We TV Cambodia

ផ្សោតទឹកសាប កំពុងតែខ្សត់ ពេលនេះបាត់បង់ជីវិតមួយក្បាលទៀតហើយ

ផ្សោតទឹកសាប កំពុងតែខ្សត់ ពេលនេះបាត់បង់ជីវិតមួយក្បាលទៀតហើយ

ផ្សោតញីមួយក្បាលទម្ងន់ជាង២០០គីឡូក្រាម ក្នុងតំបន់អន្លង់ផ្សោតកាំពី ខេត្ដក្រចេះ ​ត្រូវបានបាត់បង់ជីវិត ខណៈដែលប្រជាពលរដ្ឋបានប្រទះឃើញ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ។ សាកសពផ្សោតអណ្ដែតទឹក ត្រូវបានគេប្រទះឃើញនៅត្រង់ចំណុច ព្រែកខ្សោរ ភូមិសំបុក ឃុំសបុក ស្រុកចិត្របុរី។

យោងតាមការធ្វើកោសល្យវិច័យ របស់អ្នកជំនាញ មកពីWWF ប្រចាំនៅខេត្ដក្រចេះបានឲ្យដឹងថា សត្វផ្សោតកម្រមួយក្បាលនេះបានបាត់បង់ជីវិត ប្រហែលមួយថ្ងៃមកហើយ ព្រោះស្ថានភាពសាកសព មានភាពនៅស្រស់នៅឡើយ។ ផ្សោតមួយក្បាលនេះត្រូវបានគេកំណត់ ID -95 ដែលមានទម្ងន់ ២០១គីឡូក្រាម និងមានប្រវែង​២៣០សង់ទីម៉ែត្រ។ លទ្ធផលកោសល្យវិច័យបានបន្ដទៀតថា មូលហេតុដែល​ផ្សោតកម្សត់មួយក្បាលបាត់បង់ជីវិត ព្រោះតែមានវ័យណាស់ទៅហើយ ព្រោះថាសាកសពផ្សោតនេះ អត់មានជាស្លាកស្នាម រលាត់ ជាំអ្វី ឬប៉ះទង្គិចនោះទេ ហើយធ្មេញ លើក្រោម របស់ផ្សោត បានសឹករិចរិលអស់ទៅហើយដែរ។ ក្រោយពិនិត្យ និងវាស់វែងរួច ក្រុមការងារបានសម្រេចធ្វើការវះកាត់ ដើម្បីយកសំណាករក្សាទុកនៅ WWF។

គួរជម្រាបថា សត្វផ្សោតគឺជាប្រភេទសត្វកម្រមួយនៅលើពិភពលោក ដែលមានអង្គការជាច្រើនបាននិងកំពុងចូលរួមអភិរក្ស ក្នុងនោះអង្គការ WWF បានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាយ៉ាងជិតស្និទ្ធ ក្នុងការចូលរួមអភិរក្សសត្វផ្សោតនេះ ប៉ុន្តែដោយសារកត្តាមួយចំនួនបានប៉ះពាល់ដល់ការរស់នៅរបស់វា និងចេះតែធ្វើឲ្យពួកវាស្លាប់ជាបន្តបន្ទាប់។

ដោយ៖ Stince

ប្រភព៖ ក្នុងស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *