We TV Cambodia

ផលិតផលខ្មែរ៥០% នឹងត្រូវដាក់លក់នៅក្នុងម៉ាត 7-Eleven ដែលគ្រោងនឹងបើកដំណើរការក្នុងប្រទេសកម្ពុជានាពេលខាងមុខ

ផលិតផលខ្មែរ៥០% នឹងត្រូវដាក់លក់នៅក្នុងម៉ាត 7-Eleven ដែលគ្រោងនឹងបើកដំណើរការក្នុងប្រទេសកម្ពុជានាពេលខាងមុខ
ម៉ាត 7-Eleven ក្នុងប្រទេសថៃ (ប្រភព៖ Google)

កាលពីថ្ងៃចន្ទម្សិលមិញនេះ ឯកឧត្តមឯកអគ្គរាជទូត អ៊ូក សោភ័ណ បានជួបពិភាក្សាជាមួយលោក Chairoj Tiwatmuncharoen អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន CP ALL Plc. និងជាអគ្គនាយកក្រុមហ៊ុន CP ALL (Cambodia) Co., Ltd អំពីគម្រោងវិនិយោគហាងលក់ទំនិញ 7-Eleven នៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ។

ជំនួបរវាងឯកអគ្គរាជទូតកម្ពុជា ជាមួយលោក Chairoj Tiwatmuncharoen (ប្រភព៖ ហ្វេសប៊ុក)

នៅក្នុងជំនួបនេះដែរ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជា បានសម្តែងការអបអរចំពោះក្រុមហ៊ុន CP ALL ដែលបានទទួលសិទ្ធិធ្វើអាជីវកម្មហ្វ្រេនឆាយពីក្រុមហ៊ុន 7-Eleven Inc. នៅជប៉ុន និងសហរដ្ឋអាមេរិក និងបានស្នើសុំក្រុមហ៊ុនគោរពពាក្យសន្យា គឺប្រើប្រាស់បុគ្គលិកខ្មែរឱ្យបានច្រើន និងដាក់លក់ផលិតផលខ្មែរឱ្យបាន៥០%។

ជំនួបរវាងឯកអគ្គរាជទូតកម្ពុជា ជាមួយលោក Chairoj Tiwatmuncharoen (ប្រភព៖ ហ្វេសប៊ុក)

ជាការឆ្លើយតប លោក Chairoj Tiwatmuncharoen បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការអនុវត្តពាក្យសន្យាខាងលើ និងបានស្នើសុំស្ថានទូត​កម្ពុជា​ជួយសម្របសម្រួលផ្តល់ព័ត៌មានអំពីផលិតផលខ្មែរ ជាពិសេសអាហារកែច្នៃ និងអាហារក្រៀមដើម្បីឲ្យក្រុមហ៊ុនសិក្សា និងដាក់បញ្ចូលក្នុងបញ្ជីមុខទំនិញសម្រាប់លក់នៅក្នុង​សាខាដំបូង ដែលគ្រោងនឹងបើកនៅចុងឆ្នាំនេះ។

ជំនួបរវាងឯកអគ្គរាជទូតកម្ពុជា ជាមួយលោក Chairoj Tiwatmuncharoen (ប្រភព៖ ហ្វេសប៊ុក)

គូសបញ្ជាក់ផងដែរថា 7-Eleven ជាយីហោម៉ាតដ៏ល្បីមួយនៅទូទាំងពិភពលោក ដែលមានចំនួន ៦៨,២៣៦សាខា និងត្រូវបានក្រុមហ៊ុន CP ALL Cambodia នាំចូលមកវិនិយោគក្នុងប្រទេសកម្ពុជា ដោយមានកុងត្រារយៈពេល ៣០ឆ្នាំ។ មិនតែប៉ុណ្ណោះ យីហោនេះមានគម្រោងបង្កើតសាខាក្នុងប្រទេសកម្ពុជាឲ្យបាន ៧០០សាខា ទៅ ១,០០០សាខាឯណោះក្នុងរយៈពេល៥ឆ្នាំដំបូង។

ជំនួបរវាងឯកអគ្គរាជទូតកម្ពុជា ជាមួយលោក Chairoj Tiwatmuncharoen (ប្រភព៖ ហ្វេសប៊ុក)
ជំនួបរវាងឯកអគ្គរាជទូតកម្ពុជា ជាមួយលោក Chairoj Tiwatmuncharoen (ប្រភព៖ ហ្វេសប៊ុក)

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *