We TV Cambodia

ADB: សេវាហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ពុំសូវមានប្រសិទ្ធិភាព ក្នុងការកាត់បន្ថយភាពក្រីក្រនិងវិសមភាព

ADB: សេវាហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ពុំសូវមានប្រសិទ្ធិភាព ក្នុងការកាត់បន្ថយភាពក្រីក្រនិងវិសមភាព

ដោយៈ ទិន សុខាវុធ

លោក​ស្រី Cyn-Young Park នាយក​​ផ្នែក​ស្រាវជ្រាវ​សេដ្ឋកិច្ច​ប្រចាំ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​លើក​ឡើង​ថា ការ​ផ្តល់​សេវាហិរញ្ញវត្ថុ​អោយ​ដល់​ជន​គ្រប់​រូប ឬ​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​បរិយាប័ន្ន (financial inclusion) ​នៅ​ក្នុង​ប្រទេស​ចំណូល​មធ្យម​កំរឹត​ទាប​និងប្រទេស​ចំណូល​ទាប មិន​ប្រាកដ​ជា​អាច​កាត់​បន្ថយ​នូវ​ភាព​​ក្រីក្រ​​និង​វិសមភាពបាន​គ្រប់​យ៉ាង​​នោះ​ទេ ពីព្រោះ​ឧបសគ្គ​​ដ៏​ធំ​របស់​​សេវា​ហិរញ្ញវត្ថុ​គឺ​ «អនក្ខរភាព​ហិរញ្ញវត្ថុ» ។

នៅ​ក្នុង​បទ​វិភាគ​មួយ​ ចុះ​ផ្សាយ​នៅ​លើគេហទំព័រ​របស់​​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) លោក​ស្រី Cyn-Young Park បាន​គូស​បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​ចំណូល​ខ្ពស់ និង ប្រទេស​ចំណូល​មធ្យម​កំរឹត​ខ្ពស់ ​ការផ្តល់​សេវា​ហិរញ្ញវត្ថុ​អោយ​ដល់​ជនគ្រប់រូប ពិត​ជា​បាន​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​​និង​វិសមភាព​យ៉ា​ង​ពិត​ប្រាកដ​មែន​។ ក៏ប៉ុន្តែ រឿង​នេះ​មិនពិត​ទេ នៅក្នុង​ប្រទេស​មានចំណូល​មធ្យម​កំរឹតទាប និងប្រទេស​ចំណូល​ទាប​។

« Splitting the sample by country income groups, we find financial inclusion appears to have a significant impact on poverty rates in high- and upper-middle-income economies, but not in middle-low and low-income economies,» នេះជាការលើក​ឡើង​របស់​លោក​ស្រី Cyn-Young Park នៅ​ក្នុង​បទវិភាគ​របស់​លោកស្រី​។

លោក​ស្រី​បាន​បន្ថែម​ទៀត​ថា ឧបសគ្គ​​ដ៏​ធំ​ដល់​សេវា​ហិរញ្ញវត្ថុ គឺ​អនក្ខរភាពហិរញ្ញវត្ថុ ពោល​គឺ​​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ទាំងឡាយ​មិន​ទាន់​មាន​​ចំណេះ​ដឹង​យ៉ាង​ពិត​ប្រាកដ ក្នុង​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​​សំរាប់​​គោលដៅ​​​រីក​ចំរើន មាន​ដូច​ជា​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​សំរាប់​ពង្រីក​មុខ​របរ សំរាប់​បង់ថ្លៃសាលា​អោយ​កូន​រៀន​នៅ​មហាវិទ្យាល័យ​ជា​ដើម​។

« The results suggest that financial inclusion only helps to lower poverty and income inequality when overall economic conditions empower people to use access to finance for productive purposes such as expanding a business or investing in children’s education. »

យោង​តាម​លោក​ស្រី Cyn-Young Park ដោយ​ហេតុថា​ នៅ​ក្នុង​ទ្វីប​អាស៊ី ជនក្រីក្រភាគច្រើន​ប្រកបមុខរបរ​​នៅ​ក្នុង​វិស័យ​កសិកម្ម​និងក្នុង​សហគ្រាស​ធុន​តូច​​និង​មធ្យម (SME) អាស្រ័យ​ហេតុនេះ សេវា​ហិរញ្ញវត្ថុ​គួរ​តែ​ផ្តល់​អាទិភាព​អោយ​ដល់​អ្នក​​ប្រកប​របររក​ស៊ី​ក្នុង​វិស័យ​ទាំងនោះ​។

