
ដោយៈ ទិន សុខាវុធ
នៅក្នុងសន្និសីទសារព័ត៌មានមួយ
កាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០១៩ នៅឯវិមានសន្តិភាព
ដែលត្រូវបានរៀបចំឡើងដោយក្រុមអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល លោក ជា វុទ្ធី
ដែលជាអគ្គលេខាធិការរងនៃគណកម្មាធិការវិនិយោគកម្ពុជា
របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានលើកឡើងថា កម្ពុជាមានសក្តានុពលវិនិយោគ ៥ ចំណុច ដែលអាចទាក់ទាញវិនិយោគិនបរទេស
អោយមកបោះទុនវិនិយោគនៅកម្ពុជា។ សក្តានុពលទាំងនោះរួមមាន៖
១.
ភាពអំណោយផលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច
រួមជាមួយនឹងក្របខណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព
និងភាពអាចប៉ាន់ប្រមាណបាន។
២.
ការបើកចំហសេដ្ឋកិច្ច សម្រាប់អ្នកវិនិយោគទាំងអស់
ដោយគ្មានការរើសអើងរវាងអ្នកវិនិយោគកម្ពុជា និងអ្នកវិនិយោគបរទេស។
កម្ពុជាអនុញ្ញាតឱ្យជនបរទេសធ្វើការបណ្តាក់ទុន ១០០% លើគ្រប់វិស័យ
ដោយពុំមានការតម្រូវឱ្យមានភាគហ៊ុន របស់អ្នកវិនិយោគក្នុងស្រុក
ដែលនេះជាការបើកទូលាយបំផុតរបស់កម្ពុជា ធៀបនឹងប្រទេសក្នុងតំបន់។
៣.
កម្លាំងពលកម្មដែលមានភាពសម្បូរបែប និងវ័យក្មេង ដែលក្នុងនោះប្រជាជនដែលមានអាយុ៣៥ឆ្នាំចុះ
មានចំនួនដល់ទៅ ៧២% នៃចំនួនប្រជាជនសរុប គួបផ្សំនឹងប្រាក់ឈ្នួល
ដែលមានភាពប្រកួតប្រជែង។
៤.
កម្ពុជាមានសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍ «វប្បធម៌
និងធម្មជាតិ» រួមមានសម្បត្តិវប្បធម៌ ធនធានធម្មជាតិ
កេរ្តិ៍តំណែលប្រវត្តិសាស្រ្ត ព្រមទាំងទេសភាពដ៏ស្រស់ត្រកាល នៃឆ្នេរសមុទ្រ ទន្លេ
បឹងបួរ និងព្រៃព្រឹក្សារបស់ជាតិ ដែលទាំងនេះមានភាពទាក់ទាញ
សម្រាប់ទីផ្សារទេសចរណ៍ទាំងក្នុងស្រុក និងអន្តរជាតិ។
៥.
កម្ពុជាស្ថិតនៅលើទីតាំងជាយុទ្ធសាស្ត្រ ក្នុងតំបន់អាស៊ាន
ដែលតំបន់នេះបាននិងកំពុងក្លាយជា «រោងចក្រនៃអាស៉ី»។
ទាក់ទងនឹងសក្តានុពលភូមិសាស្ត្រ លោក ជា វុទ្ធី បានគូសបញ្ជាក់ថា កត្តាភូមិសាស្រ្តកម្ពុជាអនុគ្រោះដល់ភាពងាយស្រួល ក្នុងការតភ្ជាប់សេដ្ឋកិច្ចកម្ពជាទៅនឹងខ្សែសង្វាក់ផលិតកម្មក្នុងតំបន់ ដែលកំពុងតែមានសកម្មភាពដ៏រស់រវើក។
លោកបានពន្យល់បន្ថែមថា ច្បាប់វិនិយោគរបស់កម្ពុជា ទទួលស្វាគមន៍វិនិយោគិនគ្រប់ជាតិសាសន៍ទាំងអស់ មិនថាជាសាសន៍ខ្មែរឬសាសន៍ណាឡើយ – អ្នកវិនិយោគទាំងអស់ទទួលបានសិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់វិនិយោគរបស់កម្ពុជា៕
