We TV Cambodia

[រូបភាព] សម្រស់ដ៏ស្រស់ត្រកាលរបស់កោះកុងក្រៅ

[រូបភាព] សម្រស់ដ៏ស្រស់ត្រកាលរបស់កោះកុងក្រៅ

កោះកុងក្រៅស្ថិតក្នុង ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ៣០ គ.ម ពីក្រុងខេមរភូមិន្ទ។ តំបន់នេះ មានសក្តានុពលផ្នែកធនធានធម្មជាតិ សត្វព្រៃ មច្ឆា ផ្កាថ្ម ជីវៈចម្រុះបាតសមុទ្រ និងមានឆ្នេរខ្សាច់ល្អស្រស់ស្អាត ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំល្វឹងល្វើយ ដែលមានពណ៌ខៀវស្រងាត់។

កោះកុងក្រៅ ជាកោះធំទីមួយ របស់ប្រទេស ដែលមានទំហំសរុប ១០៣ គីឡូម៉ែត្រការ៉េ មានទទឹង ៧ គីឡូម៉ែត្រ បណ្តាយប្រហែល ២២ គីឡូម៉ែត្រ ហើយក៏ជាកោះខ្ពស់ជាងគេ ក្នុងតំបន់ឈូងសមុទ្រថៃផងដែរ គឺមានកម្ពស់រហូតដល់ ៤១៨ ម៉ែត្រពីនីវូទឹក។

កោះនេះព័ទ្ធទៅដោយឆ្នេរខ្សាច់ដ៏ស្រស់ស្អាតប្រៀបដូចឋានសួគ៌ ចំនួន ០៦ កន្លែង។ ឆ្នេរចម្ការដូងទី១ មានប្រវែងដល់ទៅ ១,៨០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី២ លាតសន្ធឹងលើដីប្រវែង ២,០៥០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី៣ ប្រវែង ៧០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី៤ ប្រវែង ៩០០ ម៉ែត្រ។ ឆ្នេរចម្ការដូងទី៥ ប្រវែង ៧៥០ ម៉ែត្រ និងឆ្នេរចម្ការដូងទី៦ ប្រវែង ៦៥០ ម៉ែត្រ។

នៅជុំវិញកោះ មានសត្វផ្សោតសមុទ្រ មានពណ៌ស និងខ្មៅ ជាច្រើនមកហែលលេងប្រលែង និងឆ្នេរខ្សាច់ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ១០ និងសាមសិបនាទី និងពេលល្ងាច ចាប់ពីម៉ោង ១៥ ដល់ម៉ោង ១៧ ល្ងាច។

នៅលើកោះ មាន ទឹកជ្រោះភ្នំដ៏ស្រស់បំព្រង ១០ កន្លែង ដែលមួយកន្លែងៗ អាចមានរហូតដល់ ៣០ ជាន់ កម្ពស់ពី ៦ ម៉ែត្រ ទៅ ២៥ ម៉ែត្រ។ សព្វថ្ងៃនេះ តំបន់កោះកុងក្រៅ ស្ថិតនៅក្រោមការគ្រប់គ្រង របស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ៕

រូបភាពដោយ៖​ : Houl Chamnal, Ly Sombo

ប្រភព៖ មន្ទីរទេសចរណ៍ ខេត្តកោះកុង

សម្រួលអត្ថបទ៖​ ង៉ាន់ សុគុន​

Related Articles