មានបងប្អូនប្រជាពលរដ្ឋខ្មែរជាច្រើនឆ្ងល់ថា ហេតុអ្វីកម្ពុជាបូមប្រេងបានហើយ តែប្រេងនៅតែឡើងថ្លៃ ដោយរឿងមួយនេះធ្វើអោយបងប្អូនមួយចំនួនមានការគិតខុសៗគ្នា។ ដើម្បីបញ្ចប់នៅសំណួរមួយនេះ ក្រសួងរ៉ែ និងថាមពលបានចេញបញ្ជាក់នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ នេះថា តំណក់ប្រេងដំបូងដែលកម្ពុជាទទួលបានពីការបូមប្រេងនៅប្លុក A ក្នុងដែនសមុទ្រកម្ពុជា គឺជាការទទួលបានតំណក់ប្រេងឆៅ។ ប្រេងឆៅទាំងនោះ មិនអាចយកទៅប្រើប្រាស់ភ្លាមៗដោយផ្ទាល់ដូចជាការយកទៅចាក់បញ្ចូលយានជំនិះនិងមធ្យោបាយដឹកជញ្ជូនដូចជាម៉ូតូ ឡានបាននោះទេ។ ដើម្បីទទួលបានប្រេងឥន្ធនៈដូចជាប្រេងសាំង ប្រេងម៉ាស៊ូត ឧស្ម័ន LPG ឬហ្គាស គេត្រូវយកប្រេងឆៅទៅចម្រាញ់។ ក្រសួងបានបន្តទៀតថា ដោយហេតុថាកម្ពុជានៅមិនទាន់មានរោងចក្រចម្រាញ់ប្រេងនៅឡើយ ដូច្នេះកម្ពុជាគ្មានជម្រើសក្រៅពីលក់ប្រេងឆៅដែលបូមបានទៅចម្រាញ់នៅប្រទេសផ្សេងឡើយ។ មានន័យថា ទោះបីជាកម្ពុជាបូមប្រេងបានក៏ដោយក៏កម្ពុជានៅតែទិញប្រេងឥន្ធនៈពីប្រទេសដទៃដដែល ដូច្នេះតម្លៃប្រេងឥន្ធនៈនៅកម្ពុជានៅតែបន្តប្រែប្រួលទៅតាមតម្លៃប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិដូចពេលបច្ចុប្បន្នដដែល។
សូមជម្រាបផងដែរថា ដើម្បីផ្តល់យុត្តិធម៌ដល់អ្នកប្រើប្រាស់ប្រេងឥន្ធនៈនិងដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាជន ចាប់តាំងពីឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានដាក់ចេញរូបមន្តកំណត់ថ្លៃលក់រាយប្រេងដោយផ្អែកលើការប្រែប្រួលតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិរៀងរាល់១៥ថ្ងៃម្តង លើសពីនេះរាជរដ្ឋាភិបាលបានបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារក្នុង១លីត្រ។ អាស្រ័យហេតុនេះសូមសាធារណជនទូទៅ មេត្តាជ្រាបជាព័ត៌មាននិងស្វែងយល់ឲ្យបានច្បាស់ចៀសវាងការយល់ខុសនាំឲ្យមានក្តីរំពឹងខ្ពស់ហួសពីការពិត។
អត្ថបទដោយ៖ ពិសី