ដោយៈ ទិន សុខាវុធ
សំណង់បុរី ML វិមានមង្គល ត្រូវបានសម្ពោធចាប់ផ្តើមដំណើរការសាងសង់ កាលពីសប្តាហ៍មុន។ នៅពេលសង់រួច បុរីនេះនឹងជាបណ្តុំលំនៅដ្ឋានមួយ ប្រកបដោយគុណភាព ប្រណីតភាព និង ផាសុខភាព ដែលអាចផ្តល់លទ្ធភាពអោយអ្នកទិញលំនៅស្ថានទាំងឡាយ អាចបើកហាងនិងឬប្រកបមុខរបរអាជីវកម្មផ្សេងៗទៀតបាន។
លោក ពេជ្រ សីហា ប្រធានផ្នែកទីផ្សាររបស់បុរី ML វិមានមង្គល បានថ្លែងអោយដឹងថា ពិធីសម្ពោធបើកការដ្ឋានសាងសង់បុរីរបស់លោក បានធ្វើឡើងនៅថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ។ ហើយគឺក្រុមហ៊ុន ML មង្គលរៀលធី ដែលបានបោះទុនវិនិយោគក្នុងការសាងសង់បុរីនេះ។
សំណង់បុរី ML វិមានមង្គល កំពុងត្រូវបានសាងសង់ឡើងនៅតាមបណ្តោយផ្លូវជាតិលេខ ៤ ស្ថិតក្នុងសង្កាត់ កំបូល ខ័ណ្ឌ កំបូល រាជធានីភ្នំពេញ ដែលជាទីតាំងមួយប្រកបដោយសក្តានុពលអចលទ្រព្យ យោងតាមអ្នកជំនាញអចលនទ្រព្យ។
មួយវិញទៀត លោកប្រធានផ្នែកទីផ្សាររបស់បុរី ML វិមានមង្គល បានបន្ថែមទៀតថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យរបស់ក្រុមហ៊ុន ML មង្គលរៀលធី គឺដើរស្របនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល នៅក្នុងការអភិវឌ្ឍលើវិស័យ «មនុស្ស ផ្លូវ ទឹក និង ភ្លើង» ដែលត្រូវបានលើកឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៕