
ដោយៈ ទិន សុខាវុធ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវអោយគ្រប់ស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និង សង្គមស៊ីវិល ចូលរួមសហការតាមដានការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ (ផ.យ.អ.ជ. ២០១៩-២០២៣) ដែលទន្ទឹមនឹងនេះ សម្តេចបានលើកឡើងថា មាន ៥ ចំណុចដ៏មានប្រសិទ្ធភាព ដើម្បីអភិវឌ្ឍប្រទេសជាតិអោយរីកចំរើនយ៉ាងឆាប់រហ័សជាទីបំផុត។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងនៅក្នុងពិធីប្រកាសផ្សាយដាក់អោយប្រើប្រាស់ជាផ្លូវការ នូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៩-២០២៣ ដែលត្រូវបានធ្វើឡើងនៅថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ។
យោងតាមទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៥ ចំណុចដ៏មានប្រសិទ្ធិភាពទាំងនោះ រួមមានដូចខាងក្រោមនេះ៖
១) បង្កើនការសម្របសម្រួលគោលនយោបាយជាមួយសហគមន៍ដៃគូអភិវឌ្ឍ អ្នកផ្តល់ហិរញ្ញប្បទាន ការបង្កើនអភិបាលកិច្ច ជំរុញការអនុវត្តនូវកម្មវិធីកំណែទម្រង់គ្រប់វិស័យឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត ដែលកិច្ចការទាំងនេះ ត្រូវពួតផ្តុំគ្នាជាប្រព័ន្ធតែមួយ ប្រទាក់ក្រឡាគ្នា និង យោងគ្នាទៅវិញទៅមកសម្រាប់គោលដៅអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច និង ការងារគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន ឱ្យបានកាន់តែល្អប្រសើរ។
២) ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ របស់ខ្លួននិមួយៗ តាមរយៈការពិនិត្យមើលឡើងវិញរាល់គម្រោង ឬកម្មវិធីកំពុងដំណើរការ ព្រមទាំង គម្រោង ឬកម្មវិធីថ្មីៗដែលនៅបន្តគាំទ្រដោយធនធានពីក្នុង និងក្រៅប្រទេស ដើម្បីធានាសង្គតិភាពនិង អាទិភាព និងទំនាក់ទំនងផ្សារភ្ជាប់ជាមួយ ផ.យ.អ.ជ. ២០១៩-២០២៣ ព្រមទាំងរៀបចំ កម្មវិធីវិនិយោគសាធារណៈ និងការប៉ាន់ស្មានតម្លៃសម្រាប់វិស័យរបស់ខ្លួនឱ្យទាន់ពេលវេលា ដើម្បីដាក់បញ្ចូល ក្នុងកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល។
៣) គ្រប់រាជធានីខេត្ត ត្រូវរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ខេត្ត រាជធានីរបស់ខ្លួន និងត្រូវគិតគូររៀបចំកម្មវិធីវិនិយោគសាធារណៈបីឆ្នាំរំកិល ឱ្យស្របតាមអាទិភាពនិងអាណត្តិរបស់ផ.យ.អ.ជ. ២០១៩-២០២៣ ក្នុងការអនុវត្តវិមជ្ឈការនិងវិសហមជ្ឈការ និងការសម្រេចចិត្តលើការស្នើសុំធ្វើវិនិយោគ ដែលបានកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាល រាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ។
៤) សូមឱ្យដៃគូអភិវឌ្ឍ ទាំងពហុភាគីនិងទ្វេភាគីរបស់យើង ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល បន្តធានាថា ក្របខ័ណ្ឌនៃជំនួយសម្រាប់ការអភិវឌ្ឍ របស់ខ្លួនត្រូវបានតម្រឹមតម្រង់ និង តម្រង់ទិស ចំជាមួយនឹងអាទិភាពទាំងឡាយរបស់ ផ.យ.អ.ជ. ២០១៩-២០២៣ ហើយហិរញ្ញប្បទានអភិវឌ្ឍន៍ត្រូវ បានតម្រឹមជាមួយនឹងកម្មវិធីវិនិយោគសាធារណៈ ផងដែរ។ ដៃគូអភិវឌ្ឍទាំងអស់គួរតែធានាថា ធនធាន ទាំងឡាយដែលនឹងត្រូវផ្តល់ទៅអង្គការមិនមែនរដ្ឋាភិបាល ត្រូវសមស្របទៅនឹងអាទិភាពនិងគោលដៅអភិវឌ្ឍន៍ ដូចមានចែងនៅក្នុង ផ.យ.អ.ជ. ២០១៩-២០២៣ ហើយធនធានទាំងនោះត្រូវបានយកទៅប្រើប្រាស់ប្រកបដោយតម្លាភាព និងភាពទទួលខុសត្រូវ។
៥) ក្រសួង ស្ថាប័ន និងដៃគូអភិវឌ្ឍទាំងអស់ ដែលកំពុងផ្តល់ហិរញ្ញប្បទានដល់សកម្មភាព កម្មវិធី គម្រោងនានា ផ្តល់នូវអាទិភាពខ្ពស់ដល់ការតាមដានត្រួតពិនិត្យនិងវាយតម្លៃយ៉ាងទៀតទាត់លើការអនុវត្តផែនការសកម្មភាព កម្មវិធី គម្រោង ទាំងនោះ ហើយផ្ញើរបាយការណ៍ស្តីពីលទ្ធផល នៃការតាមដានត្រួតពិនិត្យនិងវាយតម្លៃ មកក្រសួងផែនការ ទៅដាក់បញ្ចូលក្នុងការវាយតម្លៃលើវឌ្ឍនភាពក្នុងការសម្រេចបានគោលដៅ និងចំណុចដៅនៃការអភិវឌ្ឍដែលមានចែងក្នុង ផ.យ.អ.ជ.២០១៩-២០២៣៕
