We TV Cambodia

ក្រសួងពាណិជ្ជកម្ម នឹងពង្រឹង«ការផ្តល់សេវាសាធារណៈ»នៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព

ក្រសួងពាណិជ្ជកម្ម នឹងពង្រឹង«ការផ្តល់សេវាសាធារណៈ»នៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែមានប្រសិទ្ធភាព

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

កោះកុង៖ ក្រសួងពាណិ្ជកម្ម នឹងខិតខំពង្រឹងការផ្ដល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបនឹងការពង្រឹងអភិបាលកិច្ចល្អ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ប៉ានសូរស័ក្តិថ្ងៃ ០៣ សីហា ឆ្នាំ២០២០ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរពាណិជ្ជកម្មខេត្តកោះកុងថ្មី។

ថ្លែងក្នុងឱកាស ប្រកាសចូលកាន់ដំណែងថ្មី របស់ប្រធាបមន្ទីរពាណិជ្ជកម្មខេត្តកោះកុង ឯកឧត្តម ប៉ានសូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា នេះគឺដើម្បីជួយពង្រឹងប្រសិទ្ធភាពគ្រប់គ្រង និងដឹកនាំអង្គភាព សំដៅបម្រើសេវាសាធារណៈនៅថ្នាក់ក្រោមជាតិ ឆ្លើយតបគោលនយោបាយអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមទៀតថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ជាផែនទីបង្ហាញផ្លូវដែលមានភាពស៊ីចង្វាក់គ្នា និងប្រទាក់ក្រឡាជាមួយយុទ្ធសាស្រ្តចតុកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ២០១៥-២០២៥ និងគោលនយោបាយជាតិមួយចំនួនទៀត។

ឯកឧត្តមរដ្ឋមន្រ្តី បន្តថា ការតែងតាំងថ្នាក់ដឹកនាំថ្មី របស់មន្ទីរពាណិជ្ជកម្មខេត្តកោះកុងថ្មីនេះ គឺជាភស្តុតាងមួយដែលបញ្ជាក់ ពីការចូលរួមរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងកម្មវិធីអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា ហើយវាគឺជាអ្វីដែលក្រសួងពាណិជ្ជកម្មតែងតែធ្លាប់បានធ្វើកន្លងមក ប្រធានមន្ទីរដែលចូលនិវត្តន៍ត្រូវបានជំនួសដោយអនុប្រធានមន្ទីរដែលមានគុណសម្បត្តិសមស្រប និងបម្រើការនៅទីនោះស្រាប់ ដើម្បីផ្តល់ឱកាសក៏ដូចជាការជំរុញលើកទឹកចិត្តដល់មន្ត្រីថ្នាក់ក្រោមៗឱ្យខិតខំបំពេញការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ  ក្រសួងក៏កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត និងពិនិត្យលើការធ្វើវិសោធនកម្មច្បាប់មួយចំនួន ដើម្បីបម្រើ និងធានាការពារអត្ថប្រយោជន៍វិស័យជន និងសាធារណជន ជាពិសេសធ្វើទំនើបកម្មឱ្យឆ្លើយតបទៅនឹងបរិបទបច្ចុប្បន្ន៕

រូបភាព៖ ក្រសួងពាណិជ្ជកម្ម

 

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *