We TV Cambodia

WHOថា Covid-19ជាជម្ងឺរាតត្បាតពិភពលោក

WHOថា Covid-19ជាជម្ងឺរាតត្បាតពិភពលោក

(វ៉ាស៊ីនតោន)៖ នៅទីបំផុត អង្គការសុខាភាពពិភពលោក WHO បានប្រកាសចាត់ទុក COVID-19 ជា «ជំងឺរាតត្បាតសកល» ហើយ នៅថ្ងៃពុធសប្ដាហ៍នេះ ខណៈចំនួន នៅទូទាំងពិភពលោក បានកើនឡើងច្រើនជាង ១២០,០០០ករណី និងស្លាប់លើសពី ៤,៣០០នាក់។

ថ្លែងនៅក្នុងការប្រកាសទទួលស្គាល់ COVID-19 ជា «ជំងឺរាតត្បាតសកល» អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានគូសបញ្ជាក់ដូច្នេះថា៖ «បណ្ដាប្រទេសទាំងអស់ នៅតែអាចផ្លាស់ប្ដូរទិសដៅនៃជំងឺរាតត្បាតសកលនេះ…ហើយបើសិនជាប្រទេសទាំងអស់ រកឃើញ ធ្វើតេស្ដ ព្យាបាល អនុវត្តវិធានការនៅ ដាច់ដោយឡែកពីគេ ឬក៏ជំរុញឱ្យប្រជាជនចូលរួមប្រយុទ្ធប្រឆាំង នោះប្រទេសដែលមានករណីឆ្លងពេញបន្ទុក ក៏នឹងអាចបង្ការមិនឱ្យជំងឺនេះក្លាយជាជាចម្លងជាចង្កោម និងការចម្លងជាសហគមន៍ បានផងដែរ»។ លោកបន្ថែមថា «ការប្រកាសអំពីការរាតត្បាតជំងឺឆ្លងជាសកលនេះ គឺជាការអំពាវនាវឲ្យមានវិធានការរួមមួយសម្រាប់គ្រប់គ្នា និងគ្រប់ទីកន្លែង។ វាក៏ជាការអំពាវនាវឲ្យមានទំនួលខុសត្រូវ និងការរួបរួមសាមគ្គីរវាងប្រជាជាតិទាំងអស់ ឲ្យក្លាយជាធ្លុងមួយ ក្នុងនោះប្រជាជនទាំងអស់ក៏ត្រូវរួបរួមគ្នាដែរ»។

តើអ្វីទៅជា ជំងឺរាតត្បាតសកល «pandemic» ហើយតើហេតុអ្វីបានជា WHO ទើបតែចាត់ទុក COVID-19 ជា «ជំងឺរាតត្បាតសកល»?

*ជំងឺរាតត្បាតសកល «pandemic» គឺជាអ្វី?

pandemic ឬជំងឺរាតត្បាតសកល គឺជាការឆ្លងនៃជំងឺថ្មីមួយនៅទូទាំងពិភពលោក ប្រឆាំងនឹងមនុស្សភាគច្រើន ដែលមិនមានប្រព័ន្ធការពាររាង្គកាយ ឬវ៉ាក់សុំាង ប្រឆាំងវីរុស។ pandemic មានលក្ខណៈធ្ងន់ធ្ងរជាង «epidemic» ដែលសំដៅទៅលើជំងឺឆ្លងមួយ រីករាលដាល និងគំរាមកំហែងនៅក្នុងតំបន់ ហើយសាយភាពទៅប្រទេសខាងក្រៅមួយចំនួន។ ចំណែកឯ «outbreak» វិញ គឺជាការផ្ទុះឡើងដំបូងនៃជំងឺឆ្លង រីកដាលតែនៅក្នុងតំបន់ ឬប្រទេសមួយ ដោយមិនទាន់សាយភាពចេញទៅក្រៅប្រទេស នោះទេ។

មួយវិញទៀត pandemic ជាទូទៅត្រូវបានគេប្រើប្រាស់ជាញឹកញប់ នៅពេលដែលការទប់ស្កាត់ជំងឺឆ្លងមួយទទួលបរាជ័យ ឬមិនអាចធ្វើឱ្យការរីករាលដាលនៃជំងឺឆ្លងធ្លាក់មក កម្រិតទាបនៅជុំវិញពិភពលោក។ ការប្រកាសចាត់ទុកជំងឺឆ្លងមួយជា pandemic ឬជំងឺរាតត្បាតសកល មានគោលបំណងផ្លាស់ប្ដូរពីវិធានការបង្ការ ឬគ្រប់គ្រង ទៅជាវិធានការកាត់បន្ថយការរីករាលដាល នៃជំងឺឆ្លងវិញ។

*ហេតុអ្វីបានជា WHO ទើបតែប្រកាសចាត់ទុក COVID-19 ជា «ជំងឺរាតត្បាតសកល»?

ការសម្រេចចិត្តខាងលើរបស់អង្គការ WHO ធ្វើឡើងនៅចំពេលដែលជំងឺ COVID-19 ឆ្លងទៅដល់ស្ទើជិតគ្រប់ទ្វីបទាំងអស់នៅទូទាំងពិភពលោក ដោយកូរ៉េខាងត្បូង អ៉ីតាលី និងអ៉ីរ៉ង់ ជាដើម បានក្លាយជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារជំងឺនេះ បន្ទាប់ពីប្រទេសចិន។ អង្គការ WHO បានបញ្ជាក់ថាខ្លួនមិនចង់និយាយថា COVID-19 ជាជំងឺឆ្លង ដែលមិនអាចបញ្ឈប់បាននោះទេ។ ក៏ប៉ុន្តែ ជំងឺឆ្លងនេះបានរីករាលដាលយ៉ាងឆាប់រហ័ស នៅទូទាំងតំបន់អឺរ៉ុប និងសហរដ្ឋអាមេរិក ហើយគិតមកទល់នឹងបច្ចុប្បន្ន ៦០ភាគរយ នៃប្រទេស និងដែនដីទាំង១៩៥ នៅលើពិភពលោកសុទ្ធតែរាយការណ៍ពីករណីឆ្លង COVID-19។

*តើជំងឺរាតត្បាតសកល ត្រូវបានប្រកាសលើកចុងក្រោយបំផុតនៅពេលណា?

ជំងឺរាតត្បាតសកល ឬ pandemic ត្រូវបានប្រកាសលើកចុងក្រោយបំផុត នៅឆ្នាំ២០០៩ ជាពេលដែលជំងឺផ្ដាសាយជ្រូក H1N1 រីករាលដាលខ្លាំង។ បើតាមមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លងអាមេរិក CDC H1N1 បានឆ្លងដល់ប្រជាជនជាង៦២លាននាក់ គ្រាន់តែនៅក្នុងសហរដ្ឋអាមេរិកមួយគត់ និងបានសម្លាប់មនុស្ស ៥៧៥,០០០នាក់ នៅទូទាំងពិភពលោកនៅក្នុងឆ្នាំដំបូង ដែលជំងឺនេះរាតត្បាត៕

ប្រភព៖ Bloomberg, The New York Times

Related Articles