
ដោយៈ ទិន សុខាវុធ
ក្រុមហ៊ុនមួយដែលមានទីតាំងនៅប្រទេសថៃ បានបង្ហើបអោយដឹងថា ក្រុមហ៊ុនគ្រោងនឹងបើកសាខាហាងលក់ទំនិញរាយ «7-Eleven» អោយបានចំនួន ៧០០ សាខា នៅទូទាំងប្រទេសកម្ពុជា។
ក្រុមហ៊ុននោះបានអោយដឹងទៀតថា រាល់លិខិតស្នាមរដ្ឋបាល មានដូចជាកិច្ចសន្យា និងលិខិតប្រគល់សិទ្ធិអាជីវកម្ម ត្រូវបានរៀបចំរួចរាល់អស់ហើយ សំរាប់ការបើកសាខាហាងលក់ទំនិញរាយ «7-Eleven» នៅក្នុងប្រទេសកម្ពុជា។
7-Eleven ជាហាងលក់ទំនិញរាយ មានប្រភេទជាម៉ាត (Mart) ដែលត្រូវបានបង្កើតឡើងនៅសហរដ្ឋអាមេរិក នៅក្នុងកំឡុងឆ្នាំ ១៩២៧ ។ ហើយចាប់តាំងពីឆ្នាំ ២០០៥ ហាង 7-Eleven ត្រូវបានក្រុមហ៊ុនជប៉ុន Seven-Eleven Japan Co., Ltd., ទិញយកមកធ្វើអាជីវកម្ម។ ជាលទ្ធផល រហូតមកដល់ខែ មិថុនា ឆ្នាំ ២០១៩ នេះ ហាង 7-Eleven ចំនួន ៦៨,២៣៦ ត្រូវបានបើកលក់នៅក្នុងប្រទេសចំនួន ១៧ នៅជុំវិញពិភពលោក។
ដោយឡែក នៅក្នុងតំបន់អាស៊ាន មានប្រទេសចំនួន ៦ ហើយ ដែលនៅក្នុងនោះ មានការវិនិយោគបើកហាង 7-Eleven នេះ។
នៅប្រទេសថៃ យោងតាមកាសែតបាងកកប៉ុស្តិ៍ រហូតមកដល់ឆ្នាំ ២០១៨ ចំនួនហាង 7-Eleven បានកើនដល់ ១១,០០០ ហាង។ ហើយហាង 7-Eleven ដំបូងគេបំផុតត្រូវបានបើកនៅក្នុងប្រទេសថៃ នៅឆ្នាំ ១៩៨៩ នៅតាមផ្លូវ Patpong Road ក្នុងទីក្រុងបាងកក។
មួយវិញទៀត គឺក្រុមហ៊ុនថៃ CP ALL Public Company Limited ដែលទទួលបានអាជ្ញាប័ណ្ណមានសិទ្ធិបើកហាង 7-Eleven ឬក៏មានសិទ្ធិលក់អាជ្ញាប័ណ្ណនេះអោយទៅក្រុមហ៊ុនថៃផ្សេងៗទៀតអាចមានសិទ្ធិបើកហាង 7-Eleven នេះនៅក្នុងប្រទេសថៃ។
ហើយបើនិយាយពីប្រទេសជប៉ុនវិញ រហូតមកដល់ឆ្នាំ ២០១៩ នេះ ចំនួនហាង 7-Eleven បានកើនឡើងដល់ ២០,៧០០ ហាងហើយ។ តួលេខនេះ បានធ្វើអោយប្រទេសជប៉ុនក្លាយប្រទេសមានហាង 7-Eleven ច្រើនជាងគេបំផុតនៅក្នុងពិភពលោក ពោលគឹច្រើនជាងនៅប្រទេសអាមេរិក ដែលជាប្រទេសដើមកំណើតរបស់ហាង 7-Eleven នេះទៅទៀត។ នៅសហរដ្ឋអាមេរិក រហូតមកដល់ឆ្នាំ ២០១៩ នេះ ចំនួនហាង 7-Eleven មានត្រឹមតែ ៩,៣៤០ ហាងតែប៉ុណ្ណោះ៕

