We TV Cambodia

Street Food នៅទីក្រុងហូជីមិញដែលអ្នកមិនគួររំលងបើបានទៅលេង

Street Food នៅទីក្រុងហូជីមិញដែលអ្នកមិនគួររំលងបើបានទៅលេង

ទោះ​បី​ជា​ប្រភេទ​អាហារ​ខ្លះ​មាន​តម្លៃ​មិន​ដល់​១​ដុល្លារ​ក៏ដោយ តែ​រសជាតិ​គឺ​ឆ្ងាញ់​មិន​អាច​បំភ្លេច​បាន បើ​មិន​បាន​ភ្លក់​ប្រាកដ​ជា​ស្ដាយ​ក្រោយ​ពេល​ទៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម។

១. ខ្យង​គ្រប់​ប្រភេទ

បើ​និយាយ​ពី​ខ្យង​គឺ​គ្មាន​កន្លែង​ណា​ឆ្ងាញ់​ និង​ធូរថ្លៃ​ដូច​នៅ​ទីក្រុងនេះ​​ឡើយ។ ដោយ​ចាប់​ផ្ដើម​ពី​តម្លៃ​១​ដុល្លារ ដល់​៥​ដុល្លារ​អ្នក​អាច​ទទួល​ទានដូច​ជា​ខ្យង​ឆា​អំពិល​ជូរ​ផ្អែម ខ្យង​ក្រឡុង​ពង​ទា​ប្រៃ និង​ខ្យង​ឆា​ត្រកួន​ជា​ដើម។

២. ផាក​ឡូវ

ចាប់​ផ្ដើម​លក់​ដោយ​ជនជាតិ​ចិន សម្រាប់​ជនជាតិ​ចិន​នៅទីក្រុង​សាយហ្គន តែ​យូរ​ៗ​ទៅ​ ម្ហូប​ប្រភេទ​នេះ​គឺ​មិន​អាច​ខ្វះ​បាន​សម្រាប់​ជនជាតិ​វៀតណាម។ ផាកឡូវ​នៅ​ទីនេះ​ត្រូវ​បាន​ធ្វើ​ដោយ​មាន​ទឹក​រាង​ខាប់ និង​ជ្រលក់​​ញ៉ាំ​នឹង​នំប៉័ង។ តម្លៃ​លក់​ចាប់​ផ្ដើម​ពី ០.៥ ទៅ​ ២​ដុល្លារក្នុង​មួយ​ចាន។

៣. បាយ​ស្រូប

​អាហារ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​អ្នក​ធ្វើ​ការ​នៅ​ទីក្រុង​ហូជីមិញ ដោយ​គ្រាន់​តែ​បាយ​មួយ​ចាន នឹង​ជួយ​ឲ្យ​ពួក​គេ​ឆ្អែត​ដល់​ថ្ងៃ។ បាយ​ស្រូប​នៅ​ទីនេះ​រួម​មាន​​ឆ្អឹង​ជំនីជ្រូក ស្បែក​ជ្រូក ប្រហិត​ពងទា ញ៉ាំ​ជាមួយ​ទឹក​ត្រី​ជ្រក់។ តម្លៃ​ចាប់​ពី​១​ដុល្លារ​ឡើង។

៤. តែ​គុជ

ខណៈ​នៅ​បណ្ដា​ប្រទេស​ដទៃ តែ​គុជ​ត្រូវ​បាន​លក់​នៅ​ហាង​ធំៗ និង​មាន​តម្លៃ​រាង​តឹង​បន្តិច​នោះ តែ​គុជ​នៅ​ហូជីមិញ ត្រូវ​បាន​លក់​នៅ​គ្រប់​បណ្ដា​ផ្លូវ​តូច​ធំ​ទាំង​អស់ និង​មាន​រសជាតិ​មិន​ចាញ់​ហាង​ធំ​ឡើយ។ គុជ​នៅ​ទីនេះ​ភាគ​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​លក់​ផ្ទាល់ តម្លៃ​តែ​គុជ​១​កែវ​ចាប់​ផ្ដើម​ពី​ ០.៥​ដុល្លារ។

៥. បាញ់​ត្រាង​ក្រឡុក

​បាញ់​ត្រាង​ក្រឡុក​នៅ​ទី​នេះ​រួម​មាន​បាញ់​ត្រាង ងៀត​គោ សាច់​ផាត់ ស្វាយ​សាប់ ពង​ក្រួច ខ្ទឹម​បំពង ជី និង​ទឹក​ជ្រលក់។ អ្នក​អាច​ឲ្យ​អ្នក​លក់​​ក្រឡុក​ឲ្យ​ក៏​បាន ឬ​ក្រឡុក​ខ្លួន​ឯង​ក៏​បាន​បើ​មិន​ទាន់​ទទួល​ទាន​ភ្លាម​ៗ។ ទោះ​មាន​គ្រឿង​ផ្សំ​ច្រើន​ក៏​ដោយ តែ​មុខ​ម្ហូប​នេះ​មាន​តម្លៃ​ចាប់​ពី១​ដុល្លារ​ប៉ុណ្ណោះ។

៦. នំ Flan

ត្រូវ​បាន​បន្សល់​ទុក​ដោយ​ជនជាតិ​បារាំង នៅ​ពេល​នេះ នំ Flan គឺ​ជា​នំ​ដែល​ប្រជាជន​វៀតណាម ក៏ដូច​ជា​ភ្ញៀវ​ទេសចរណ៍​ពេញ​ចិត្ត​ជា​ខ្លាំង។ នំ​នេះ​គឺ​ញ៉ាំ​ត្រជាក់​ដោយ​អាច​ស្រោច​សូកូឡា ឬ​កាហ្វេ ដោយ​ដាក់​ទឹក​កក​ម៉ដ្ឋ​ថែម​ពីលើ។ តម្លៃ​ចាប់​ពី ០.៧៥ដុល្លារ​ឡើង​ទៅ។

៧. សាច់​ចង្កាក់​អាំង

សាច់​គ្រប់​ប្រភេទ​ពី​សាច់​គោ សាច់​ជ្រូក គ្រឿង​សមុទ្រ ត្រូវ​បាន​ដោត​ចង្កាក់ និង​ផ្សំ​គ្រឿង​យ៉ាង​មុត និង​អាំង​នៅ​កន្លែង​ភ្លាមៗ ក្ដៅ​ៗ​ហុយៗ។ តម្លៃ​មួយ​ចង្កាក់​ចាប់​ពី ០.២៥​ដុល្លារ​ឡើង។

ប្រែសម្រួល៖ គឹមសួ

Related Articles