We TV Cambodia

អាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងខេត្តកោះកុងនឹងត្រូវបើកឲ្យដំណើរការនៅចុងឆ្នាំ២០២១ខាងមុខនេះ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងខេត្តកោះកុងនឹងត្រូវបើកឲ្យដំណើរការនៅចុងឆ្នាំ២០២១ខាងមុខនេះ

ដោយ៖ឧត្តម

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់នៃអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងខេត្តកោះកុងនឹងត្រូវបើកឲ្យដំណើរការនៅចុងឆ្នាំ២០២១ខាងមុខនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ចំណតយន្តហោះថ្មីនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីៗនេះ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីតារាសាគរស្ថិតនៅភាគនិរតីនៃខេត្តកោះកុងនឹងបញ្ចប់ក្នុងរយៈពេលប្រមាណ ៣ ឆ្នាំទៀត។
អាកាសយានដ្ឋាននេះនឹងមានទីតាំងស្ថិតនៅក្បែររមណីយដ្ឋានតារាសាគរដែលលោកនាយករដ្ឋមន្រ្តីហ៊ុនសែនកាលពីខែមករាដើមឆ្នាំនេះ បាន ដាក់ថាជាទិសដៅទេសចរណ៍ធម្មជាតិដ៏ប្រណីតដែលនឹងដាក់កោះកុងលើផែនទីសម្រាប់ទេសចរអន្តរជាតិ។

លោកម៉ៅ ហាវណ្ណាល់ មានប្រសាសន៍ថាអាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងខេត្តកោះកុងកំពុងសាងសង់ហើយកំពុងដំណើរការជាធម្មតានៅពេលនេះ។ លោកបាននិយាយថាវា (តារាសាគរ) គឺដូចជាតំបន់ស្វយ័តដែលរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន Union Development Group (UDG) អភិវឌ្ឍនៅទីនោះ។

លោកថា៖«ខ្ញុំមិនច្បាស់ទេក្នុងចំណោមព្រលានយន្តហោះថ្មីទាំង ៥ ដែលស្ថិតក្នុងគម្រោងសាងសង់មួយ ណានឹងត្រូវដាក់ឱ្យដំណើរការមុននោះទេពីព្រោះវាពឹងផ្អែកលើទំហំនិងកម្រិតនៃការវិនិយោគប៉ុន្តែខ្ញុំគិតថាអាកាសយានដ្ឋានអន្តរជាតិតារាសាគរក្នុងខេត្តកោះកុងទំនងជានឹងប្រតិបត្តិការមុនគម្រោងផ្សេងៗទៀត។ វាអាចដំណើរក្នុងឆ្នាំ ២០២១ ឬ ២០២២»។
អាកាសយានដ្ឋាននេះជាគម្រោងរបស់ក្រុមហ៊ុន Union Development Group (UDG) ដែលគ្រប់គ្រងដោយជនជាតិចិន ហើយអាកាសយានដ្ឋាននេះនឹងអាចទទួលយន្ដហោះឆ្ងាយដូចជាយន្ដហោះប៊ូអ៊ីង ៧៧៧ និង Airbus A340 ។ វាមានទីតាំងនៅស្រុកបុទុមសាគរខេត្តកោះកុងដែលនៅឆ្នាំ ២០០៨ ក្រុមហ៊ុនបានទទួលដីសម្បទាន ៩៩ ឆ្នាំ។

ក្នុងនេះដែរ គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិនេះ ជាការអភិវឌ្ឍស្ថិតនៅក្នុងផ្នែកមួយដែលមានឈ្មោះថា គម្រោងអភិវឌ្ឍឆ្នេរសមុទ្រតារាសាគរ (Dara Sakor Seashore Resort Development) ដែលកំពុងអភិវឌ្ឍនៅស្រុកពីរក្នុងខេត្តកោះកុង ដើម្បីក្លាយជាទីក្រុងរមណីយដ្ឋានដ៏ល្អបំផុតមួយនៅតំបន់អាស៊ីអាគ្នេយ៍។
ក្នុងដំណាក់កាលដំបូងអាកាសយានដ្ឋាននេះ ក្រុមហ៊ុនបានចំណាយទឹកប្រាក់២០០លានដុល្លារ ក្នុងនោះផ្ទៃដី៨១៨ហិកតា។ ក្នុងនោះផ្ទៃដី ១៨៧កន្លែងសម្រាប់យន្តហោះចត។

អាកាសយានដ្ឋាននេះនឹងត្រូវទទួលយន្តហោះ ដែលហោះហើរពីបណ្តារប្រទេសជុំវិញពិភពលោកដោយដំណាក់ទី១បានបញ្ចប់ការសាងសង់កន្លែងអ្នកដំណើរ និងផ្លូវរត់។
អាកាសយានដ្ឋាននេះនឹងអាចទទួលបានភ្ញៀវទេសចរ៤លាននាក់ក្នុងមួយឆ្នាំ។ ផ្លូវរត់ដំណាក់កាលទី១មានប្រវែង៣,២គីឡូម៉ែត្រ និងទទឹង៦០ម៉ែត្រដោយបច្ចុប្បន្នផ្លូវសម្រាប់រត់របស់យន្តហោះគឺជិតរួចរាល់ហើយ។ ដោយឡែក ផ្ទៃដីជាង៦៧.០០០ម៉ែត្រក្រឡាត្រូវបានបម្រុងទុកសម្រាប់Tarmac។ ដោយអ្នកបច្ចេកទេសស្ថាបត្យករនិងអ្នកជំនាញផ្សេងទៀតដែលបម្រើការងារនៅក្នុងគម្រោងនេះសុទ្ធតែជាជនជាតិចិនរីឯ កម្មករសំណង់ទាំងអស់សុទ្ធតែជាជនជាតិខ្មែរ។

លោក ស៊ិន ចាន់សិរីវុត្ថា មន្រ្តីអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអកាសចរណ៍ស៊ីវិលកម្ពុជា (SSCA) បានឲ្យដឹងដែរថា នៅពេលការអភិវឌ្ឍដំណាក់កាលទី១ចប់ វារំពឹងទុកថានឹងមានយន្តហោះប្រភេទហោះហើរផ្លូវឆ្ងាយភ្ជាប់ជើងហោះហើរមកកាន់ប្រទេសកម្ពុជាបានកាន់តែច្រើនក៏ដូចជាព្រលានយន្តហោះតារាសាគរខេត្តកោះកុងនេះផ្ទាល់។

លោក សិរីវុត្ថាមានប្រសាសន៏បន្តថា៖«បន្ទាប់ពីដំណាក់ទី១បានបញ្ចប់ នោះដំណាក់ទី២និងទី៣នឹងបន្តទៀតប៉ុន្តែមិនទាន់អាចបញ្ជាក់ច្បាស់នៅឡើយទេរហូតដល់គម្រោងទី១សម្រេចចប់សព្វគ្រប់សិន។ដោយការអភិវឌ្ឍគម្រោងអាកាសយានដ្ឋាននេះទាំងមូលគឺមានទុនវិនិយោគប្រមាណជាង ៥០០លានដុល្លារអាមេរិក»។
នាពេលសព្វថ្ងៃនេះ កម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិចំនួន៣ កំពុងប្រតិបត្តិការគឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងព្រះសីហនុ។

ក្រៅពីអាកាសយានដ្ឋានអន្តរជាតិទាំង៣នេះរាជរដ្ឋាភិបាលកម្ពុជារួមជាមួយដៃគូឯកជនបាននឹងកំពុងសិក្សាសាងសង់ព្រលានយន្តហោះចំនួន៥បន្ថែមទៀតក្នុងនោះរួមមានអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីដែលមានទីតាំងស្ថិតនៅជាប់ខេត្តកណ្តាលនឹងក្រុងតាខ្មៅ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប កោះកុង ប៉ោយប៉ែត និងមណ្ឌលគីរី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *