លោកឧកញ្ញ៉ា តែ តាំងប៉ ប្រធានសហព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា បានលើកឡើងថា ការនាំចូលផលិតផលក្រៅស្រុក ដោយគ្មានការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពទាក់ទងនឹងការបង់ពន្ធ វាអាចនឹងបង្កផលប៉ះពាល់ដល់ផលិតផលក្នុងស្រុកដែលផលិតក្នុងតម្លៃខ្ពស់។ ដោយស្ថិតក្នុងកម្មវិធីគម្រោងអភិវឌ្ឈន៍ឧស្សាហកម្មសម្រាប់ឆ្នាំ ២០១៥ ដល់ ២០២៥ រដ្ឋាភិបាល មានគោលបំណងបង្កើនផលិតផលក្នុងស្រុក ពីព្រោះ ប្រទេសកម្ពុជាជាប្រទេសកសិកម្មសំបូរទៅដោយ វត្ថុធាតុដើមសម្រាប់ផលិតកម្មក្នុងស្រុក។
លោកឧកញ្ញ៉ា តែ តាំងប៉ “ការអនុញ្ញាតឲ្យនាំចូលទំនិញពីបរទេសដែលមានតម្លៃថោកជាង ផលិតផលក្នុងស្រុក ដែលក្នុងទម្រង់រូបភាពជាការដាក់តាំងបង្ហាញពិព័រណ៍ ការលក់ វាកំពុងតែបិទដង្ហើមទីផ្សារទំនិញក្នុងស្រុក និង កំពុងតែសម្លាប់សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា។ ខ្ញុំសូមអំពាវនាវដល់ក្រសួង ស្ថាប័ណដែលផ្តល់អាជ្ញាប័ណ្ណសម្រាប់ការតាំងពិព័រណ៍ផលិតផលបរទេស ដើម្បីពង្រឹងលក្ខខណ្ឌ និង រឹតត្បិតការនាំចូលផលិតផលក្រៅស្រុក ដោយធានាថារាល់ផលិតផលដែលបាននាំចូលសម្រាប់ការតាំងពិពណ៌នៅក្នុងស្រុក ត្រូវបញ្ជូនពួកត្រលប់ទៅវិញបន្ទាប់ពីបញ្ចប់ការតាំងពិពណ៌ ឬបង់ពន្ធមុនពេលអនុញ្ញាតឲ្យពួកគេចូលមក”។
ផលិតផល ដែលបាននាំចូលមកដាក់តាំងពីព័រណ៍ នៅកម្ពុជាបច្ចុប្បន្ន ឃើញមកពីបណ្ដាប្រទេសចំនួន២ គឺវៀតណាម និង ថៃ មានច្រើន។
យោងតាមការលើកឡើងរបស់ ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការដាក់តាំងបង្ហាញពិព័រណ៍បរទេស គឺមិនត្រូវហាមឃាត់នោះទេ ព្រោះថាផលិតផលកម្ពុជា ក៏ត្រូវបានអនុញ្ញាតឲ្យដាក់តាំងបង្ហាញនៅខាងក្រៅស្រុកដែរ។ ចំណែកក្រសួងក៏បានរឹតបណ្ដឹងនូវ ច្បាប់នាំចូល លើមុខទំនិញ ដែលនឹងត្រូវដាក់តាំងបង្ហាញ។ ក្នុងឱកាសនៃការដាក់តាំងបង្ហាញផលិត ដូចជាទំនិញល្បីៗរបស់ប្រទេសថៃ ក៏ភាគច្រើន ជាប្រភេទទំនិញដែលផលិត ក្នុងប្រទេសកម្ពុជា ហើយទំនិញខ្លះទៀត ក៏ត្រូវបាននាំចូលមកមុនផងដែរ ដោយការបង់ពន្ធ។ ទាក់ទងនឹងការផ្សព្វផ្សាយផលិតផលក្នុងស្រុក ក្រសួងក៏បានរៀបចំការតាំងពិព័រណ៍ផលិតផលមួយ ខេត្តមួយជាប្រចាំឆ្នាំ ដែលប្រជាជនកម្ពុជាបានចាប់ផ្តើមងាកមករកផលិតផលក្នុងស្រុកវិញ ហើយយុត្តិធម៌ គឺជាកត្តាសំខាន់ក្នុងការផ្សព្វផ្សាយផលិតផលខ្មែរ។
ដោយ៖ Stince
