
ដោយៈ ទិន សុខាវុធ
ស្ថាប័នអន្តរជាតិ International Monetary Fund ហៅកាត់ថា IMF បានស្នើអោយរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យលទ្ធភាពដំឡើងពន្ធលើអចលនទ្រព្យ ដើម្បីដោះស្រាយគំលាតជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស គំលាតរវាងអ្នកមាននិងអ្នកក្រ។
យោងតាមការបាយការណ៍របស់ IMF នៅពេលបច្ចុប្បន្ននេះ ចំណូលបានមកពីការប្រមូលពន្ធលើអចលនទ្រព្យ មានប្រមាណតែ ០.១% នៃទំហំទឹកប្រាក់ GDP សរុបតែប៉ុណ្ណោះ គឺទាបជាងចំណូលបានមកពី VAT (១៧%) ទៅទៀត។
អាស្រ័យហេតុនេះ IMF បានលើកឡើងថា ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជាតំលើងពន្ធលើអចលនទ្រព្យ ដោយប្រើប្រាស់ប្រព័ន្ធថ្មី ប្រការនេះនឹងជួយបង្កើនថវិកាជាតិ ដែលអាចត្រួវយកទៅប្រើប្រាស់សំរាប់ប្រយោជន៍របស់ប្រជាពលរដ្ឋភាគច្រើន។ ជាលទ្ធផល គំលាតជីវភាពរវាងប្រជាពលរដ្ឋកម្ពុជា នឹងត្រូវកាត់បន្ថយ។
IMF បានបន្ថែមទៀតថា ចាប់ពីឆ្នាំ ១៩៩៧ មកដល់ឆ្នាំ ២០១២ រាជរដ្ឋាភិបាលកម្ពុជាបានបំពេញតួនាទីយ៉ាងល្អ ដោយបានកាត់បន្ថយវិសមភាពរវាងប្រជាពលរដ្ឋកម្ពុជាពី ៤០.៤% អោយមកនៅត្រឹមតែ ២៩% តែប៉ុណ្ណោះ។
ក៏ប៉ុន្តែ នៅចន្លោះឆ្នាំ ២០១២-២០១៥ តួលេខខាងលើនេះ ស្ថិតនៅតែដដែល ដោយគ្មានការផ្លាស់ប្តូរអ្វីទាំងអស់។ ដូចនេះ ប្រទេសកម្ពុជាត្រូវស្ថិតក្នុងលំដាប់ថ្នាក់ទាបជាងគេ នៅក្នុងចំណោមប្រទេសសមាជិក ASEAN ទាក់ទងទៅនឹងវិសមភាពរវាងអ្នកមាននិងអ្នកក្រ។
បើតាម IMF នៅពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍត្រូវបានធ្វើឡើងតែនៅតាមទីក្រុងប៉ុណ្ណោះ នៅពេលដែលប្រជាជនជាង ៨០% រស់នៅតាមតំបន់ជនបទ។ ហើយប្រាក់ចំណូលរបស់គ្រួសារនៅជនបទ មានប្រមាណត្រឹមតែ ៦០% នៃប្រាក់ចំណួលរបស់អ្នករស់នៅតាមទីក្រុងតែប៉ុណ្ណោះ។
មួយវិញទៀត IMF បានគូសបញ្ជាក់ថា ការតំលើងពន្ធលើអចលនទ្រព្យ មិនត្រឹមតែជួយបង្កើនថវិកាជាតិ សំរាប់យកមកប្រើប្រាស់ដើម្បីប្រយោជន៍រួមតែប៉ុណ្ណោះទេ វាក៏នឹងអាចជួយបន្ធូរបន្ថយចំណូលពីការយក VAT ដែលជាចំណូលពន្ធបានមកពីប្រជាពលរដ្ឋគ្រប់រូប មិនថាជាអ្នកមានឬអ្នកក្រឡើយ៕
