We TV Cambodia

ទម្លាប់៤យ៉ាងដែលអាចធ្វើឱ្យកូនរបស់លោកអ្នកលូតកម្ពស់លឿនតាមបែបធម្មជាតិ

ទម្លាប់៤យ៉ាងដែលអាចធ្វើឱ្យកូនរបស់លោកអ្នកលូតកម្ពស់លឿនតាមបែបធម្មជាតិ

ក្នុងចំណោមការលូតលាស់ ផ្នែកកាយសម្បទា កម្ពស់របស់កុមារក៏ជាចំណុចមួយដែលលោកអ្នកគួរយកចិត្តទុកដាក់។ ឪពុកម្តាយគ្រប់រូបតែងប្រាថ្នាចង់ឲ្យកូនរបស់ពួកគេ លូតលាស់ធំធាត់ប្រកបដោយសុខភាពល្អ ទាំងផ្នែករាងកាយ និងបញ្ញាស្មារតីខាងក្រោមនេះជាវិធីសាស្ត្រមួយចំនួនដែលលោកអ្នកអាចអនុវត្តដើម្បីឲ្យកូនលូតកម្ពស់លឿនតាមបែបធម្មជាតិ៖

១. ទម្លាប់ញ៉ាំអាហារដែលល្អសម្រាប់សុខភាព៖ សារពាង្គកាយរបស់កុមារ ជាពិសេសឆ្អឹង ត្រូវការសារធាតុចិញ្ចឹមចាំបាច់ដើម្បីធានាដល់ការលូតលាស់។ ក្នុងចំណោមសារធាតុជាច្រើន ប្រូតេអុីនជាចំណែកមួយដែលចូលរួមក្នុងការធ្វើឲ្យឆ្អឹងលូតលាស់បានល្អ ដោយលោកអ្នកអាចផ្តល់ឲ្យកូនបានតាមរយ:ការឲ្យពួកគេបរិភោគអាហារមួយចំនួនដូចជា ស៊ុត និងសណ្តែកសៀង។ល។ លើសពីនេះទៅទៀត អ្នកត្រូវធានាថា កូនអ្នកទទួលបាននូវវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់ ពីអាហារដែលពួកគេបរិភោគប្រចាំថ្ងៃដូចជា មើមការ៉ុត ផ្លែស្វាយ និងស្ពៃ Spinach។

២. ធ្វើលំហាត់ប្រាណ៖ ប្រភេទកីឡាមួយចំនួនដែលអាចជួយដល់ការលូតលាស់ឆ្អឹងរួមមានការហែលទឹក យូហ្គា និងការហាត់ពត់ពេនខ្លួនជាដើម។ក្រៅពីជួយការពារកុមារពីជំងឺធាត់ ការធ្វើលំហាត់ប្រាណទៀងទាត់ក៏ជាផ្នែកមួយដែលអាចជួយឲ្យឆ្អឹង និងសាច់ដុំលូតលាស់បានល្អផងដែរ។

៣. សម្រាកឲ្យបានគ្រប់គ្រាន់៖ នៅពេលកុមារគេង  សារពាង្គកាយរបស់គេផលិតនូវអ័រម៉ូនដែលមានតួនាទីជួយក្នុងការលូតលាស់ (Growth Hormone) ដែលជាមូលហេតុក្មេងគួរតែគេងឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ តាមការសិក្សា កុមារតូចៗ (អាយុចន្លោះ ១ទៅ៣ឆ្នាំ) ត្រូវការគេងចំនួន ១២ទៅ១៤ម៉ោងក្នុងមួយថ្ងៃ រីឯកុមារអាយុចន្លោះ ៥ទៅ១២ឆ្នាំ ត្រូវការគេងពី ១០ទៅ១១ម៉ោងក្នុងមួយថ្ងៃ។

៤. ឥរិយាបថឈរ ឬអង្គុយត្រឹមត្រូវ៖ លោកអ្នកគួរតែព្យាយាមបង្រៀន និងលើកទឹកចិត្តឲ្យកូនៗមានទម្លាប់ក្នុងការឈរ ឬអង្គុយឲ្យបានត្រឹមត្រូវចៀសវាងក្នុងការអង្គុយ ឬឈរកោងខ្នងដែលជាប្រការមួយផ្តល់ផលប៉ះពាល់ដល់ការលូតលាស់របស់ឆ្អឹងកងខ្នង។

យ៉ាងណាមិញ សូមបព្ជាក់ផងដែរថា ដើម្បីឲ្យកូនលូតកម្ពស់បានល្អ លោកអ្នកគួរតែចាប់ផ្តើមសាកល្បងអនុវត្តតាមការណែនាំដែលយើងបានរៀបរាប់ខាងលើជាប្រចាំបន្តិចម្តងៗ នោះវានឹងក្លាយជាទម្លាប់ ដែលអាចផ្តល់ឲ្យកូនអ្នកនូវសុខភាពល្អ និងការលូតលាស់ឆ្អឹងប្រកបដោយភាពត្រឹមត្រូវផងដែរ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles