
កាលពីថ្ងៃទី២៣ ម្សិលមិញនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានជួបជាមួយលោក Nabeshima Katsuhito ស្ថាបនិក និងជានាយកក្រុមហ៊ុន Yamato Green Co., Ltd ក្នុងការពិភាក្សាលើការបង្កើតអនុស្សារណ: យោគយល់គ្នារវាងកម្ពុជា និងក្រុមហ៊ុនជប៉ុន ស្ដីពី «កិច្ចសហប្រតិបត្តិការវិនិយោគ និងអភិវឌ្ឍលើអនុវិស័យដំណាំបន្លែសុវត្ថិភាពនៅកម្ពុជា ដោយចាប់ពីការដាំដុះ កែច្នៃ វេចខ្ចប់ រហូតដល់ការនាំចេញទៅកាន់ទីផ្សារបរទេស តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបទាន់សម័យ និងបច្ចេកទេសក្រោយពេលប្រមូលផលពីប្រទេសជប៉ុន។

ឯកឧត្តម វេង សាខុន បានមានប្រសាសន៍ថា កម្ពុជាពិតជាអរគុណជប៉ុនយ៉ាងខ្លាំងចំពោះការពិភាក្សាក្នុងការវិនិយោគជាមួយកម្ពុជា ជាពិសេសក្នុងកំលុងពេល COVID-19 ដែលពិភពលោកកំពុងតែជួបនូវវិបត្តិ ហើយកម្ពុជានឹងកែប្រែទម្លាប់របស់ប្រជាពលរដ្ឋ ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារវិញ ពោលគឺពី «កសិករ ទៅជាកសិ-ពាណិជ្ជករ»។

លោក Nabeshima ក៏ជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា កសិកម្មកម្ពុជាមានសក្តានុពលយ៉ាងធំធេង ជាពិសេសផលិតកម្មបន្លែ ប៉ុន្តែកម្ពុជាមិនទាន់បានប្រើប្រាស់សក្តានុពល និងធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាពនៅឡើយតាំងពីចំណុចចាប់ផ្តើម (ដាំដុះ ថែរក្សា ការពារ ប្រមូលផល លៀងសំអាត វេចខ្ចប់ រក្សាទុក និងដឹកជញ្ជូន) និយាយរួមគឺការអនុវត្តបច្ចេកវិទ្យាចុងក្រោយទាំងអំឡុងពេលដាំដុះ និងប្រមូលផល រហូតដល់លើតុសម្រាប់អ្នកបរិភោគ។ ហេតុផលទាំងអស់នេះ គឺជាដើមចមធ្វើឱ្យផលិតផលបន្លែកម្ពុជាមិនអាចផ្គត់ផ្គង់ទីផ្សារឱ្យបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ ឬផ្គត់ផ្គង់បានទៅតាមរដូវលើសពីតម្រូវការធ្លាក់ថ្លៃ និងគ្មានឱកាសធ្វើការប្រកួតប្រជែងកម្រិតអន្តរជាតិបាន។

ដោយឃើញច្បាស់អំពីចំណុខ្វះខាតទាំងអស់នេះ ក្រុមហ៊ុនជប៉ុនចំនួន១០ បានប្ដេជ្ញានឹងចូលរួមចែករំលែកបទពិសោធន៍ និងបច្ចេកទេសថ្មីៗដើម្បីរួមគ្នាដោះស្រាយនូវរាល់ចំណុចខ្វះខាតដែលកសិករកម្ពុជាកំពុងជួបប្រទះឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ក្នុងទិសដៅរួមគ្នាមួយគឺផលិតបន្លែមានគុណភាព សុវត្ថិភាព ផ្គត់ផ្គង់បានគ្រប់ គ្រាន់តាមតម្រូវការទីផ្សារពេញមួយឆ្នាំ មានសមត្ថភាពធ្វើការប្រកួតប្រជែងជាមួយទីផ្សារអន្តរជាតិ និងចុងក្រោយចង់នាំចេញផលិតផលបន្លែកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្រោមស្លាកសញ្ញា Made in Cambodia or Product of Cambodia។

សូមបញ្ជាក់ថា ក្រុមហ៊ុនរបស់ជប៉ុនទាំង១០ នោះរួមមាន៖ ក្រុមហ៊ុន IT លើវិស័យផលិតកម្មបន្លែ, ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងយន្ត ឧបករណ៍ និងសម្ភារបម្រើឱ្យវិស័យផលិតកម្មបន្លែ, ក្រុមហ៊ុន Nippon Express (Cold Chain Logistics), ក្រុមហ៊ុនផលិតជី, ក្រុមហ៊ុនគ្រាប់ពូជ និងចែកចាយ និងក្រុមហ៊ុនផ្សេងទៀតដែលគ្មានវត្តមានក្នុងជំនួបនោះ។



អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក
