We TV Cambodia

ជីវិតរបស់សត្វឃ្មុំ

ជីវិតរបស់សត្វឃ្មុំ

ក្នុង​ចំណោម​សត្វ​ល្អិត​ទាំង​អស់​ គ្មាន​សត្វ​ណា​ដែល​មាន​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​ជាង​សត្វ​ឃ្មុំ​ឡើយ ហើយក៏គ្មានសត្វល្អិតណារស់នៅស្អាតជាងសត្វល្អិតឃ្មុំដែរ។ នៅលើពិភពលោកមានឃ្មុំជាង ២០ ម៉ឺនប្រភេទ។ សត្វល្អិតឃ្មុំ មានអាយុកាលប្រមាណជា ៤៥​ លានឆ្នាំមកហើយ គេអាចស្មានដឹងថា ឃ្មុំអាចកើតមានតាំងពី២០០ លានឆ្នាំមុនម្លេះ។

រូបតំណាង

រាប់​សតវត្ស​មក​ហើយ​ដែល​មនុស្ស​បាន​ចិញ្ចឹម និង​ទាញ​យក​ប្រយោជន៍ពី​សត្វ​ល្អិត​ប្រភេទ​នេះ ។ បច្ចុប្បន្នភាព គេអាចប្រមូលយកទឹកឃ្មុំបានតាមវិធី ២យ៉ាង ដូចជា ប្រមូលយកពីក្នុងព្រៃ​ និងប្រមូលយកមកពីកន្លែងគេចិញ្ចឹម។​

រូបតំណាង

ទឹកឃ្មុំ ជាស្ករមានលក្ខណៈជាធម្មជាតិ មានរសជាតិឆ្ងាញ់ពិសារ សម្បូរទៅដោយកាបូហាយដ្រាត ( Cabonhydrates) ដែលជាសារធាតុផ្ដល់នូវកម្លាំង និងថាមពលដល់រាងកាយមនុស្ស។ ជាពិសេស ទឹកឃ្មុំមានប្រសិទ្ធិភាពយ៉ាងខ្ពស់បំផុតក្នុងការផ្ដល់ថាមពលភ្លាមៗដល់រាងកាយ កាត់បន្ថយនូវភាពនឿយហត់របស់សាច់ដុំ។ វាជួយការពារកុំឲ្យហត់នឿយខ្លាំងសម្រាប់អ្នកកីឡា អ្នកហាត់ប្រាណ ដោយវាបឺតយកសារធាតុគ្លុយកូស ( Glucose) អាចឲ្យខ្លួនប្រាណយើងបឺតយកយ៉ាងឆាប់រហ័ស បន្ទាប់មក វាអាចជួយបង្កើនកម្លាំងដល់យើងបានភ្លាមៗ។ ចំណែឯសារធាតុមួយទៀតដែលមានក្នុងទឹកឃ្មុំផងដែរនោះ ហៅថា ហ្វ្រាក់តូស ( Fractose) ធ្វើការយឺតៗ ដែលជួយផ្តល់ឲ្យយើងនូវកម្លាំងជាបន្តបន្ទាប់។ ម្យ៉ាងទៀត ទឹកឃ្មុំមានចំណែកជួយគ្រប់គ្រងជាតិស្ករក្នុងរាងកាយបានល្អប្រសើរជាងសារធាតុផ្សេងៗទៀត។ សារធាតុចិញ្ចឹមដែលមានក្នុងទឹកឃ្មុំ ផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរាងកាយ ដូចជា  ស្បែកភ្លឺស្រស់ថ្លា ជួយសម្រកទម្ងន់ ជួយឲ្យចង្វាក់បេះដំណើរការល្អ ជួយបង្កើនការចងចាំកាន់តែប្រសើរ ជួយឲ្យគេងបានស្ងប់ បញ្ចុះសំពាធឈាម រក្សាលំនឹងជាតិស្ករនៅក្នុងឈាម សម្រួលដល់ការរំលាយអាហារ កាត់បន្ថយកំរិតជាតិខ្លាញ់អាក្រក់ក្នុងខ្លួន និងសម្រួលដល់ចលនាសាច់ដុំ។

រូបតំណាង

ក្រៅពីនេះ ប្រសិនលោកអ្នកមានចម្ការ យើងអាចទាញយកផលប្រយោជន៏ពីការចិញ្ចឹមឃ្មុំក្នុងចម្ការបានច្រើនណាស់ ដូចជា ទី១ ជួយឲ្យឃ្មុំបង្កាត់អំលងញីឈ្មោលរបស់ដំណាំ​ដើម្បីឲ្យវាមានផ្លែផ្កាច្រើន។​ ទី២ បានទទួលទឹកឃ្មុំពីឃ្មុំដែលចិញ្ចឹម ក្នុងនោះឃ្មុំជួយកាត់បន្ថយការយាយីពីសំណាក់សត្វល្អិតផ្សេងៗពេលដំណាំចេញផ្លែផ្កា។​

