We TV Cambodia

ដំណាំត្រសក់ផ្អែមជួយឲ្យកសិករមួយរូប អាចរកប្រាក់ចំណេញបាន ៣ពាន់ដុល្លារក្នុងមួយខែៗ

ដំណាំត្រសក់ផ្អែមជួយឲ្យកសិករមួយរូប អាចរកប្រាក់ចំណេញបាន ៣ពាន់ដុល្លារក្នុងមួយខែៗ

របរដាំត្រសក់ផ្អែមបានជួយឲ្យកសិករមួយរូបក្នុងខេត្តឧត្តរមានជ័យ អាចរកប្រាក់ចំណេញបានប្រមាណ ៣ពាន់ដុល្លារក្នុងមួយខែៗ និងចំណាយដើមទុនតិចបំផុតក្នុងការចាប់ផ្ដើមអាជីវកម្មនេះ។

យោងតាមសេចក្តីរាយការណ៍របស់លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា មានកសិករដែលមានបទពិសោធន៍ក្នុងដាំដំណាំត្រសក់ផ្អែមទទួលបានជោគជ័យ ដែលទទួលបានប្រាក់ចំណេញរហូតដល់ ៦,០០០ដុល្លារក្នុងរយៈពេលតែ ២ខែប៉ុណ្ណោះ ស្មើនឹង ៣ពាន់ដុល្លារក្នុងមួយខែៗ។

កសិកររូបនេះរស់នៅភូមិ អូរតាមេង ឃុំអន្លង់វែង ស្រុកអន្លង់វែង ដែលជាកសិករនៅក្នុងសមាគមត្រសក់ផ្អែម សៀមរាបមានជ័យ គាត់បានដាំត្រសក់ផ្អែមចំនួន ៨,០០០គុម្ព លើផ្ទៃដីប្រមាណជា ៣,០០០ម៉ែត្រការ៉េ។ គាត់បានចំណាយដើមទុនក្នុងមួយគុម្ពអស់ ១,០០០រៀល ហើយទទួលបានផលជាមធ្យមប្រមាណ ១២,០០០គីឡូក្រាម និងអាចលក់បានតម្លៃ ៣,០០០រៀលក្នុងមួយគីឡូក្រាម។

សូមបញ្ជាក់ថា បច្ចុប្បន្នមានអាជីវកម្មក្នុងវិស័យកសិកម្មជាច្រើនដែលអាចរកចំណូលបានរាប់ពាន់ដុល្លារ ឬអាចឈានដល់រាប់ម៉ឺនដុល្លារក្នុងមួយខែៗ ហើយបងប្អូនប្រជាពលរដ្ឋដទៃទៀតក៏អាចសាកល្បងក្នុងការចាប់ផ្ដើមបានផងដែរ ដោយរួមមាន៖ របរដាំត្រសក់ស្រូវ, ដាំឫស្សីផ្អែម, ដាំស្មៅលម្អផ្ទះ, ចិញ្ចឹមបង្កង, ចិញ្ចឹមកង្កែប, ចិញ្ចឹមចៀម, និងដំណាំកសិកម្មជាច្រើនទៀត។

អត្ថបទដោយ៖ Nevin

Related Articles