ជាលទ្ធផល លោក​ស្រី Cyn-Young Park បាន​សង្កត់ធ្ងន់ថា អន្តរាគមន៍​​របស់​រដ្ឋ​ក្នុង​ការបង្កើតច្បាប់​និង​បទដ្ឋាននានា ​ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​ដ៏​​ចាំបាច់​អោយ​​​​ដល់​បណ្តា​អ្នក​ជំនួញ​ទាំងឡាយ ​ក្នុង​ការបើក​ហាង​ឬ​ចាប់​ផ្តើម​មុខរបរ​រកស៊ីថ្មី គឺជា​វិធានការ​យ៉ាង​ល្អ​​មួយ​ នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

« Public policy interventions can help build the necessary legal and institutional framework and create a level-playing field that gives inclusive businesses the finance they need to start up and grow.»

មួយវិញទៀត លោកស្រី​​ក៏​បាន​បង្ហាញ​អោយ​ដឹង​ផង​ដែរ​​ថា​ នៅ​ក្នុង​ចំណោម​មនុស្ស​ពេញ​វ័យ​ប្រហែល​ជា ២,០០០ លាន​នាក់​នៅ​​ជុំវិញ​​ពិភពលោក ដែល​មិន​បាន​ទទូល​សេវាហិរញ្ញវត្ថុ​ ច្រើនជាង​ពាក់កណ្តាលនៃ​ជនទាំងនោះ ​ជា​ជន​រស់​នៅ​ក្នុង​ទ្វីប​អាស៊ី​។ ហើយ​ការ​មិន​ទទួល​បាន​នូវ​​សេវាហិរញ្ញវត្ថុ​ ជា​ឧបសគ្គ​ដ៏​ធំ​មួយ​នៅ​ក្នុង​ការធ្វើ​ជំនួញ​នៅ​ក្នុង​វិស័យ SME ​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

ទាក់ទង​នឹង​បញ្ហា​អនក្ខរភាព​ហិរញ្ញវត្ថុ​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី ១០ ខែ តុលា ឆ្នាំ ២០១៩ កន្លងទៅ នៅ​ឯសាលសន្និសីទ​ចតុមុខ នៅ​ក្នុង​ពិធីរំលឹកខួប​លើកទី ៤០ នៃការបង្កើត​ឡើង​វិញ​នូវធនាគារ​ជាតិ​នៃកម្ពុជា លោក​នាយ​ក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​​ផ្តល់​អនុសាសន៍​អោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា ស្ថាប័នពាក់ព័ន្ធ និង គ្រឹះស្ថានហិរញ្ញវត្ថុ​ទាំងឡាយ ត្រូវ​ធ្វើយ៉ាង​ណាអោយ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស មាន​ចំណេះដឹងគ្រប់គ្រាន់ ក្នុង​វិស័យ​ហិរញ្ញវត្ថុ​។

លើសពី​នេះ​ទៀត លោកនាយករដ្ឋមន្ត្រីក៏​បានផ្តល់​អនុសាសន៍​ផង​ដែរ អោយ​បណ្តាស្ថាប័ន​ទាំងនោះ ធ្វើ​យ៉ាងណា​ពង្រឹង «វប្បធម៌​ឥណទាន» អោយ​កាន់​តែ​មា​នប្រសិទ្ធិភាពឡើ​ង​ថែម​ទៀត នៅ​ក្នុង​ចំណោម​បណ្តាអ្នកដែលកំពុងប្រើប្រាស់​​សេវា​ហិរញ្ញវត្ថុ ជា​ពិសេស​នៅ​តាម​តំបន់ជនបទ ដើម្បី​ជៀសវាង​នូវ​ហានិភ័យ​ជា​យថាហេតុ​នានា ​ដែល​អាច​កើត​មាន​​ឡើង​នៅ​ពេលបច្ចុប្បន្ន​និង​ពេល​អនាគត​៕

Related Articles