We TV Cambodia

កម្ពុជានិងតួកគីព្រមព្រៀងបង្កើនទំហំពាណិជ្ជកម្មអោយដល់ $1,000 លានដុល្លារ

កម្ពុជានិងតួកគីព្រមព្រៀងបង្កើនទំហំពាណិជ្ជកម្មអោយដល់ $1,000 លានដុល្លារ
រូបថតៈ Facebook ក្រសួងពាណិជ្ជកម្ម

ដោយៈ ទិន សុខាវុធ

ព្រះ​រាជាណាចក្រ​កម្ពុជា និង សាធារណរដ្ឋ​តួកគី បាន​មូល​មតិ​ព្រមព្រៀង​គ្នា​ បង្កើន​ទំហំពាណិជ្ជកម្មអោយ​ដល់​​ចំនួន $1,000 លាន​ដុល្លារ​ នៅពេលអនាគត​​ដ៏​ខ្លី​ខាង​មុខ​នេះ​។

យោង​តាម​ទំព័រ Facebook របស់​ក្រសួងពាណិជ្ជកម្ម កាល​ពី​ថ្ងៃ​ទី ១៨ ខែ តុលា​ ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ នៅ​ឯរដ្ឋធានី​ Ankara នៃ​ប្រទេស​តួកគី ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​ជួប​ប្រជុំ​ពិភាក្សា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាមួយ​ឯក​ឧត្តម Bekir Pakdemirli រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​រុក្ខា​ប្រមាញ់​នៃ​ប្រទេស​តួកគី​។

នៅ​ក្នុង​កិច្ចពិភាក្សា​នោះ ភាគី​ទាំងពីរ​​បាន​យល់ព្រម​ពង្រីក​​កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម វិនិយោគ និង​វិស័យ​ដ៏​មានសក្តានុពល​មួយ​ចំនួនទៀត ក្នុង​ចក្ខុវិស័យ​ធ្វើ​យ៉ាងណា​អោយ​ទំហំ​ពាណិជ្ជកម្មរវាង​ប្រទេស​ទាំងពីរ កើនដល់​ $1,000 លាន​ដុល្លារ​​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ​។

យោង​តាម​តួលេខ​របស់​ក្រសួង​ពាណិជ្ជកម្ម ចាប់​ពី​ឆ្នាំ ២០១៤ រហូត​ដល់ឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ មាន​ចំនួន​ប្រមាណ​​ជា $510 លាន​ដុល្លារ​។ ក្នុង​នោះ​ កម្ពុជា​នាំ​ចេញ​ទៅ​តួកគី ​គិត​ជា​ទំហំ​ទឹក​ប្រាក់​គឺ​ប្រមាណជា $437.84 លាន​ដុល្លារ ហើយ​ការនាំ​ចូល​ពីប្រទេស​តួកគីមកវិញ​ ស្ថិតក្នុងទំហំ​ទឹកប្រាក់ប្រមាណ​ជា​ $72.16 លាន​ដុល្លារ​។

អាស្រ័យ​ហេតុនេះ ក្នុង​គោលបំណងបង្កើន​ទំហំការនាំ​ចេញទៅ​ប្រទេស​តួកគី អោយ​បានកាន់​តែ​ច្រើន​ឡើង​ថែមទៀត​នោះ លោក​រដ្ឋ​មន្ត្រី​ ប៉ាន សូរស័ក្តិ បាន​ជំរាប​ជូន​ភាគី​តួកគី​ថា កម្ពជា​មាន​ផលិត​ផល​មួយ​ចំនួន ដែលប្រទេសតូកគី​​អាច​នាំ​ចូល​ទៅ​លក់​ក្នុង​ប្រទេស​របស់​​គេបាន​។ ផលិតផល​ទាំងនោះ​មាន​ដូចជា សំលៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច និង អង្ករ ជា​ដើម។ល។

ជាការឆ្លើយតប លោករដ្ឋ​មន្ត្រីក្រសូង​កសិកម្ម និង​រុក្ខាប្រមាញ់​តួកគី ​បាន​​មាន​ប្រសាសន៍​ថា​ ទីផ្សាររបស់​តួកគី​កំពុង​ត្រូវការកសិផល កៅស៊ូ និង អង្ករ ហើយ​ប្រទេស​តួកគី​នឹង​ស្វាគមន៍​ចំពោះ​​កម្ពុជា ដែល​មាន​បំណង​ចង់​​នាំ​ចេញកសិផលទាំងនោះ​ទៅ​កាន់ប្រទេស​តួកគី​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *