We TV Cambodia

ឡជីវឧស្ម័ន កំពុងចូលរួមចំណែកការពារបរិស្ថាន និងសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ

ឡជីវឧស្ម័ន កំពុងចូលរួមចំណែកការពារបរិស្ថាន និងសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ
ឡជីវឧស្ម័ន (ប្រភព៖ ក្រសួងកសិកម្ម)

ឡជីវឧស្ម័នកំពុងតែរួមចំណែកយ៉ាងសំខាន់ក្នុងការការពារបរិស្ថាន និងសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរស់នៅជនបទ ដែលប្រកបរបរធ្វើស្រែចំការ និងចិញ្ចឹមគោ ក្របី ជ្រូក មាន់ ទាជាដើម។

ឡជីវឧស្ម័ន (ប្រភព៖ ក្រសួងកសិកម្ម)

មន្ត្រីជំនាញកសិកម្មបានឲ្យដឹងថា កាកសំណល់ដែលចេញពីឡជីវឧស្ម័ន គឺជាជីធម្មជាតិសុទ្ធ ដែលបានសម្លាប់មេរោគ និងគ្រាប់ស្មៅ ហើយកាកសំណល់ដែលចេញពីឡ មានវីតាមីនបេឌូអាចយកកទៅឲ្យត្រី និងជន្លេនស៊ីឆាប់ធំធាត់។ កាកសំណល់ឡនេះ ក៏មានសារធាតុចិញ្ចឹមបំលែងទៅជាវត្ថុម្យ៉ាង ដែលរុក្ខជាតិងាយស្រូបយកផងដែរ។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ឡជីវឧស្ម័នបានធ្វើឲ្យបរិស្ថាននៅជុំវិញផ្ទះមានសោភ័ណល្អ និងកាត់បន្ថយចំណាយបានមួយកម្រិតថែមទៀត បើធៀបទៅនឹងការប្រើប្រាស់ហ្គាស ធ្យូង និងចង្ក្រានដុតអុស។

អំពូលភ្លើងដើរដោយឡជីវឧស្ម័ន (ប្រភព៖ ក្រសួងកសិកម្ម)

លោកទឹម វន អ្នករស់នៅភូមិឈើទាលជ្រុំ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បានឲ្យដឹងថា គ្រួសាររបស់លោកបានធ្វើឡជីវឧស្ម័ននេះរយៈពេល ១ឆ្នាំមកហើយ ដោយឡនេះមានទំហំ ៤ម៉ែត្រគីប ដែលអាចបម្រើបានចង្ក្រានចំនួន២ អំពូលភ្លើងចំនួន២ និងបានចំណាយថវិការចំនួន ៤០០ដុល្លារក្នុងការសាងសង់។

អំពូលភ្លើងដើរដោយឡជីវឧស្ម័ន (ប្រភព៖ ក្រសួងកសិកម្ម)

លោកបន្តថា ឡនេះបានជួយសម្រួលការចំណាយក្នុងគ្រួសាររបស់លោកបានច្រើន ដោយមិនបាច់ចំណាយទៅលើការទិញហ្គាស ទិញអុស ឬបញ្ចូលអាគុយនោះទេ ហើយបើប្រៀបធៀបឡជីវឧស្ម័ននេះជាមួយនឹង ការប្រើប្រាស់ហ្គាស និងងាគុយធម្មតា វាបានជួយកាត់បន្ថយការចំណាយរបស់លោកដល់ទៅពាក់កណ្ដាលឯណោះ។

ចង្ក្រានហ្គាសដើរដោយឡជីវឧស្ម័ន (ប្រភព៖ ក្រសួងកសិកម្ម)

ដោយឡែក លោកសង់ ហឿន ជាកសិកររស់នៅស្រុកអង្ករបុរី​ ខេត្តតាកែវ ដែលបានប្រើប្រាស់ឡជីវឧស្ម័ននេះអស់រយៈពេល ១០ឆ្នាំមកហើយនោះ បានលើកឡើងស្រដៀងគ្នាថា ឡជីវឧស្ម័ននេះបានជួយសម្រួលជីវភាពគ្រួសាររបស់លោកច្រើន ទាំងការចំណាយ និងការប្រើប្រាស់ ដោយមិនបានរម្ភពីការផ្ទុះដូចហ្គាសធម្មតាឡើយ។ មួយវិញទៀត កាកសំណល់ដែលសល់ពីឡ ក៏អាចយកទៅធ្វើជីសម្រាប់ដាំដំណាំ និងមានជីវជាតិជាងជីធម្មតាថែមទៀតផង។

ឡជីវឧស្ម័ន (ប្រភព៖ ក្រសួងកសិកម្ម)

សូមបញ្ជាក់ថា ឡជីវឧស្ម័ននេះកំពុងទទួលបានការចូលចិត្តខ្លាំងក្នុងខេត្តតាកែវ ដោយនៅទូទាំងខេត្តតាកែវទាំងមូល មានប្រជាជនដែលប្រើប្រាស់ឡជីវឧស្ម័ននេះរហូតជាង ៥,០០០ឡឯណោះ។

អត្ថបទដោយ៖ Nevin

Related Articles