We TV Cambodia

ក្រសួង​អប់រំ និងស្ថាប័ន IDP ចុះអនុស្សរណៈ សម្រាប់ការផ្ដល់​អាហារូបករណ៍សិក្សា​ភាសា​អង់គ្លេសតាម​ប្រព័ន្ធ​អេឡិចត្រូនិកដល់​សិស្ស​វិទ្យាល័យ

ក្រសួង​អប់រំ និងស្ថាប័ន IDP ចុះអនុស្សរណៈ សម្រាប់ការផ្ដល់​អាហារូបករណ៍សិក្សា​ភាសា​អង់គ្លេសតាម​ប្រព័ន្ធ​អេឡិចត្រូនិកដល់​សិស្ស​វិទ្យាល័យ
ការចុះអនុស្សរណៈរវាងក្រសួង​អប់រំ ជាមួយនឹង​ស្ថាប័ន IDP (ប្រភព៖ ហ្វេសប៊ុក)

ក្រសួង​អប់រំ យុវជន និង​កីឡា ជាមួយនឹងមជ្ឈមណ្ឌល​អូស្ត្រាលីសម្រាប់​ការ​បណ្ដុះបណ្ដាលនៃ​ស្ថាប័ន IDP Education (Cambodia) បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ស្ដីពី​ការ​ផ្ដល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដល់​សិស្ស​វិទ្យាល័យ ក្នុង​ឆ្នាំ​សិក្សា​២០២០នេះ ដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ​នាពេល​ខាង​មុខ។

ការចុះអនុស្សរណៈ​នេះ​ដែរ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្ដម​ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​​លោក ម៉ៅ ស្រេង នាយក​ប្រតិបត្តិ​ស្ថាប័ន IDP Education កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។ នេះបើយោងតាមការប្រកាសរបស់​ក្រសួង​អប់រំ យុវជន និង​កីឡា។

ការចុះអនុស្សរណៈរវាងក្រសួង​អប់រំ ជាមួយនឹង​ស្ថាប័ន IDP (ប្រភព៖ ហ្វេសប៊ុក)

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម ហង់ជួន ណារ៉ុន ក៏បាន​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​មជ្ឈមណ្ឌល​អូស្ត្រាលីសម្រាប់​ការ​បណ្ដុះបណ្ដាល ដែល​បាន​ផ្ដល់​អាហារូបករណ៍សិក្សា​ភាសា​អង់គ្លេស​តាម​ប្រព័ន្ធ​អេឡិចត្រូនិក សម្រាប់​សិស្ស​វិទ្យាល័យ ក្នុងឆ្នាំ​សិក្សា២០២០នេះ ១០០% ចំនួន ២,០០០កន្លែង។

ឯកឧត្ដម ​បានបញ្ជាក់ទៀតថា អាហារូបករណ៍នេះ គឺ​មាន​ទឹក​ប្រាក់​សរុប​ចំនួន ៥០០,០០០ដុល្លារអាមេរិក ដែល​នឹង​ចាប់​ផ្ដើម​ពី​ខែ​មិថុនា ដល់​ខែ​កញ្ញា ឆ្នាំ​២០២០ ដើម្បី​ជា​ជំនួយ​​ដល់​សិស្ស​ត្រៀម​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ។ ឯកឧត្ដមបានបន្ដថា ការ​ផ្ដល់​អាហារូបករណ៍​នេះ ជា​តម្រូវ​ការ​ចាំ​បាច់​ដល់​សិស្ស​បាន​ទទួល​ការ​សិក្សា​ក្នុង​កាលៈ​ទេសៈ ដែល​ប្រទេស​កម្ពុជា​បាន​បិទ​សាលារៀន​ជា​បណ្ដោះអាសន្ន​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​​ដាល​នៃ​ជំងឺ​កូវីដ-១៩។

ការចុះអនុស្សរណៈរវាងក្រសួង​អប់រំ ជាមួយនឹង​ស្ថាប័ន IDP (ប្រភព៖ ហ្វេសប៊ុក)

ជាចុងក្រោយ ឯកឧត្ដម​បណ្ឌិត បានគូសបញ្ជាក់ថា ក្រសួង​អប់រំ យុវជន និង​កីឡា កំពុង​តែ​ខិត​ខំ​​ប្រឹងប្រែង​ផ្ដល់​ជូន​ដល់​សិស្សានុសិស្ស គ្រប់​កម្រិត​បាន​ទទួល​ការ​សិក្សា​តាម​រយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​ និង​ការ​សិក្សា​ពី​ចម្ងាយ ក្នុងអំឡុងពេលដែលមានការទប់ស្កាត់ការរីករាល​ដាលជំងឺកូវីដ-១៩៕

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *