អ្នកជំនាញផ្នែកវាយតម្លៃអចលនវត្ថុបានលើកឡើងថា ការវាយតម្លៃលើអចលនវត្ថុនៅកម្ពុជាគឺមានសារៈសំខាន់ខ្លាំងណាស់ទាំងភាគីអ្នកទិញនិងភាគីអ្នកលក់អចលនទ្រព្យ។
ការប្រើប្រាស់សេវាកម្មវាយតម្លៃអចលនទ្រព្យ គឺធ្វើឡើងដើម្បីដឹងពីការកើនឡើង និងការធ្លាក់ចុះរបស់វិស័យអចលនទ្រព្យនៅតាមតំបន់នានា ពីព្រោះវាបានផ្តល់ព័ត៌មានជាក់លាក់និងច្បាស់លាស់ជូនប្រជាពលរដ្ឋក៏ដូចជាអ្នកវិនិយោគទិញលក់លើផ្នែកអចលនវត្ថុដើម្បីឲ្យគេទទួលបាននូវទិន្នន័យច្បាស់ពីអ្នកជំនាញផ្នែកអចលនទ្រព្យផ្ទាល់។
មិនតែប៉ុណ្ណោះវាក៏ជាទឡ្ហីករជួយដល់គ្រឹះស្ថានធនាគារ ក្នុងការផ្តល់កម្ចីនិងតម្លៃសមរម្យទៅដល់អតិថិជន ដោយគ្រឹះស្ថានធនាគារទទួលបាននូវព័ត៏មានជាក់លាក់មួយនៃតម្លៃអចលនទ្រព្យលើទីផ្សារ។ការវាយតម្លៃផ្នែកអចលនទ្រព្យគឹធ្វើឡើងដើម្បីដឹងពីការកើនឡើងនិងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យនៅតាមតំបន់នានា។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍រៀល អ៊ីស្ទេត បង្ហាញពីអត្ថប្រយោជន៍នៃការវាយតម្លៃលើផ្នែកអចលនទ្រព្យថា គោលដៅនៃការវាយតម្លៃលើទីផ្សារអចលនទ្រព្យគឺដើម្បីកំណត់ “តម្លៃទីផ្សារ” របស់អចលនទ្រព្យមួយ ហើយតម្លៃរបស់អចលនទ្រព្យនោះនឹងនាំមកនូវការប្រកួតប្រជែងនៅក្នុងទីផ្សារបើកចំហយ៉ាងសកម្ម។ ជាទូទៅលោកថា ការវាយតម្លៃមួយដែលមានស្តង់ដារ គ្រប់ជ្រុងជ្រោយជាមួយនឹងរបាយការណ៍ពិតធ្វើឲ្យការទិញលក់វិនិយោគមានភាពត្រឹមត្រូវច្បាស់លាស់ ដែលអាចកាត់បន្ថយនៅហានិភ័យរបស់ពួកគាត់។
លោកប៉ូ អ៊ាវគង់ មានប្រសាសន៍ថា៖«ការវាយតម្លៃប្រកបដោយវិជ្ជាជីវះគឺត្រូវសិក្សាពីមជ្ឈដ្ឋាននោះឲ្យបានច្បាស់សិនដោយមានរបាយការណ៍ពីការវិនិយោគនិងទិន្នន័យព័ត៌មានពីការិយាល័យសុរិយោដីដែលពាក់ព័ន្ធដែលជាកន្លែងផ្តល់បណ្ណកម្មសិទ្ធិនិងទទួលស្គាល់ស្ថិតិការលក់ថ្មី ព័ត៌មានលម្អិតជាក់លាក់ពីអចលនទ្រព្យ និងនិន្នាការតម្លៃដែលពាក់ព័ន្ធ។
ម្យ៉ាងវិញទៀតការវាយតម្លៃនៅស្រុកខ្មែរភាគច្រើនគឺមានមន្ត្រីអ្នកវាយតម្លៃត្រឹមត្រូវដែលនេះជាទឡ្ហីករណ៍មួយសម្រាប់អោយបុគ្គលជឿទុកចិត្ត ។ លោកបន្តថា៖« ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋនិងអ្នកវិនិយោគ គឺអ្នកវាយតម្លៃទាំងអស់ត្រូវតែភ្ជាប់ទំនាក់ទំនងជាមួយធនាគារ ក្នុងគោលបំណងបង្កភាពងាយស្រួលនិងព័ត៏មានច្បាស់លាស់ ពីការពាក់ព័ន្ធលើតម្លៃឡើងចុះរបស់អចលនទ្រព្យ»។
លោកបន្ថែមថា៖ ជាទូទៅអតិថិជន ដែលត្រូវការអ្នកវាយតម្លៃគឺជា អ្នកទិញលក់ផ្នែកអចលនទ្រព្យ អ្នកដែលមានគម្រោងវិនិយោគអ្វីមួយ ក៏ប៉ុន្តែមនុស្សទូទៅដែលគាត់ចង់លក់ទិញនិងវិនិយោគអ្វីមួយគេតែងតែត្រូវការអ្នកវាយតម្លៃជានិច្ចដើម្បីកុំឲ្យខាតបង់ថវិកា»។
