
ដោយៈ ទិន សុខាវុធ
ក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៩ បានចុះផ្សាយនូវសេចក្តីថ្លែងការណ៍មួយ នៅលើទំព័រ Facebook របស់ក្រសួង ដោយសុំអោយសហភាពអឺរ៉ុប គិតគូពិចារណាពីជីវភាពរបស់កម្មការិនីកម្ពុជាជិត ១ លាននាក់ និងក្រុមគ្រួសាររបស់ពួកគេជាច្រើនលាននាក់ទៀត ជាប់ទាក់ទងនឹងប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប មុននឹងសំរេចចិត្តថាព្យួរឬមិនព្យួរប្រពន្ធអនុគ្រោះពន្ធ EBA នេះ។
«ក្នុងចន្លោះពេលដែលគណៈកម្មការអឺរ៉ុបចេញសេចក្តីសម្រេចចុងក្រោយរបស់ខ្លួន នៅខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ រាជរដ្ឋាភិបាលសង្ឃឹមថា គណកម្មការអឺរ៉ុបនឹងធ្វើការពិចារណាលើកិច្ចខិតខំប្រឹងប្រែង ប្រកបដោយសុឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តរាល់អនុសញ្ញាអន្តរជាតិទាំងអស់ ក្រោមលក្ខខណ្ឌអនុគ្រោះពន្ធ គ្រប់មុខទំនិញលើកលែងតែសព្វាវុធ-EBA ដែលអាចផ្តល់ផលប៉ះពាល់ដល់សង្គម ដល់កម្មការិនីប្រមាណជិតមួយលាននាក់ និងផលប៉ះពាល់ដោយប្រយោលដល់ក្រុមគ្រួសារនិងសាច់ញាតិ ដែលរស់នៅពឹងផ្អែកលើប្រាក់ឈ្នួលរបស់ពួកគេ» នេះជាសំណេររបស់នៅក្នុងសេចក្តីថ្លែងការណ៍ រប់សក្រសួងការបរទេស។
ទាក់ទងនឹងបញ្ហា EBA នេះ នៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) សរុបចំនួន ៦,៧៦២ នាក់ កាលពីថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា ប្រសិនបើសហភាពអឺរ៉ុប (EU) សំរេចព្យួរភាពអនុគ្រោះពន្ធ EBA សហភាពអឺរ៉ុបខ្លូនឯង ក៏នឹងខាតបង់ប្រាក់ជាច្រើន ដូចជាកម្ពុជាដែរ ពីព្រោះនៅពេលដែលទំនិញកម្ពុជាត្រូវជាប់ពន្ធ តំលៃនៃទំនិញទាំងនោះក៏នឹងត្រូវឡើងថ្លៃទៅតាមតំលៃពន្ធនោះដែរ។
មួយវិញទៀត កាលពីខែ មេសា ឆ្នាំ ២០១៩ បណ្តាគណបក្សនយោបាយមួយចំនួននៅអឺរ៉ុប ដែលជាសមាជិកនៃអង្គការអន្តរជាតិមួយមានឈ្មោះថា Centrist Democrats International (IDC-CDI) បានចុះផ្សាយនូវសេចក្តីសំរេចមួយនៅលើគេហទំព័ររបស់ពួកគេ ដោយសុំអោយសហគមន៍អឺរ៉ុបធ្វើការសំរេចចិត្តអោយបានត្រឹមត្រូវចំពោះបញ្ហាការផ្តល់ការអនុគ្រោះពន្ធ EBA ដល់កម្ពុជា។
សំរាប់បណ្តាគណបក្សនយោបាយទាំងនោះ កម្ពុជាជាប្រទេសមួយដែលទើបនឹងងើបចេញពីភ្នក់ភ្លើងនៃសង្គ្រាមស៊ីវិលអស់រយៈពេលជាងពីរទស្សវត្ស និងជាប្រទេសដ៏ក្រីក្រជាងគេមួយនៅក្នុងពិភពលោក។ ហើយកន្លងមក EBA បានដើរតួនាទីដ៏សំខាន់មួយ ក្នុងការផ្តល់អត្ថប្រយោជន៍ផ្សេងៗដល់ជនកម្ពុជារាប់លាននាក់។
យោងតាម IDC-CDI ប្រជាពលរដ្ឋកម្ពុជាប្រមាណជាមួយលាននាក់ ដែលជាកម្មករ-កម្មការិនីធ្វើការនៅក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ ដោយមានការអនុគ្រោះពាណិជ្ជកម្ម EBA នេះ ពួកគេបានទទួលនូវផលប្រយោជន៍ដែលជាប្រាក់កំរៃដ៏សមរម្យសំរាប់ពួកគេចិញ្ជឹមជីវិតនិងផ្គត់ផ្គង់ដល់ក្រុមគ្រួសាររបស់ពួកគេដែលរស់នៅតាមតំបន់ជនបទនានា។
គណបក្សនយោបាយទាំងនោះ ក៏បានលើកឡើងប្រកបដោយភាពសោមនស្សផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងជាខ្លាំងក្នុងការធ្វើតាមសេចក្តីស្នើសុំរបស់សហគមន៍អឺរ៉ុប ហើយក៏បានបំពេញនូវកាតព្វកិច្ចរបស់ខ្លួនផងដែរ ក្នុងការអនុវត្តនូវសន្ធិសញ្ញរបស់អង្គការសហប្រជាជាតិនិងអង្គការពលកម្មអន្តរជាតិ (ILO) ចំនួន ១៥ ទាក់ទងនឹងការពង្រីកនូវសិទ្ធ នយោបាយ សេដ្ឋកិច្ច ការងារ ក៏ដូចជាសេរីភាពទាំងឡាយនៅក្នុងប្រទេសកម្ពុជាផងដែរ។
លើសពីនេះទៀត បណ្តាគណបក្សនយោបាយទាំងនោះ បានបន្ថែមទៀតថាប្រជាធិបតេយ្យភាវូបនីយកម្មទាមទារនូវរយៈពេលមួយយ៉ាងយូរ ហើយការករកើតឡើងនូវវណ្ណៈអ្នកមានមធ្យមនៅកម្ពុជាកន្លងមកនេះ បានជួយពង្រឹងនូវតំលៃប្រជាធិបតេយ្យ និងស្ថាប័នប្រជាធិបតេយ្យ ដ៏គួរអោយកត់សំគាល់។ ជារួម EBA ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជាវិភាគទានក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ច សំរាប់ប្រជាធិបតេយ្យនៅកម្ពុជា។
ប្រព័ន្ធអនុគ្រោះពន្ធ EBA បាននិងកំពុងអនុញ្ញាតអោយកម្ពុជាដែលជាប្រទេសអភិវឌ្ឍន៍តិចតួចមួយ (least developed country) ក្នុងចំណោមប្រទេសអភិវឌ្ឍន៍តិចតួចមួយចំនួនទៀត អាចនាំទំនិញចេញទៅលក់ក្នុងទីផ្សាររបស់សហភាពអឺរ៉ុប ដោយមិនបាច់បង់ពន្ធសំរាប់ទំនិញប្រមាណជា ៩៥% និងក្នុងបរិមាណគ្មានចំនួនកំណត់។ ក៏ប៉ុន្តែ ភាពអនុគ្រោះពន្ធនេះ នឹងត្រូវដកហូតយកទៅវិញពីប្រទេសដែលនៅទីនោះ សហភាពអឺរ៉ុបយល់ឃើញថាមានការរំលោភសិទ្ធិមនុស្ស៕
