ដោយៈ ទិន សុខាវុធ
ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ថា IMF បានវាយតំលៃថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងខ្ពស់ជាងបណ្តាប្រទេសក្នុងតំបន់ នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះ។
យោងតាមរបាយការណ៍វាយតំលៃកំណើនសេដ្ឋកិច្ចរបស់ IMF ចេញផ្សាយជាសាធារណ នៅថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩ កន្លងទៅនេះ កំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ ២០១៩ នេះ ត្រូវស្ថិតក្នុងអត្រាកំណើនប្រមាណជា ៧% ។ ក៏ប៉ុន្តែ អត្រាកំណើននេះនឹងថយចុះបន្តិចវិញនៅក្នុងឆ្នាំ ២០២០ ពោលគឺនឹងត្រូវស្ថិតក្នុងរង្វង់ប្រមាណជា ៦.៨% ។
IMF បានបន្ថែមទៀតថា ទោះបីជានៅក្នុងឆ្នាំខាងមុខនេះ តួលេខនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានការថយចុះបន្តិចមែន តែបើប្រៀបធៀបទៅនឹងប្រទេសដទៃទៀតក្នុងតំបន់ កំណើនសេដ្ឋកិច្ចកម្ពុជាខ្ពស់ជាងបណ្តាប្រទេសទាំងនោះ។
បើតាម IMF នៅឆ្នាំ ២០២០ កំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី នឹងកើនឡើងដល់ ១% ប្រទេសវៀតណាម ៦.៥% ប្រទេសប្រ៊ុយណេ ៤.៧% ប្រទេសហ្វីលីពីន ៦.២% ប្រទេសឥណ្ឌូនេស៊ី ៥.១% ប្រទេសឡាវ ៦.៥% ប្រទេសមីយ៉ានម៉ា ៦.៣% ប្រទេសថៃ ៣% ប្រទេសម៉ាឡេស៊ី ៤.៤% ។
IMF បានពន្យល់ពីការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ ២០២០ ពី ៧% មកនៅត្រឹម ៦.៨% ថាមកពីការថយចុះនៃកំណើនសេដ្ឋកិច្ចពិភពលោក៕