ដោយៈ ទិន សុខាវុធ
កាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០១៩ កន្លងទៅនេះ ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានសរសេរនៅលើទំព័រ Facebook របស់ស្ថានទូតថា៖ «ថ្ងៃនេះគឺជាខួបលើកទី ៥០ នៃការចុះចតរបស់យាន្តអាប៉ូឡូ ទី ១១ នៅលើឋានព្រះចន្ទ! នៅពេលដែលលោក Neil Armstrong បានបោះជំហានដំបូងរបស់មនុស្សជាតិ នៅលើឋានព្រះចន្ទ» ។
លើសពីនេះទៀត ស្ថានទូតក៏បានលើកឡើងផងដែរថា សហរដ្ឋអាមេរិកនឹងផលិតយានអវកាសថ្មីៗទៀត ដើម្បីបញ្ជូនអ្នកឯកទេសរបស់គេ អោយទៅសង់មូលដ្ឋានអវកាសនៅលើស្ថានព្រះច័ន្ទ ចាប់ពីឆ្នាំ ២០២៤ ឡើងទៅ ក្នុងគោលបំណងជួយសំរួលដល់ការបន្តដំណើររបស់អ្នកស្រាវជ្រាវរុករកអាមេរិកាំងទៅកាន់ភពអង្គារ។
តាមការពិត ការចុះចតប្រកបជោគជ័យនៃយានអវកាស Apollo-11 នៅលើស្ថានព្រះច័ន្ទ ជាជ័យជំនះដ៏ធំធេងមួយរបស់សហរដ្ឋអាមេរិក នៅក្នុងការប្រណាំងប្រជែងនៅក្នុងវិស័យអវកាស (space race) ជាមួយនឹងអតីតសហភាពសូវៀតនៅក្នុងទសវត្សរ៍ទី ៥០ និងទី ៦០ ។
ដំបូងឡើយ មុនការចុះចតរបស់ Apollo-11 នៅលើស្ថានព្រះច័ន្ទ គឺអតីតសហភាពសូវៀតដែលជាអ្នកនាំមុខគេ នៅក្នុងការប្រណាំងប្រជែងផ្នែកអវកាសនេះ ដោយបានប្រើយានអវកាសប្រភេទ «Soyuz» របស់ពួកគេ ដឹកយកផ្កាយរណបដំបូងគេអង្អស់មានឈ្មោះថា «Sputnik-1» យកទៅបង្ហោះនៅក្នុងគន្លងគោចរ (orbit) របស់ផែនដី នៅថ្ងៃទី ៤ តុលា ឆ្នាំ ១៩៥៧ ។ ហើយនៅថ្ងៃទី ១២ ខែ មេសា ឆ្នាំ ១៩៦១ អតីតសហភាពសូវៀតក៏បានបញ្ជូនមនុស្សដំបូងគេបំផុត ដែលជាអ្នកអវកាសឈ្មោះ Yuri Gagarin អោយទៅដល់គន្លងគោចររបស់ផែនដីមុនគេ។
ក៏ប៉ុន្តែ នៅពេលដែលសហរដ្ឋអាមេរិកបានយកអ្នកយានអវកាសអោយទៅជាន់ស្ថានព្រះច័ន្ទមុនគេនោះ ហើយលទ្ធផលបានមកពីការស្រាវជ្រាវរុករកនៅស្ថានព្រះច័ន្ទបានបង្ហាញថា នៅស្ថានព្រះច័ន្ទគ្មានខ្យល់ដកដង្ហើម គ្មានទឹកផឹក គ្មានស្រទាប់បរិយាកាស និងដីគ្មានជីរជាតិនោះ អតីតសហភាពបានបង្វែរទិសដៅនៃការប្រណាំងប្រជែងផ្នែកអវកាស មកជាការស្រាវជ្រាវបង្កើតស្ថានីយអវកាសវិញ។ ហើយជាលទ្ធផល អតីតសហភាពបានបង្កើតស្ថានីយអវកាសមុនគេបង្អស់មានឈ្មោះថា «Mir» នៅក្នុងឆ្នាំ ១៩៨៦ ។
យ៉ាងណាម៉ិញ រហូតមកដល់ពេលបច្ចុប្បន្ននេះ ប្រទេសរុស្សីនៅតែជាប្រទេសឈានមុនគេជានិច្ចនៅក្នុងវិស័យបច្ចេកវិទ្យាផលិតស្ថានីយអវកាស។ ហើយបើគ្មានប្រទេសរុស្សីចូលរួមទេនោះ ការផលិតស្ថានីយអវកាសអន្តរជាតិ (ISS) នឹងមិនអាចសំរេចជាផលផ្លែផ្កាបានឡើយ៕