Posted by DEVOpenBlogger on Wednesday, 1 January 2020
ដោយៈ ទិន សុខាវុធ
ពហុកីឡាដ្ឋានជាតិមរតកតេជោ ដែលត្រូវបាននិងកំពុងសាងសង់ឡើងនៅលើផ្ទៃដីប្រមាណជាជាង ៨៥ ហិកតា ដោយក្រុមហ៊ុនរបស់លោកឧកញ្ញា លី យ៉ុងផាត់ គ្រោងនឹងសម្ពោធដាក់អោយប្រើប្រាស់នៅចុងឆ្នាំ ២០២០ នេះ។
យោងតាមទំព័រ Facebook របស់ពហុកីឡាដ្ឋានជាតិមរតកតេជោ រហូតមកដល់ពេលបច្ចុប្បន្ននេះ អ្វីៗទាំងអស់ត្រូវបានសង់ឡើងរួចរាល់អស់ហើយ នៅតែដំបូលពហុកីឡាដ្ឋានតែប៉ុណ្ណោះ។
« បានបញ្ចប់បង្គុំសំណង់ ១០០% ហើយកំពុងបន្តតម្លើងដំបូល ។ គម្រោងទាំងមូលនឹងបញ្ចប់ចុងឆ្នាំ២០២០ខាងមុខ» នេះជាសំណេររបស់ពហុកីឡាដ្ឋានជាតិមរតកនៅលើទំព័រ Facebook របស់ពួកគេ។
ទំព័រ Facebook របស់ពហុកីឡាដ្ឋាននេះ បានអោយដឹងទៀតថា នៅពេលសង់រួច កីឡាដ្ឋានមួយនេះនឹងមានសាលកីឡាផ្សេងៗជាច្រើន មានដូចជាសាលកីឡាហែលទឹក សាលកីឡាប្រយុទ្ធ សាលហាត់សាច់ដុំ សាលបាល់បោះ សាលបាល់ទះ សាលកាយសម្ព័ន្ធ សាលកីឡាបាញ់កាភ្លើង សាលកីឡាហុកគី និងសាលកីឡាជាប្រពៃណីផ្សេងៗទៀត។
លើសពីនេះទៀត នៅក្នុងពហុកីឡាដ្ឋាននេះ ក៏នឹងមានផងដែរនូវអគារស្នាក់នៅ អាហារដ្ឋាន ទីលានហ្វឹកហាត់ក្រៅអាគារ និងសាលវេជ្ជសាស្ត្រជាដើម។
ពហុកីឡាដ្ឋានជាតិមរតកតេជោ ត្រូវបាននិងកំពុងសាងសង់ឡើងនៅក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលចិនចំនួនប្រមាណ $160 លានដុល្លារ។ សំណង់នេះត្រូវបានសម្ពោធចាប់ផ្តើមការសាងសង់កាលពីឆ្នាំ ២០១៣ កន្លងទៅ។
យ៉ាងណាម៉ិញ ពហុកីឡាដ្ឋានជាតិមរតកតេជោ ស្ថិតនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅពេលសង់រួច ពហុកីឡាដ្ឋាននេះនឹងមានសមត្ថភាពអាចអោយទស្សនិកជនចំនួនប្រមាណ ៧ ម៉ឺននាក់ចូលទស្សនាការប្រកួតកីឡាផ្សេងៗនៅក្នុងពហុកីឡាដ្ឋាន។
មួយវិញទៀត នៅពេលសង់រួច ពហុកីឡាដ្ឋានជាតិមរតកតេជោនឹងត្រៀមទទួលរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី ៣២ នៅក្នុងឆ្នាំ ២០២៣ ខាងមុខនេះ ដែលនៅពេលនោះ កម្ពុជានឹងធ្វើជាម្ខាស់ផ្ទះ ក្នុងការរៀបចំការប្រកួតកីឡា SEA Games នេះ៕