ទន្ទឹមនេះ លោកស្រី អាន សុធីតា នាយិកាជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានលើកឡើងពីបញ្ហាមួយចំនួនជុំវិញនៃការវាយតម្លៃផ្នែអចលនទ្រព្យនៅកម្ពុជាថា អ្វីដែលលោកស្រីមើលឃើញគឺការ សមគំនិតគ្នាជាមួយអ្នកវាយតម្លៃ និងអតិថិជន ក្នុងការវាយតម្លៃលើអចលនទ្រព្យ ដោយមានការបំប៉ោងតម្លៃ ដើម្បីទទួលបានកម្ចីពីធនាគារក្នុងបរិមាណច្រើន ជាងតម្លៃពិតប្រាកដ។
លោកស្រី លើកឡើងថា ៖« ដើម្បីឲ្យធនាគារការពារអតិថិជនរបស់ខ្លួនបាន គឺមានកិច្ចសន្សាមួយដើម្បីធានាថាមានការខាតតិចបំផុតកំឡុងដំណើរនៃការវិនិយោគហើយការវាយតម្លៃអចលនទ្រព្យដើរតួជាសំណាញ់សុវត្ថិភាពសម្រាប់ភាគីទាំងពីរ»។
លោកស្រី្តថ្លែងបន្តថា៖« ក្រៅពីនេះការប៉ាន់ស្មានទៅលើតម្លៃទីផ្សារអចលនទ្រព្យ អ្នកជំនាញគួរតែគិតអំពីការវាយតម្លៃពីមុននៃតម្លៃអចលនទ្រព្យនោះ ការវាយតម្លៃលើតំបន់ជាយក្រុង ព័ត៌មានពីម្ចាស់អចលនទ្រព្យ ប្រវត្តិក្នុងការលក់ ប្រវត្តិនៃការផ្ទេរសិទ្ធិ និងការប្រៀបធៀបតម្លៃលក់របស់អចលនទ្រព្យនៅតំបន់នោះ»។
ក្នុងយុគ្គសម័យថ្មីធនាគារពាណិជ្ជ និង អ្នកវាយតម្លៃផ្នែកអចលនទ្រព្យ នៅកម្ពុជាកំពុងក្លាយជាដៃគូ យ៉ាងជិតស្និទ្ធនឹងគ្នា ក្នុងការផ្តល់ជូននូវតម្លៃទីផ្សារលើវិស័យអចលនទ្រព្យដល់មនុស្សគ្រប់រូប និងសម្រាប់ទទួលបាននូវតម្លៃទីផ្សារដ៏ត្រឹមត្រូវដែលប្រកបដោយនូវចីរភាព និងវឌ្ឍនភាពខ្ពស់។
យ៉ាងណាមិញ លោក ងួន សុខសាន្ត ប្រធានផ្នែកទំនាក់ទំនងនៃធនាគារ BRED BANK CAMBODIA បានឲ្យដឹងថា ការវាយតម្លៃទាក់ទងនឹងផ្នែកអចលនទ្រព្យគឺធនាគារផ្ទាល់ដែលមានវត្តមានក្នុងស្រុកទាំងអស់ត្រូវការចាំបាច់ណាស់នូវការវាយតម្លៃអចលនទ្រព្យ ដើម្បីឲ្យអ្នកវាយតម្លៃផ្តល់ទិន្ន័យអំពីតម្លៃហាងឆេងច្បាស់លាស់ សម្រាប់ធ្វើឲ្យមានភាពងាយស្រួលក្នុងការផ្តល់ប្រាក់កម្ចី និងការលក់ អចលនទ្រព្យផ្សេងៗដល់ពួកគាត់(អតិថិជន)។
លោក សុខសាន្ត ថ្លែងថា៖«នៅពេលដែលធនាគារទទួលបាននូវព័ត៏មាននិងជ្រាបច្បាស់ពីតម្លៃហាងឆេង ពីទីផ្សារអចលនទ្រព្យទាំងអស់នោះគឹធ្វើឲ្យប្រតិបត្តិការ រវាងធនាគារជាមួយនិងអតិថិជនមានភាពល្អប្រសើរ និង មិនខាតបង់នូវប្រាក់កាក់ ជាពិសេសការផ្តល់ប្រាក់កម្ចីសមស្របទៅនឹងតម្លៃទូទៅ។»
លោកបន្តថា៖ប្រសិនបើធនាគារមិនទទួលបានព័ត៏មានច្បាស់ការនោះទេ ដូច្នេះរាល់ការផ្តល់ប្រាក់កម្ចីជូនអតិថិជនគឺប្រាកដណាស់នឹងផ្តល់នូវប្រាក់កម្ចីលើសពីតម្លៃទីផ្សារពិត ហើយបុគ្គលនោះនឹងរងគ្រោះពីហានិភ័យនេះជាមិនខានដូច្នេះទើបធនាគារត្រូវការអ្នកវាយតម្លៃមួយដែលមានជំនាញស្របតាមស្តង់ដារ»៕
