភាព និងនវានុវត្តន៍។

អង្គប្រជុំបានបង្ហាញយុទ្ធសាស្ត្រគោលចំនួន ៩ នៅក្នុងឯកសារព្រាងផែនការមេសម្រាប់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែបនេះ រួមមាន៖
១. យុទ្ធសាស្រ្តអភិវឌ្ឍន៍ប៉ូលទេសចរណ៍ខេត្តកែប
២. យុទ្ធសាស្រ្តវិនិយោគ និងអភិវឌ្ឍន៍របៀងទេសចរណ៍ខេត្តកែប
៣. យុទ្ធសាស្រ្តពង្រឹងគុណភាព និងសុវត្តិភាពទេសចរណ៍
៤. យុទ្ធសាស្រ្តអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍
៥. យុទ្ធសាស្រ្តទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ខេត្តកែប
៦. យុទ្ធសាស្រ្តគ្រប់គ្រង និងអភិវឌ្ឍវិស័យពាក់ព័ន្ធនានា គាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប
៧. យុទ្ធសាស្រ្តពង្រឹងចង្វាក់ផលិតកម្មក្នុងវិស័យទេសចរណ៍ខេត្តកែប
៨. យុទ្ធសាស្រ្តអភិវឌ្ឍនវានុវត្តន៍នៃវិស័យទេសចរណ៍ខេត្តកែប
៩. យុទ្ធសាស្រ្តពង្រឹងអភិបាលកិច្ច ត្រួតពិនិត្យ និងវាយតម្លៃសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍ខេត្តកែប

សូមជម្រាបផងដែរថា នៅក្នុងយុទ្ធសាស្ត្រគោលទាំង ៩ ខាងលើនេះ គឺមានយុទ្ធសាស្ត្រលម្អិតចំនួន ៤៩ យុទ្ធសាស្ត្រទៀត ដោយបែងចែកជា ៩៨ សកម្មភាព ស្មើនឹង ២៥១ គម្រោង។  តំបន់ទាំងនោះរួមមាន ទីក្រុងកែបបច្ចុប្បន្ន តំបន់អង្កោល តំបន់ភ្នំវល្លិ និងតំបន់ប្រជុំកោះ។

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *