
ដោយៈ ទិន សុខាវុធ
មន្ត្រីស្ថានទូតអាមេរិកបានលើកឡើងថា កម្ពុជាគួរមានប្រភពហិរញ្ញប្បទានមកពីច្រើនប្រទេស គឺមិនត្រូវពឹងពាក់អាស្រ័យតែទៅលើហិរញ្ញប្បទានរបស់ចិនតែមួយនោះទេ។
នៅក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុសំលេងសហរដ្ឋអាមេរិក (VOA) កាលពីថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ លោក Patrick Murphy ឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាមរិកប្រចាំនៅកម្ពុជា បានលើកឡើងថា កម្ពុជាអាចរកបាននូវហិរញ្ញប្បទានពីបណ្តាប្រទេសផ្សេងៗទៀតជាច្រើន មិនគួរពឹងតែទៅលើប្រទេសចិនតែមួយប៉ុណ្ណោះទេ។
«អ្វីដែលយើងលើកឡើងគឺថា កម្ពុជាគួរតែពិចារណាទៅលើទំនាក់ទំនងរបស់ខ្លួន មិនគួរនៅខ្ទាស់ជាប់ទាំងស្រុងជាមួយប្រទេសតែមួយនោះទេ។ កម្ពុជាមានដៃគូជាច្រើន ហើយកម្ពុជាគួរតែគិតគូរឱ្យប្រុងប្រយ័ត្នអំពីលក្ខខណ្ឌភ្ជាប់ជាមួយនឹងជំនួយ ប្រាក់កម្ចី និងការវិនិយោគនានា ឱ្យស្របទៅតាមនិយាមអន្តរជាតិ និងតាមគោលបំណងជាក់ស្ដែងរបស់រដ្ឋាភិបាលកម្ពុជាផងដែរ ដែលធានានូវតម្លាភាព ការប្រឆាំងអំពើពុករលួយ និងការវិនិយោគដែលធ្វើឱ្យប្រសើរឡើងនូវជីវភាពរបស់ប្រជាជនកម្ពុជា ដែលរស់នៅតាមមូលដ្ឋាន។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការសម្រេចជ្រើសរើសប្រទេសជាដៃគូ» នេះជាការលើកឡើងរបស់លោកទូត Patrick Murphy ។
ចំណែកឯលោកភារធារី Michael Newbill វិញ កន្លងមក លោកបានថ្លែងថា រាល់ប្រាក់កំចីពីប្រទេសចិន គួរតែត្រូវមានតំលាភាព និងបំរើអោយផលប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជាពិតប្រាកដ គឺមិនសំរាប់តែអ្នកមានអំណាចមួយក្រុមតូចតែប៉ុណ្ណោះទេ។
ទាក់ទងនឹងកំចីពីប្រទេសចិន លោកនាយករដ្ឋមន្ត្ ហ៊ុន សែន ធ្លាប់បានពន្យល់ថា នៅពេលបច្ចុប្បន្ននេះ មានតែប្រទេសចិនមួយប៉ុណ្ណោះដែលហ៊ានផ្តល់កំចីអោយប្រទេសកម្ពុជាច្រើនជាងគេ ហើយរដ្ឋាភិបាលរបស់លោកគ្មានជំរើសណាក្រៅពីប្រទេសចិនឡើយ ព្រោះកម្ពុជាត្រូវការប្រាក់ដើម្បីយកមកអភិវឌ្ឍប្រទេសជាតិ។ តែបើប្រទេសផ្សេងទៀត អាចផ្តល់ប្រាក់កំចីយ៉ាងច្រើនដូចជាប្រទេសចិនដែរនោះ រដ្ឋាភិបាលរបស់លោកនឹងមិនរុញរាក្នុងការខ្ចីប្រាក់ពីប្រទេសនោះឡើយ។
មួយវិញទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងផងដែរថា បើប្រទេសទាំងឡាយណាមិនចង់អោយប្រទេសចិនមានឥទ្ធិពលខ្លាំងនៅក្នុងប្រទេសកម្ពុជា បណ្តាប្រទេសទាំងនោះគួរគាប់បីធ្វើការវិនិយោគអោយបានច្រើនជាងវិនិយោគចិននៅក្នុងប្រទេសកម្ពុជា។
យ៉ាងណាម៉ិញ ចំពោះសម្តេចផ្ទាល់ ការរិះគន់ពីឥទ្ធិពលចិននៅក្នុងប្រទេសកម្ពុជា គឺគ្រាន់តែជាទំនាស់ផលប្រយោជន៍ភូមិសាស្ត្រនយោបាយរវាងមហាអំណាចទាំងឡាយ ដែលតែងតែចង់អោយឥទ្ធិពលរបស់ខ្លួនគ្រប់ដណ្តប់នៅលើតំបន់ភូមិសាស្ត្រនយោបាយនានា អោយបានកាន់តែធំទូលំទូលាយកាន់តែល្អ។
មួយវិញទៀត ឆ្លើយតបទៅនឹងការចោទប្រកាន់ថា ចិនកំពុងប្រើល្បិច «អន្ទាក់បំណុល» ដោយផ្តល់នូវប្រាក់កំចីយ៉ាងច្រើនលើសលប់ដល់ប្រទេសកម្ពុជា ដើម្បីធ្វើអោយកម្ពុជាជំពាក់បំណុលវ័ណ្ឌកគ្មានប្រាក់សង ដែលជាប្រការអាចធ្វើអោយប្រទេសចិនអាចដាក់អាណានិគមលើប្រទេសកម្ពុជាបាននោះ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាមិនមែនខ្ចីប្រាក់តែពីប្រទេសចិននោះទេ កម្ពុជាក៏បាននិងកំពុងខ្ចីប្រាក់ពីប្រទេសជាមិត្ត និងអង្គការដៃគូអភវឌ្ឍន៍ផ្សេងៗទៀតជាច្រើនផងដែរ។
សរុបមក អត្រាបំណុលរបស់កម្ពុជាបច្ចុប្បន្ន មានត្រឹមប្រមាណជា ២១ ភាគរយតែប៉ុណ្ណោះ ធៀបទៅនឹងផលិតផលក្នុងស្រុកសរុប ខណៈដែលច្បាប់របស់កម្ពុជាអនុញ្ញាតអោយរាជរដ្ឋាភិបាលខ្ចីប្រាក់ពីបរទេស រហូតដល់ទៅ ៤០ ភាគរយនៃផលិតផលក្នុងស្រុកសរុបឯណោះ។