នៅក្នុងប្រទេសកម្ពុជា គេបែកចែកឃ្មុំជា ៤ ប្រភេទ ក្នុងនោះមាន ៣ ប្រភេទជាពូជក្នុងស្រុក និង ១ ប្រភេទមកពីប្រទេសក្រៅ។ ប្រភេទទី១ ឃ្មុំផ្លិត ដែលភាគច្រើនវារស់នៅតាមវាលទំនាប ភ្នំ និងស្ទើរតែគ្រប់ទីកន្លែង។ ពួកវាមានសំបុកតូចៗ ហើយពួកវាធ្វើភាគច្រើនសំបុកក្រោមមែកឈើ ឬព្រៃរបោះ ព្រោះថា ពួកវាបំលាស់ទីញឹកញាប់ ប្រសិនបំបុក ឬកន្លែងវារស់នៅមិនសូវអំណោយផល។

រូបតំណាង

ប្រភេទទី២ ឃ្មុំចង្អេរ ដែលពួកវារស់នៅតាមតំបន់ភ្នំ និងវាលទំនាប។​ ឃ្មុំប្រភេទនេះ គឺកាចណាស់ បើវាដេញទិច ពួកវាដេញទិចទាំងសំបុក។ ពួកវាមានសំបុកធំ ហើយភាគច្រើនពួកវាធ្វើសំបុកនៅលើដើមឈើខ្ពស់ៗ ក្នុងព្រៃស្ដុកដាច់ឆ្ងាយពីមនុស្ស។ វាបំលាស់ទីទៅធ្វើសំបុកនៅតំបន់ភ្នំ នៅរដូវប្រាំង ហើយផ្លាស់មកវាលទំនាប នៅរដូវវស្សា។

រូបតំណាង

ប្រភេទទី៣ ឃ្មុំព្រួតឬពង្រួត ដែលជាប្រភេទឃ្មុំគេតែងយកមកចិញ្ចឹមនាពេលបច្ចុប្បន្ន។​ និងប្រភេឬទី៤ ជាឃ្មុំអឺរ៉ុប មានដើមកំណើតនៅទ្វីបអាព្រិច។

ឃ្មុំ វិវត្តក្នុង ៤ ដំណាក់កាល។​ ដំបូងវាបង្កជាពង​ (ស៊ុត) បន្ទាប់មក ជាចេញរូបរាងជាកូនដង្កូវ បន្ទាប់មកទៀតជាដុកឌឿ និងចុងក្រោយ​វាក្លាយជាឃ្មុំពេញវ័យ។ ក្នុងការបង្កាត់ពូជ វាស្វែងរកកន្លែងស្អាតដែលអាចពងបាន ហើយវាពងចំនួនតែមួយប៉ុណ្ណោះ មានរូបរាងស៊ីឡាំង និងពណ៌ស។ ក្នុងពងរបស់វា មាន ២ ប្រភេទ ដោយពងមួយអាចញាស់ក្លាយជាឃ្មុំកម្មករ ពោលគឺវាអាចជាមេឃ្មុំ មួយចំណែកទៀត ញាស់ក្លាយជាឃ្មឈ្មោល។

រូបតំណាង

ប្រភពជីវជាតិចម្បងរបស់ឃ្មុំ គឺទឹកដមផ្កា ផ្កា និងលំអងផ្កា។

ឃ្មុំ​អាច​ហើរ​បាន ១៥ម៉ាយ/ម៉ោង (២៤,១៤​គីឡូម៉ែត្រ/ម៉ោង)។ ស្លាប​ដ៏​តូច​ល្អិត​របស់​ពួក​វា​បក់​ពី ១២០០០ ទៅ ១៥០០០​ដង​ក្នុង​មួយ​នាទី​ដោយ​គ្រាន់​តែ​ដើម្បី​យោង​ខ្លួន​ដ៍​តូច​ពោរពេញ​ទៅ​ដោយ​លំអង​ផ្កា​អាច​ហើរ​ខ្ពស់​ល្មម​គ្រប់​គ្រាន់​ក្នុ​ងការ​ធ្វើ​ដំណើរ​មក​ផ្ទះ​វិញ។

