We TV Cambodia

សណ្ឋាគារ និងរ៊ីស៊ត​ថ្មីមួយទៀតនឹងសង់ឡើងក្នុងក្រុងព្រះសីហនុ

សណ្ឋាគារ និងរ៊ីស៊ត​ថ្មីមួយទៀតនឹងសង់ឡើងក្នុងក្រុងព្រះសីហនុ
រូបថតៈ Facebook ក្រសួងសាធារណការនិងដឹកជញ្ជូន

ដោយៈ ទិន សុខាវុធ

គំរោង​សាងសង់ Sea​ Breeze​ Hotel​ and​ Resort នៅ​លើផ្ទៃ​ដី ៥,២២៤ ម៉ែត្រ​ការ៉េ នៅ​ក្នុង​ក្រុង​ព្រះសីហនុ ត្រូវ​បានរាជ​រដ្ឋាភិបាល​​ផ្តល់​ភ្លើង​ខៀវ​​អនុញ្ញាត​អោយ​សាងសង់​ហើយ​​។

កាល​ពី​ថ្ងៃ​ទី ១៦ ខែ​ តុលា​ ឆ្នាំ ២០១៩ ការប្រជុំថ្នាក់អន្តរក្រសួង​មួយ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ពិនិត្យ​គំរោង​សំណង់មួយចំនួន ក្នុងនោះក៏មាន​គំរោង​សាងសង់​សណ្ឋាគារ​និង​រីស៊ត​ខាង​លើនេះ​ដែរ​។

ជា​លទ្ធផល គំរោង​នេះ​ត្រូវ​បាន​រាជ​រដ្ឋាភិបាល​គាំ​ទ្រ និង​បាន​ចាត់ទុក​ថា ​គោរព​ទៅតាម​គោលការណ៍​បរិដ្ឋានស្អាត ព្រោះ​នៅ​ក្នុង​​គំរោង​នេះ​ ក៏​មាន​ការរៀបចំ​បង្កើតឡើងនូ​វអាង​ចំរោះ​ទឹក​កក្វក់ ដែលនឹងមានសមត្ថភាពគ្រប់គ្រាន់​ ក្នុង​សំអាត​បរិមាណ​​ទឹក​កក្វក់​ទាំងអស់​ ដែល​នឹង​ត្រូវ​​ប្រើប្រាស់​ដោយ​សណ្ឋាគារនិង​រ៊ីស៊ត​។

ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​រាជ​រដ្ឋាភិបាល​បាន​តំរូវ​អោយ​ម្ខាស់​គំរោង​ខាង​លើ​ ត្រូវ​​ធ្វើ​យ៉ាងណា​រៀបចំ​តំបន់នៅ​ជុំវិញ​គំរោង​នេះ អោយ​ក្លាយ​ទៅ​ជា​តំបន់​​ប្រកប​ដោយ​មេត្រី​ភាព​បរិស្ថាន​ ដោយ​​ត្រូវ​កាត់​បន្ថយ​ការប្រើប្រាស់​ថង់​ប្លាស្ទិក ហើយ​ក៏​ត្រូវ​ដាំ​ដើម​ឈើ ឬ​រុក្ខជាតិ​លំអ​អោយ​បាន​ច្រើន​ផង​ដែរ​​។

មួយវិញ​ទៀត រាជ​រដ្ឋាភិបាល​ក៏​បានតំរូវ​អោយ​ម្ខាស់​គំរោង ត្រូវ​គោរព​វប្បធម៌​ប្រពៃណី ទំនៀមទំលាប់ និង​រចនាបថ​ខ្មែរ​ទាក់ទង​ទៅ​នឹងស្ថាបត្យកម្ម ទាំង​នៅ​ខាង​ក្នុង​និង​ខាង​ក្រៅ​បណ្តា​អគារ​ទាំងឡាយ​។

ទាក់ទង​នឹង​រឿង​នេះ យោង​តាម​​របាយការណ៍​របស់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ចំនួន​សណ្ឋាគារ និង​ផ្ទះ​សំណាក់​នៅ​ក្នុង​ខេត្ត មាន​ចំនួន​ជាង ១៥០ កន្លែង ហើយ​ ៩០% នៃ​សំណង់​ទាំងនោះ ត្រូវ​បាន​គ្រប់គ្រងដោយ​​ជនជាតិចិន។

បើតាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC ​ចាប់ពី​ឆ្នាំ២០១៦​ មកទល់​នឹង​ ខែសីហា​ ឆ្នាំ២០១៩​ ខេត្ត​ព្រះសីហនុ​ ទទួល​បាន​ទុន​វិនិយោគ​ពី​ប្រទេស​ចិន​មានចំនួនប្រមាណ​ ២ ពាន់​លាន​ ដុល្លារ​អាមេរិក គឺ​​ស្មើនឹង ៨​.៩% នៃ​ទុន​វិនិយោគ​សរុប​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *