រដ្ឋាភិបាលគ្រោងនឹងបង្កើត សួនផ្កាកេសរកូលព្រៃ និង រចនាសម្ព័ន្ធចម្រុះផ្សេងទៀត លើផ្ទៃដីសរុបដល់ទៅ ២០២០ហិកតា ក្នុងទឹកដីខេត្ដសៀមរាប ដើម្បីចូលរួមចំណែកលើកស្ទួយ វិស័យទេសចរណ៍ និង ការចូលរួមការពារ សម្បត្ដិធម្មជាតិកម្រមួយនេះ។ សួនផ្កាមួយនេះនឹងត្រូបង្កើតឡើងនៅតំបន់ជើងភ្នំគូលែន ក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
លោកជំទាវ ចាន់ សុម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា «យើងនឹងបង្កើតជាសួនផ្សេងៗដូចជាសួនកេសរកូលព្រៃ សួនកេសរកូលបង្កាត់ សួនមេអំបៅ សួនបន្លែធម្មជាតិ សួនឱសថបុរាណ សួនប្រទាលនិងសួនពូជរុក្ខជាតិសំខាន់ៗដែលមានក្នុងប្រទេសកម្ពុជា។សម្រាប់រចនាសម្ព័ន្ធទី២ នឹងរៀបចំអគារផ្តល់ព័ត៌មាន អគារសម្រាប់ ផ្សព្វផ្សាយអគាររដ្ឋបាលនិងរចនាសម្ព័ន្ធទី៣នឹងរៀបចំកន្លែងសម្រាប់កម្សាន្តមើលកេសរកូលនិងសិក្សាស្រាវជ្រាវជាដើម»។
តាមការកំណត់អត្តសញ្ញាណពូជកេសរកូលព្រៃ មានចំនួន ១៧០ប្រភេទ ក្នុងចំណោមពូជកេសរកូលព្រៃដែលត្រូវបានគេប៉ាន់ប្រមាណថា មានចន្លោះពី៥០០ ទៅ៧០០ប្រភេទ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
ការបង្កើតសួន ក៏ដូចជា មជ្ឈមណ្ឌលស្រាវជ្រាវនេះនឹងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជាច្រើនដូចជា រក្សានិងស្ដារពូជកេសរកូលព្រៃក្នុងស្រុក ប្រមូលផ្ដុំសំណាកកេសរកូលរស់ កត់ត្រា និងធ្វើសារពើភ័ណ្ឌ សម្រាប់សិក្សាស្រាវជ្រាវ ផ្ដល់ចំណេះដឹង និងព័ត៌មានវិទ្យាសាស្រ្តពីកេសរកូលព្រៃ សម្រាប់ មនុស្សជំនាន់ក្រោយ និងសួនកម្សាន្តជាដើម។
ដោយ ៖ Stince