រូបតំណាង

 ក្នុង​មួយ​សម្បុក​មាន​ឃ្មុំ​ចាប់​ពី ៦ម៉ឺន​ក្បាល​ឡើង​ទៅ។ ជា​ធម្មតា​ក្នុង​មួយ​សម្បុក​​មាន​ឃ្មុំ​ចាប់​ពី​ ២ម៉ឺន​-៦ម៉ឺន​ក្បាល​ឡើង​ទៅ​។ ឃ្មុំដែល​មាន​តួនាទី​ជា​អ្នក​ថែទាំ​កូន​ដង្កូវ​បំពេញ​ការងារ​របស់​ខ្លួន ខណៈ​ដែល​ឃ្មុំ​ដែល​ហែរហម​ស្ដេច​ជួយ​សំអាត​ និង​ផ្ដល់ចំណី​ដល់​ស្ដេច។ ឆ្មាំ​រង​ចាំ​ការពារ​នៅ​មាត់​ច្រក​ចេញ​ចូល អ្នក​សាង​សង់ប្រើ​ជាតិ​ជ័រ​ដែល​រក​បាន​ដើម្បី​រូតរះ​សង់​សម្បុក​សម្រាប់​ស្ដេច​ដាក់​ពង កម្មករ​ដទៃ​ទៀត​មើល​ថែ​ និង​ផ្ងំទឹក​ឃ្មុំ អ្នក​សំអាត/អ្នក​កប់​ខ្មោចពាំ​សាកសព​ឃ្មុំ​ដែល​ងាប់​ទៅ​ចោល​ក្រៅ​សម្បុក រី​អ្នក​រក​ចំណី​នាំលំអង​ និង​ទឹក​ដម​មក​ដាក់​ក្នុង​សម្បុក (cell) ជា​ចំណី​ដល់​សមាជិក​ទាំង​អស់។

រូបតំណាង

ឃ្មុំ​មួយ​ក្បាល​អាច​ផលិត​ទឹក​បាន​ចំណុះ​ ១/១២​នៃ​ស្លាបព្រា​កាហ្វេ។ ចាប់​ពី​រដូវ​ផ្ការីក​រហូត​ដល់​រដូវ​រងារ​ ឃ្មុំ​ចាំ​បាច់​ត្រូវ​ផលិត​ទឹក​ឃ្មុំ​ឱ្យ​បាន​យ៉ាង​ហោច​ណាស់ ៦០ផោន ( ២៧,២៦គ.ក) ដើម្បី​ភាព​រស់រាន​របស់​សង្គម​វានៅ​រដូវ​ត្រជាក់។ វា​ត្រូវ​ការ​ឃ្មុំ​រាប់​​ម៉ឺន​ក្បាល​ដើម្បី​ធ្វើ​ការងារ​នេះ។

ស្ដេច​ឃ្មុំ​មាន​ទឹក​កាម​ផ្ទុក​ក្នុង​ខ្លួន​ពេញ​មួយ​ជីវិតដោយ​គ្រាន់​តែ​រួម​ភេទ​តែ​ម្ដង​គត់់​ក្នុង​មួយ​ជីវិត​របស់​ស្ដេច​ឃ្មុំ ស្តេចឃ្មុំមាន​ទឹក​កាម​គ្រប់​គ្រាន់​ដែល​រក្សា​ទុក​ក្នុង​ស្បូន​ដើម្បី​ប្រើ​ប្រាស់​ផ្សំ​គ្នា​ជា​មួយ​អូវ៉ុល​ផលិត​បាន​ពង​សម្រាប់​និរន្តន៍ភាព​នៃ​សង្គម​របស់​ឃ្មុំ។ ក្នុង​មួយ​ជីវិត​របស់​ស្ដេច​ដែល​មាន​រយៈ​ពេល ៣-៥​ឆ្នាំ (ឯកសារ​ខ្លះ​ថា​អាច​រស់​ដល់ ៦ ទៅ ៨​ឆ្នាំ) ស្ដេច​នឹង​ពង​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​របស់​ខ្លួន។ មួយ​សប្ដាហ៍​បន្ទាប់​ពី​ញាស់​ ស្ដេចឃ្មុំ ​ត្រូវ​ការ​រក​ឈ្មោល​ដើម្បី​រួម​ភេទ​ឱ្យ​ខាង​តែ​បាន មិន​ដូច្នេះ​ទេ រយៈ​ពេល​ ២០​ថ្ងៃ​បន្ទាប់​ស្ដេច​នឹង​ត្រូវ​បាត់​បង់​លទ្ធភាព​រួម​ភេទ​ជា​ស្ថាពរ។

ស្ដេចអាចពងបាន ជាង២០០០ពង ក្នុងមួយថ្ងៃ។ ត្រឹម​តែ​រយៈ​ពេល ៤៨​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​រួម​ភេទ​រួច ស្ដេច​ឃ្មុំចាប់​ផ្ដើម​ការងារ​ដែល​ត្រូវ​រវល់​មួយ​ជីវិត​គឺ​ពង​រាល់​ថ្ងៃ​ដែល​ជា​មធ្យម​វា​អាច​ពង​បាន​ពី ១៥០០-២០០០ពង។ ក្រោយ​ពី​ពង​រួច​ឃ្មុំ​កម្ម​ករ​ទាំង​ឡាយ​ជា​អ្នក​ថែរក្សា និង​ចាត់​ចែង​បាយ​ទឹក​ដល់​កូនៗ​ទាំង​នោះ។ មួយ​ជីវិត​របស់​ស្ដេចឃ្មុំ​អាច​ពង​បាន​រហូត​ដល់ ១​លាន​ពង។

ឃ្មុំ​ឈ្មោល​នឹង​ស្លាប់​បន្ទាប់​ពី​បង្កាត់ជាមួយស្តេចឃ្មុំ(queen)​។ ​វា​ជា​ធម្មជាតិ​របស់​សត្វ​ឃ្មុំ​។ មួយ​សប្ដាហ៍​បន្ទាប់​ពី​ញាស់​ភ្លាម អាឈ្មោល​ត្រៀម​លក្ខណៈ​ជា​ស្រេច​សម្រាប់​ការ​បន្តពូជ។

ឃ្មុំ​កម្មករ​ទៅ​រក​ផ្កា​ជាង​២ពាន់​ជារៀង​រាល់​ថ្ងៃ។ ជាទូទៅ​ឃ្មុំ​កម្មករ​មិន​អាច​ទៅ​យក​លម្អង​ពី​ផ្កា​រាប់​ពាន់​ឱ្យ​​រួចតែ​ម្ដង និង​ត្រឡប់​ទៅ​សំបុកវិញ​បានឡើយ។ វា​ត្រូវ​ទៅ​រក​ម្ដង ៥០-១០០​ផ្កា​រួច​ជញ្ជូន​លម្អងមក​សិន ហើយ​វា​ធ្វើ​ការងារ​បែប​នេះ​សារ​ចុះ​ឡើង​ទម្រាំ​គ្រប់​។ ក្នុង​រយៈ​ពេល​ ៣​សប្ដាហ៍​នៃ​ការងារ​នេះ ឃ្មុំ​ធ្វើ​ការ​យ៉ាង​ហត់​នឿយ និង​អាច​ហោះ​បានប្រហែល​៨០៤,៦៧គីឡូម៉ែត្រ

ឃ្មុំ​ជា​សត្វ​​ស្អាតបំផុត។ ឃ្មុំ​កម្មករ​មាន​តួនាទី​ជាអ្នក​សម្អាត​នឹង​ពាំឃ្មុំជិតងាប់​ទៅ​ទម្លាក់​ចោល​ក្រៅសម្បុក។ ឃ្មុំ​ខ្លះ​វា​ដឹង​ខ្លួន​វា​ជិត​ងាប់​វា​ហើរ​ទៅ​ខាង​ក្រៅ​រួច​ជា​ស្រេច ឬ​ក៏​ពួក​កម្មករ​នឹង​ពាំ​ឃ្មុំ​ណា​ដែល​ពិការ ឬ​ជិត​ងាប់​ចោល​បាត់​ទៅ​ហើយ​។ កុំ​ថាឡើយ​ដល់​ងាប់​ក្នុង​សម្បុក សូម្បី​បត់​ដៃ​បត់​ជើង​ក៏​វា​ទៅ​ក្រៅ​សម្បុក​វា​ដែរ លើក​លែង​ស្ដេច​​បន្ទោរបង់​នៅ​ក្នុង​សម្បុក ​បន្ទាប់​ពី​នោះ​បរិវារ​អ្នក​ចាត់​ចែង​សម្អាតយ៉ាង​ត្រឹម​ត្រូវ។​

រូបតំណាង

ភ្នាក់ងារដំណើរលំអង។ វាមានតួរនារីជួយអោយដំណើរលំអងរុក្ខជាតិ​ ដែលធ្វើអោយមានផ្លែឈើជាច្រើន ការដែលអវត្តមានឃ្មុំធ្វើអោយកសិផលទទួលទិន្នផលទាប។​

ប្រភព: ជីវៈ​ចំម្រុះនៃប្រទេសកម្ពុជា និង បច្ចេកទេសចិញ្ចឹមឃ្មុំ

ចុចអានបន្ត៖ រឿងទាំងនេះនឹងកើតឡើងចំពោះរាងកាយអ្នក ពេលអ្នកបរិភោគទឹកឃ្មុំរាល់ថ្ងៃ

រៀនយ៉ាងម៉េច ទើបមិនងាយបរាជ័យ

អត្ថបទ៖ ង៉ាន់ សុគុន​

Related Articles