We TV Cambodia

ADB ផ្តល់ហិរញ្ញប្បទាន $89 លានដុល្លារដើម្បីពង្រីកសេវាទឹកស្អាតនិងលើកស្ទួយវិស័យហិរញ្ញវត្ថុនៅកម្ពុជា

រូបថតៈ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

ដោយៈ ទិន សុខាវុធ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) ប្រចាំ​នៅ​កម្ពុជា បាន​សំរេច​ផ្តល់​ហិរញ្ញប្បទាន​​ចំនួន $89 លាន​ដុល្លារ​ ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ក្នុង​គោលបំណង​ជួយពង្រីក​សេវាទឹក​ស្អាត សេវា​សុខាភិបាល និង​ធ្វើ​អោយ​កាន់​តែ​ប្រសើរ​ឡើង​ទៀត​​នូវ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា សំរាប់​ដំណាក់កាល​ទី ៣ ​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ ADB កាល​ពីថ្ងៃ​ទី ៣០ ខែ តុលា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ លោក​ស្រី Sunniya Durrani-Jamal នាយិការ​របស់ ADB ប្រចាំ​នៅ​កម្ពុជា និង​​ឯកឧត្តម អូន​ ព័ន្ធមុនីរ័ត្ន រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះ​ហត្ថលេខា​រួម​គ្នា នៅ​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ការផ្តល់​ហិរញ្ញប្បទាន​នេះ​ នៅ​ឯ​ទី​ស្តីការរបស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ លោក​ស្រី​ប្រធានធនាគារអភិវឌ្ឍន៍​អាស៊ី​ បាន​លើក​ឡើង​ថា គោលដៅ​នៃ​ការផ្តល់​ហិរញ្ញប្បទាន​នេះ​ ដើរស្របនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាលទី​ ៤ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កសាង​ធនធានមនុស្ស ដោយ​ការកែលំអ​សេវា​សុខភាព​និង​អាហារូបត្ថម្ភ ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច ដោយការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុនិងធនាគារ ការលើក​ស្ទួយ​វិស័យ​ឯកជន​និង​ការបង្កើត​ការងារ ដោយ​ផ្តល់​ការគាំទ្រ​ដល់​សហគ្រាស​ធុនតូច​និង​មធ្យម (SME) និង​ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព​និង​បរិយាប័ន្ន តាម​រយៈ​ការលើក​ស្ទួយ​វិស័យ​កសិកម្ម​និង​អភិវឌ្ឍ​ជនបទ​។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​បន្ថែមទៀត​ថា ប្រជាពលរដ្ឋ​ច្រើន​ជាង ៤០០,០០០ នាក់​ នឹង​ទទួល​បានផលប្រយោជន៍​ពី​ហិរញ្ញប្បទាន​នេះ​ផង​ដែរ ដែល​តាមរយៈ​ហិរញ្ញប្បទាន​នេះ សំណង់​ប្រព័ន្ធ​ទឹក​ស្អាត​និង​សេវា​សុខភាព​ចំនួន ២,៥០០ ​នឹង​ត្រូវ​សង់​ឡើង​។ មួយវិញទៀត ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិយ៉ាង​ហោច​ណាស់​ក៏​ចំនួន ៤០០ ភូមិ​ដែរ នឹង​ទទួល​បាននូវ​ការអប់រំ​អោយ​យល់​ដឹង​ពី​សេវាសុខភាព​និង​សេវាទឹក​ស្អាត។

 «ការទទួល​បាន​​នូវ​សេវាចាំបាច់ជា​មូលដ្ឋាន មាន​ដូច​ជា​សេវា​ទឹក​ស្អាត និង​សេវា​សុខភាព គឺ​ជា​សិទ្ធិ​មនុស្ស​ជា​មួលដ្ឋាន ហើយ​វា​ក៏​ជា​កត្តា​ដ៏​សំខាន់​សំរាប់​ធ្វើ​អោយ​​មាន​នូវ​​ការអភិវឌ្ឍ​មួយ​​ប្រកប​ដោយ​និរន្តភាព និង​សំរាប់​ជន​គ្រប់​រូប​​ នៅ​ក្នុង​ប្រទេស​ណាមួយ​នោះ​ដែរ​» នេះ​ជា​ការលើក​ឡើង​​របស់​លោក​ស្រី Siti Hasanah ដែល​ជា​អ្នក​ឯកទេស​ផ្នែកអភិវឌ្ឍន៍ទីក្រុង ប្រចាំ​ ADB ។

យោង​តាម​ ADB សេវា​ទឹក​ស្អាត​និងសុខភាព​ ប្រកប​ដោយ​និរន្តរភាពនិង​ប្រសិទ្ធិភាព មិន​ទាន់​មាន​គ្រប់គ្រាន់នៅឡើយ​ទេ ​នៅ​​តាម​តំបន់​ជនបទ​​នៃ​​ប្រទេស​កម្ពុជា ដែល​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៧៧% រស់​នៅ នៃ​ប្រជាជន​សរុបចំនួន ១៦.៤ លាន​នាក់​​។

នៅក្នុង​ឆ្នាំ ២០១៧ នៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប្រមាណ​ជា ៧៣% រស់​នៅ​ក្នុង​តំបន់​ជនបទ ដែល​អាច​ទទួល​បាន​ទឹក​ស្អាត​ប្រើប្រាស់ មានប្រជាពលរដ្ឋ​ប្រមាណ​ជា​ ១១% ប៉ុណ្ណោះ​ដែលមាន​សមត្ថភាព​អាច​ទទួល​បាន​សេវា​ទឹក​ស្អាត​តាម​រយៈ​បំពង់​បង្ហូរ​ទឹក​។

មួយវិញទៀត ទោះបី​ជា​ ៥៦% នៃ​ប្រជាពលរដ្ឋ​រស់​នៅ​តាម​តំបន់​ជនបទ​ទទួល​បាន​សេវា​សុខភាពយ៉ាង​ណា​ក៏​ដោយ ក៏​ប្រជាពលរដ្ឋ​ប្រហែល​ជា ៤១% ទៀត នៅ​តែ​បន្ត​ទំលាប់​បន្ទោបង់​តាម​គុម្ពោត​ព្រៃ​ឬ​តាម​វាលស្រែជា​ដដែល​។ ប្រការនេះ​អាច​បង្ករ​អោយ​​កើត​មាន​ជំងឺ​រាករូស និង​ឬ​បញ្ហា​សុខភាពផ្សេង​ៗ​ទៀត​។

មួយវិញទៀត ហិរញ្ញប្បទាននេះ​ក៏​នឹងជួយ​ផង​ដែរ​នូវ​ការពង្រីកវិស័យហិរញ្ញវត្ថុនៅកម្ពុជា អោយបានដល់គ្រួសារកសិករក្រីក្ររស់នៅតាមតំបន់ជនបទនានាទូទាំងផ្ទៃប្រទេស រួមទាំងសហគ្រាសធុនមធ្យម។

តាមរយៈគោលនយោបាយនានានៅក្នុងកម្មវិធីនេះ ស្ថេរភាពនៃវិស័យហិរញ្ញវត្ថុរបស់កម្ពុជា នឹងត្រូវធ្វើអោយប្រសើរឡើង ហើយហេដ្ឋារចនាសម្ព័ន្ធរបស់វិស័យនេះ ក៏នឹងត្រូវធ្វើអោយទាន់សម័យ ក្នុងគោលបំណងតំរូវទៅតាមសេវាកម្មនិងផលិតផលទំនើបៗ។

បើ​តាម ADB វិស័យហិរញ្ញវត្ថុនៅកម្ពុជាស្ថិតនៅក្នុងស្ថានភាពនៃការចាប់ផ្តើមនៅឡើយ ហើយត្រូវគ្របដណ្តប់ដោយផ្នែកធនាគារនិងមីក្រូហិរញ្ញវត្ថុ។ មួយវិញទៀត ទោះបីជាវិស័យនេះផ្តល់ផលផ្លែផ្កាដ៏គួរអោយកត់សំគាល់យ៉ាងណាក៏ដោយ ក៏ការទទួលបាននូវសេវាហិរញ្ញវត្ថុនៅកម្ពុជា នៅមានកំរឹតនៅឡើយ ជាពិសេសនៅតាមតំបន់ជនបទ។

គិតមកដល់ឆ្នាំ ២០១៥ មនុស្សពេញវ័យមានចំនួនតែ ៥៩% ប៉ុណ្ណោះ ដែលទទួលបាននូវសេវាហិរញ្ញវត្ថុជាផ្លូវការ។ ផ្ទុយទៅវិញ ស្ទើតែមួយភាគបីនៃប្រជាពលរដ្ឋមិនបានទទួលនូវសេវាហិរញ្ញវត្ថុណាមួយឡើយ។ ហើយការខិតខំប្រឹងប្រែកែលំអសេវាហិរញ្ញវត្ថុអោយបានដល់ជនគ្រប់រូប ត្រូវបានជួបនឹងឧបសគ្គនៃអនក្ខរភាពហិរញ្ញវត្ថុ (financial illiteracy) ។

អាស្រ័យហេតុនេះ ការផ្សព្វផ្សាយចំណេះដឹងពីប្រព័ន្ធហិរញ្ញវត្ថុមូលធននិយម កំពុងត្រូវបានអនុវត្តនៅតាមសាលារៀននានា។ ហើយមេរៀនស្តីពីប្រព័ន្ធនេះ ក៏ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីសិក្សាររបស់សិស្សចាប់ពីថ្នាក់ទី ១ រហូតដល់ថ្នាក់ទី ១២ ផងដែរ៕

Related Articles