We TV Cambodia

អ្នកជំនាញ៖ មិនចាំបាច់តែធ្វើជាសហគ្រិន ធ្វើជាបុគ្គលិកដែលមានស្មារតីសហគ្រិនក៏អាចជោគជ័យដែរ

អ្នកជំនាញ៖ មិនចាំបាច់តែធ្វើជាសហគ្រិន ធ្វើជាបុគ្គលិកដែលមានស្មារតីសហគ្រិនក៏អាចជោគជ័យដែរ

ដោយ៖ពេជ្រ

ភ្នំពេញ៖ គ្រប់គ្នាតែងប្រាថ្នាចង់ក្លាយជាអ្នកជោគជ័យផ្នែកនេះ ឬផ្នែកនោះ ជាមួយគ្នានេះដែរមិនចាំបាច់តែក្លាយជាសហគ្រិនទើបអាចជោគជ័យបានទេ ពោលទោះអ្នកត្រឹមជាបុគ្គលិកមួយរូបដែលមានស្មារតីសហគ្រិនក៏អាចជោគជ័យដែរ។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ​លោក ង៉ែត ជូ។

អ្នកជំនាញរូបនេះ បានលើកឡើងថា សម័យនេះមានយុវជនជាច្រើនចង់ជោគជ័យតាមរយៈការធ្វើខ្លួនសហគ្រិនវ័យក្មេង។ យើងត្រូវទទួលស្គាល់ថាមនុស្សទាំងអស់មិនអាចក្លាយខ្លួនជាសហគ្រិនបាននោះទេ។ ម្យ៉ាងវិញទៀត បើទោះជាធ្វើការអោយគេក៏អាចជោគជ័យបានដែរអោយតែមានស្មារតីសហគ្រិនពិតប្រាកដ។ ខាងក្រោមនេះគឺជាគំនិតខ្លះៗដែលអ្នកគួរធ្វើក្នុងនាមជាបុគ្គលិកដែលមានស្មារតីសហគ្រិន។

១) ធ្វើជាបុគ្គលិកដែលមានគំនិតផ្តួចផ្តើម និងទំនួលខុសត្រូវខ្ពស់៖

ស្ថាប័នឬក្រុមហ៊ុនមួយមានការរីកចំរើនលុៈត្រាតែមានគំនិតថ្មីៗ និងអនុវត្តគំនិតទាំងនោះប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល (effective and efficient)។ ការចូលរួមផ្តល់នូវគំនិតផ្តួចផ្តើមដែលនាំអោយស្ថាប័នរីកចំរើននឹងទទួលបានការអោយតម្លៃពីសំណាក់និយោជក ហើយរឹតតែទទួលបានការអោយតម្លៃទៀតនោះគឺការទទួលខុសត្រូវក្នុងការបំពេញការងាររបស់បុគ្គលិកម្នាក់ៗ។

២) ចាត់ទុកខ្លួនអ្នកជាផលិតផលដែលត្រូវអភិវឌ្ឍជាប់ជានិច្ច

បើទោះជាអ្នកចេញពីមហាវិទ្យាល័យមានសញ្ញាបត្រ័បរិញ្ញា២-៣ និងអនុបណ្ឌិតក៏មិនគ្រប់គ្រាន់ដែរ។ អ្នកត្រូវរៀននូវជំនាញខ្លីៗ និងសិក្សាស្រាវជ្រាវជាប់ជាប្រចាំដើម្បីអភិវឌ្ឍសមត្ថភាពអោយត្រូវនឹងសម័យកាល និងសេចក្តីត្រូវការរបស់និយោជក។ ពោលគឺត្រូវធ្វើខ្លួនជាទ្រព្យដ៏មានតម្លៃឬជាគ្រាប់ពេជ្រពិតប្រាកដសំរាប់និយោជក។

៣) ត្រូវចាត់ទុកមិត្តរួមការងារ និងបុគ្គលិកក្រោមបង្គាប់ជាអតិថិជនផងដែរ

មានបុគ្គលិកមួយចំនួនមិនមានភាពប៉ិនប្រសប់ក្នុងការបំពេញការងារជាក្រុមនោះទេ ហើយតែងមិនសូវមានភាពចុះសំរុងនឹងមិត្តរួមការងារ មិនចេះផ្តល់ឱកាសអោយបុគ្គលិកក្រោមបង្គាប់ ហើយខំប្រឹងតែយកចិត្តមេ (អ្នកគ្រប់គ្រងរបស់ខ្លួនផ្ទាល់)។ នោះជាកំហុសឆ្គងធំមួយ។ តាមពិតនៅពេលវាយតម្លៃការងារប្រចាំឆ្នាំម្តងៗ អ្នកគ្រប់គ្រងដែលឆ្លាតវៃតែងសុំយោបល់ពីអ្នកក្រោមបង្គាប់ និងមិត្តរួមការងារដទៃទៀត។ ត្រង់នេះហើយដែលថាមិត្តរួមការងារ និងបុគ្គលិកក្រោមបង្គាប់ក៏ជាអតិថិជនរបស់អ្នកដែរ។ ដូច្នេះហើយអ្នកត្រូវមានភាពប៉ិនប្រសប់អាចធ្វើការចុះសំរុងជាមួយមនុស្សគ្រប់ប្រភេទ។ ត្រូវទទួលស្គាល់ថាមនុស្សទាំងអស់មានចរិតមិនដូចគ្នាទេ។

៤) លក់ផលិតផលទៅអោយអតិថិជនដែលអោយតម្លៃលើសមត្ថភាពរបស់អ្នក និងហ៊ានចំណាយ

ប្រសិនបើធ្វើបានល្អដោយបំពេញនូវចំណុចទី១ ទី២ និងទី៣ខាងលើរួចហើយ ប៉ុន្តែនៅមិនទាន់ទទួលបានការទទួលស្គាល់ពីសមត្ថភាព និងអោយតម្លៃពីសំណាក់និយោជក (មិនទទួលបានការតំឡើងឋានៈ ឬប្រាក់ខែអោយសមនឹងសមត្ថភាព) អ្នកប្រហែលជាត្រូវពិចារណារិះរកវិធីលក់ផលិតផលរបស់អ្នកទៅអោយអតិថិជនថ្មីហើយ។ ពោលគឺត្រូវស្វែងរកការងារនៅស្ថាប័នឬក្រុមហ៊ុនថ្មីដែលអោយតម្លៃលើសមត្ថភាពរបស់អ្នក។ ពេលខ្លះ អ្នកមិនអាចបង្រៀនមាន់អោយអោយតម្លៃលើគ្រាប់ពេជ្រនោះទេ មាន់អោយតម្លៃតែលើគ្រាប់ស្រូវតែប៉ុណ្ណោះ។

៥) ប្រើប្រាស់ប្រាក់ខែដែលរកបានដោយភាពឆ្លាតវៃ

ត្រូវចាត់ទុកប្រាក់ខែដែលរកបានដោយលំបាកជាពីរ គឺគ្រាប់បាយ និងគ្រាប់ពូជ។ គ្រាប់បាយគឺចាយតែលើអ្វីដែលចាំបាច់សំរាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ។ គ្រាប់ពូជគឺយកទៅវិនិយោគបង្កើតជាទ្រព្យបន្ត។ ដើម្បីអោយមានប្រសិទ្ធិភាពខ្ពស់ ជាង៦០%នៃប្រាក់ខែដែលអ្នករកបានគួរតែប្រើជាគ្រាប់ពូជ។ ធ្វើដូច្នេះ អ្នកនឹងមានជីវភាពធូរធាក្នុងរយៈពេលចន្លោះ១០-១៥ឆ្នាំនៃជីវិតការងារជាបុគ្គលិកព្រោះទាំងរូបអ្នក និងប្រាក់ដែលអ្នករកបានសុទ្ធតែខំធ្វើការខ្លាំង។ ចូរ ចៀសវាងការខំធ្វើការខ្លាំងដើម្បីតែរកប្រាក់ ហើយប្រាក់មិនបានជួយធ្វើការបង្កើតប្រាក់បន្ត។

ប្រភព៖ លោកង៉ែត ជូ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *