We TV Cambodia

Link Previews អាចជាបញ្ហាដល់ឧបករណ៍បច្ចេកវិទ្យារបស់លោកអ្នក

Link Previews អាចជាបញ្ហាដល់ឧបករណ៍បច្ចេកវិទ្យារបស់លោកអ្នក

សម្រួលអត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

បើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា ទោះបីជាការវិវឌ្ឍន៍នៃបច្ចេកវិទ្យាបានធ្វើឱ្យការរស់នៅរបស់យើងកាន់តែល្អប្រសើរឡើងយ៉ាងណាក្តី ប៉ុន្តែវាក៏អាចជាបញ្ហាដល់អ្នកប្រើប្រាស់ផងដែរ ប្រសិនបើលោកអ្នកមិនមានការប្រុងប្រយ័ត្នទេនោះ។ ដូច្នេះហើយបានជា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាតែងតែ ស្វែងរកអត្ថបទល្អៗទាក់ទងនឹងសុវត្ថិភាពបច្ចេកវិទ្យាមកចែករំលែកដល់បងប្អូន ដើម្បីបង្កើនចំណេះដឹងផ្នែកបច្ចេកវិទ្យាក៏ដូចជាដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាទាំងអស់នេះផងដែរ។

ដូចជានាពេលថ្មីៗនេះអ្នកស្រាវជ្រាវសន្តិសុខបច្ចេកវិទ្យា លោក Talal Haj Bakry និងលោក Tommy Mysk បានផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គម Twitter របស់ពួកគេដើម្បីណែនាំអ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នជាមួយនឹងមុខងារ Link Previews ដែលមាននៅក្នុងកម្មវិធីទំនាក់ទំនងបណ្ដាញសង្គមមួយចំនួន។ សម្រាប់លោកអ្នកដែលពុំទាន់បានដឹងអំពីពាក្យបច្ចេកទេស Link Previews គឺគេប្រើសំដៅទៅលើមុខងារ ដែលអាចឱ្យអ្នកដែលទទួលសារ អាចមើលឃើញព័ត៌មាននៅពេលដែលពួកគេទទួលបានតំណភ្ជាប់ (Links) ណាមួយដោយមិនចាំបាច់ចុចនៅលើតំណភ្ជាប់នោះ។

ដើម្បីផ្ដល់មុខងារ Link Previews ក្រុមហ៊ុនអាចប្រើវិធីមួយក្នុងចំណោមវិធីចំនួន៣ដូចតទៅ៖ វិធីទីមួយគឺឧបករណ៍អ្នកផ្ញើជាអ្នកប្រមូលព័ត៌មានដែលមាននៅក្នុងតំណភ្ជាប់ហើយផ្ញើទៅឱ្យអ្នកទទួល។ វិធីនេះក្រុមអ្នកស្រាវជ្រាវបានរកឃើញថាមានសុវត្ថិភាពបំផុតសម្រាប់អ្នកទទួល ព្រោះថាវាទាមទារឱ្យឧបករណ៍របស់អ្នកផ្ញើបើកតំណភ្ជាប់មុននោះ។

វិធីទីពីរគឺឧបករណ៍អ្នកទទួលជាអ្នកប្រមូលព័ត៌មាន ដែលវិធីនេះអាចនាំឱ្យមានការបែកធ្លាយនូវលេខសម្គាល់ទីតាំង (IP Address) ព្រោះវាតម្រូវឱ្យឧបករណ៍របស់អ្នកទទួលត្រូវផ្ដល់នូវលេខសម្គាល់ទីតាំងទៅឱ្យកុំព្យូទ័រ server ដើម្បីទទួលបានទិន្នន័យមកវិញ។

វិធីទីបីនិងដែលជាវិធីចុងក្រោយនោះគឺ ក្រុមហ៊ុនអាចឱ្យកុំព្យូទ័រ server ជាអ្នកប្រមូលព័ត៌មានទាំងអស់ ហើយបញ្ជូនទៅឱ្យអ្នកទទួល ប៉ុន្តែអ្វីដែលមិនល្អនៅក្នុងវិធីនេះគឺ កុំព្យូទ័រ server របស់ក្រុមហ៊ុនបានប្រមូលព័ត៌មានដែលលោកអ្នកបានផ្ញើ ដែលនេះវាផ្ទុយទៅនឹងមុខងាររបស់ end-to-end encryption ដែលជាមុខងារដ៏សំខាន់បំផុតនៅក្នុងការផ្ញើសារតាមរយៈបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ៕

ប្រភព៖  នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

 

Related Articles