ប្រភពព័ត៌មានពីគេហទំព័រ Macromore ទើបតែបានចេញផ្សាយថ្មីៗថា ក្រុមហ៊ុន Apple គ្រោងនឹងលុបបំបាត់ចោលនូវទម្រង់ក្បាលឆករបស់ iphone ដោយបន្សល់ទុកនូវទម្រង់អេក្រង់លាតសន្ធឹងយ៉ាងពេញលេញតែម្ដង។
ប្រិយមិត្ដរបស់ Iphone ទំនងជាជាក់ច្បាស់ហើយពីការប្រែប្រួលទម្រង់បច្ចេកវិទ្យារបស់ Iphone តាមស៊េរីឆ្នាំនីមួយៗ។ តួយ៉ាងសម្រាប់ឆ្នាំ ២០២០នេះ តាមការវិភាគរបស់លោក Ming Chi-Kuo អ្នកវិភាគដ៏ល្បីឈ្មោះម្នាក់ គាត់បានបង្ហាញរបាយការណ៍ស្រាវជ្រាវថ្មីរបស់គាត់ តាមរយៈគេហទំព័រចិន My Drive ដោយលើកឡើងថា iphone ជំនាន់ថ្មីនេះ យ៉ាងហោចណាស់មួយស៊េរី គឺនឹងត្រូវកែប្រែទម្រង់ថ្មីលើផ្នែកលែនកាម៉េរាខាងមុខត្រូវបង្រួម ហើយបន្សល់មកវិញនូវទំហំអេក្រង់កាន់តែធំ ចំណែកក្បាលឆកក៏នឹងធ្វើឲ្យកាន់តែរួមតូចជាងមុន។
រីឯគេហទំព័រ China Time ក៏បានចុះផ្សាយអំពីកំណែទម្រង់ថ្មីស្រដៀងគ្នាផងដែរ ដោយផ្អែកលើរបាយការណ៍អ្នកវិភាគម្នាក់របស់ក្រុមហ៊ុន Credit Suisse នៅក្នុងអាស៊ី ដោយអះអាងថា Apple គ្រោងនឹងបញ្ចេញស៊េរីថ្មីជាមួយនឹងកំណែរទម្រង់រូបរាងដោយ គ្មានក្បាលឆក ឬ Face ID ទៀតទេ ពោលស៊េរីថ្មីនេះ គឹ Iphone នឹងមានរូបរាងអេក្រង់លាតសន្ធឹងពេញ ចំណែកកាម៉េរាមុខនឹងត្រូវបង្កប់ក្រោមផ្ទៃអេក្រង់ ដោយប្រើទ្រនាប់ស្កេនបង្កប់ពេញផ្ទៃអេក្រង់ និយាយរួមវាមានលក្ខណៈស្រដៀងគ្នាទៅនឹង Touch ID ដែលដំណើរការគ្រប់ទីកន្លែងលើអេក្រង់ iPhone។
អ្នកវិភាគក៏បានជឿជាក់ផងដែរថា សម្រាប់ឆ្នាំ២០២១ Iphone ទាំងបីម៉ូឌែលរបស់ Apple នឹងផ្លាស់ប្ដូររូបរាងលែងមានក្បាលឆកទាំងស្រុង ដោយបន្សល់មកវិញនូវគំលាតអេក្រង់ពេញ ចំណែកកាម៉េរានឹងត្រូវបង្កប់ក្រោមផ្ទៃអេក្រង់។ របាយការណ៍អះអាងថា Apple ក៏ទំនងជាខិតខំប្រឹងប្រែង បង្កើតបច្ចេកវិទ្យាស្កេនម្រាមដៃលើអេក្រង់ផ្ទាល់ខ្លួនឯង ល្អជាជាងពឹងពាក់លើភាគីដទៃ។
ដោយ៖ អឿ អ៊ុយ