We TV Cambodia

កសិករមួយរូបចិញ្ចឹមគោមិនកាក់កប ងាកមកចិញ្ចឹមពពែវិញរកចំណូលបានខ្ទង់ពាន់ដុល្លារ

កសិករមួយរូបចិញ្ចឹមគោមិនកាក់កប ងាកមកចិញ្ចឹមពពែវិញរកចំណូលបានខ្ទង់ពាន់ដុល្លារ
កសិដ្ឋានចិញ្ចឹមពពែ (ប្រភព៖ Cambodia Goat/Sheep Center)

កសិករមួយររូបរស់នៅខេត្តសៀមរាបចិញ្ចឹមគោមិនសូវកាក់កប បានសម្រេចចិត្តងាកមកចិញ្ចឹមពពែវិញ ដោយអាចរកចំណូលបានខ្ទង់ពាន់ដុល្លារក្នុងមួយខែៗ និងមានទីផ្សារល្អថែមទៀត។

កសិដ្ឋានចិញ្ចឹមពពែ (ប្រភព៖ info.gov)

លោក ហ៊ិម លីហៀង ជាកសិករចិញ្ចឹមពពែលក្ខណៈគ្រួសារមួយកន្លែង មានទីតាំងស្ថិតនៅឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា កាលពីឆ្នាំ២០១៨ លោកបានផ្លាស់ប្តូរមកចិញ្ចឹមពពែវិញ ព្រោះសត្វពពែមានលក្ខណៈងាយស្រួលចិញ្ចឹម ដោយគ្រាន់តែចិញ្ចឹមតាមបែបធម្មជាតិប៉ុណ្ណោះ ជាពិសេសមិនសូវមានកសិករចាប់អារម្មណ៍ចិញ្ចឹមច្រើន ដែលបង្កឱ្យមានភាពងាយស្រួលក្នុងការរកទីផ្សារសំរាប់លក់ចេញ ។

កសិដ្ឋានចិញ្ចឹមពពែ (ប្រភព៖ info.gov)

លោកបានបន្តថា ពីដំបូងលោកបានសាកចិញ្ចឹមមេពពែចំនួន ៣០ក្បាល និងពពែឈ្មោល ៤ក្បាលប៉ុណ្ណោះ តែមកដល់បច្ចុប្បន្ននេះ ពពែទាំងអស់មានរហូតដល់ ១៥០ក្បាល ដោយក្នុងមួយឆ្នាំៗមេពពែ ១ក្បាល អាចផ្ដល់កូនពពែ ៣ ទៅ ៤ក្បាល ហើយសំរាប់ការពពោះម្ដងរបស់មេពពែ អាចផ្ដល់កូនពពែយ៉ាងហោចណាស់ ២ក្បាល។ លើសពីនេះ លោកមានគម្រោងសហការជាមួយកសិករនៅស្រុកបន្តទៀត ដែលមានបំណងចង់ចិញ្ចឹមពពែ ដោយផ្ដល់ជាមេពូជ និងជួយរកទីផ្សារឲ្យពួកគាត់ ដើម្បីជួយអោយកសិករដ៏ទៃទៀតមានជីវភាពធូធារ ដូចលោកដែរ។

កសិដ្ឋានចិញ្ចឹមពពែ (ប្រភព៖ info.gov)

លោកបានបញ្ជាក់ថា លោកមានគម្រោងប្រវាស់ពពែឲ្យទៅអ្នកភូមិ ដោយក្នុងមួយគ្រួសារបានចំនួន ២០ក្បាល គម្រោងប្រវាស់ពពែនេះដែរ ដោយសារតែលោកធ្លាប់ចិញ្ចឹមបានពីរឆ្នាំមកហើយ ហើយតម្រូវការទីផ្សារគឺមានចំនួនច្រើន ប៉ុន្តែលោករកពពែដើម្បីផ្គត់ផ្គង់ទីផ្សារមិនគ្រប់ អ៊ីចឹងលោកគិតថា ចាប់ផ្ដើមប្រវាស់ឲ្យអ្នកដែលមានដីគ្រប់គ្រាន់អាចមើលថែវាបាន ដើម្បីបង្កាត់កូនសម្រាប់ផ្គត់ផ្គង់ទីផ្សារបន្ថែមទៀត។

កសិដ្ឋានចិញ្ចឹមពពែ (ប្រភព៖ info.gov)

សូមជម្រាបថា ពពែ គឺជាសត្វងាយស្រួលចិញ្ចឹមដោយមានរយៈពេលតែ ៨ខែប៉ុណ្ណោះបានទទួលផលអាចយកទៅលក់នៅលើទីផ្សារបាន ហើយក្នុងមួយក្បាលអាចមានទម្ងន់ប្រមាណ ១៨ ទៅ ២៥គីឡូទៅតាមការថែទាំ ដែលអាចទទួលបានតម្លៃចាប់ពី១៦០ ទៅ ១៧០ដុល្លារក្នុង ១ក្បាល។ គិតជាមធ្យមក្នុង១ឆ្នាំៗ លោកអាចរកចំណូលបានពីរបរមួយនេះប្រមាណ ៨,០០០ ទៅ ១០,០០០ដុល្លារក្នុងមួយឆ្នាំ។

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *