ពិធីចូលព្រះវស្សាមាន ២ យ៉ាង។ ទី១ ហៅថា បុរិមិកាវស្សា ជាការចូលព្រះវស្សាមុនដំបូង គឺចាប់ពីថ្ងៃ១រោច ខែអាសាឍ រហូតដល់ ១៥កើត ខែអស្សុជ ទើបចេញព្រះវស្សាវិញ ដោយមានរយៈពេល ១ ត្រីមាស ឬ ៣ ខែ។ ចំណែកឯទី២ គឺមច្ឆិមិកាវស្សា ជាការចូលព្រះវស្សាលើកក្រោយ គឺក្រោយការចូលវស្សាមុនដំបូងរយៈពេល ១ខែ គឺចាប់ពីថ្ងៃ១រោច ខែស្រាពណ៍ រហូតដល់ថ្ងៃ១៥ កើត ខែកក្តិត ទើបចេញព្រះវស្សាវិញ ដោយមានរយៈពេល ១ ត្រីមាស ឬ ៣ ខែដូចគ្នា។
ការចូលព្រះវស្សាមានសារៈសំខាន់ណាស់ចំពោះព្រះភិក្ខុសង្ឃ ដែលបានចូលមកបួសក្នុងសំណាក់ព្រះពុទ្ធសាសនា ព្រោះថាកាលព្រះវស្សាដែលព្រះពុទ្ធទ្រង់បញ្ញត្តិកាលត្រីមាសមានបី(៣) ខែ សារៈសំខាន់នៃការចូលព្រះវស្សានោះមានដូចជា៖
- ធ្វើអោយភិក្ខុសាមណេរទទួលបាននូវការសង្រួមឥន្ទ្រីសំវរៈ
- ទទួលបានអានិសង្សនៃការកាន់ព្រះវស្សា
- បានផ្តល់ឱកាសដល់ភិក្ខុសង្ឃទទួលអានិសង្សកឋិនដែលទាយកថ្វាយ
- បង្កើនសេចក្តីជ្រះថ្លាដល់ពុទ្ធបរិស័ទ
- អាចបង្កើតសាមគ្គីភាពរវាងភិក្ខុ និងភិក្ខុនៅក្នុងអាវាស
ពាក់ព័ន្ធនិងការចូលវស្សានេះតែងមានសំនួរមួយតែងលើកឡើងថា៖ តើភិក្ខុដែលបានចូលវស្សាហើយ អាចនិមន្តចេញក្រៅបានដែរឬទេ?
ភិក្ខុដែលបានចូលវស្សាហើយ អាចនិមន្តចេញក្រៅបានចំនួន ៧ថ្ងៃ ដោយផ្អែកលើមូលហេតុខាងក្រោម៖
- មាតា ឬបិតាឈឺ
- គ្រូឧបជ្ឈាយ៍មានអាពាធ
- មានការនិមន្តពីពួកពុទ្ធបរិស័ទ
ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យទំនៀមទំលាប់ក្នុងផ្លូវព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត(ព្រះសង្ឃ) តែងចូលវស្សា តាមពុទ្ធានុញ្ញាតអស់រយៈពេល ៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ហើយត្រូវចាំព្រះវស្សាដោយត្រឹមត្រូវ មិនឲ្យដាច់វស្សានោះទេ។ រីឯពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសក ឧបាសិកា វិញ ក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺ ចាត់ចែងសាដក(សំពត់សំរាប់ងូត ទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជ មួយចំនួនទៀតតាមលទ្ធភាព។
ចុចអានបន្ត៖ តើអ្នកដឹងទេថា របាំខ្មែរមានប៉ុន្មានប្រភេទ?
អត្ថបទ៖ ង៉ាន់ សុគុន