សិប្បកម្មផលិតពាងមួយកន្លែងក្នុងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែងបានបង្កើនការផលិតឱ្យកាន់តែមានគុណភាព ដើម្បីស្វែងរកការគាំទ្រពីអតិថិជន ក្នុងការលើកស្ទួយ និងថែររក្សាកេរដំណែលដែលបន្សល់ទុកពីដូនតា។
លោក យោ យ៉ា អ្នកផលិតពាងនៅឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ បានឲ្យដឹងថា ការផលិតពាងជាមុខរបរមួយប្រកបដោយភាពសុច្ចរិត គ្រាន់តែយើងចំណាយដើមទុន កំលាំង និងធ្វើដោយយកចិត្តទុកដាក់ ទើបការផលិតនេះសម្រេចបានបរិមាណនិងគុណភាពល្អ។
លោកបន្តថា លោកចេះផលិតពាងតាំងពីតូច គឺរៀនតៗពីដូនតាមក ហើយលោកចង់អភិរក្សមុខរបរមួយនេះ ទើបនៅបន្តធ្វើជារៀងរហូតមក ព្រោះវាបានផ្តល់ប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពបានមួយផ្នែក បន្ទាប់ពីធ្វើស្រែចំការ។
ចំណែកលោកស្រី សុំ គឹមស្រាង ជាគ្រួសារជាមួយលោក យោ យ៉ា អ្នកផលិតពាងនេះដែរបានបញ្ជាក់ថា គ្រួសារគាត់មានមោទនភាពណាស់ ព្រោះមានរបរមួយប្រចាំគ្រួសារបានធ្វើការនៅផ្ទះ ដោយមិនបាច់ទៅស៊ីឈ្នួលលក់កម្លាំងពលកម្ម ឬធ្វើចំណាកស្រុកទៅរកការងារធ្វើឆ្ងាយពីក្រុមគ្រួសារ។ ជាមួយគ្នានេះដែរ លោកស្រី អំពាវនាវឱ្យបងប្អូននៅក្នុងស្រុកជួយគាំទ្រផលិតផលរបស់ពួកគាត់ផង ដើម្បីឱ្យការផលិតនេះស្ថិតនៅមាននិរន្តរភាព និងបានបង្ហាត់បង្រៀនទៅដល់បងប្អូនយុវជនជំនាន់ក្រាយឱ្យចេះបន្ត។
សូមបញ្ជាក់ថា ការផលិតពាងនេះ អ្នកជំនាញផលិតក្នុងមួយថ្ងៃបានចំនួន២ លក់ក្នុងតម្លៃ ៨ម៉ឺន ទៅ ១០ម៉ឺនរៀលតែប៉ុណ្ណោះចំពោះពាងមួយទៅតាមពាងតូច ឬធំ ហើយបច្ចុប្បន្ននេះអ្នកផលិតធ្វើលក់ទៅតាមតែបងប្អូនបញ្ជាទិញតែប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នផ្ទះប្រជាពលរដ្ឋខ្លះលែងប្រើពាងទៅហើយ ដោយបានប្ដូរមកប្រើជាអាង ឬបាសំាងទឹកវិញ ដែលអាចផ្ទុកទឹកបានច្រើនជាង៕
អត្ថបទដោយ៖ Nevin