
ដោយៈ ទិន សុខាវុធ
លោក Matthias Helble អ្នកស្រាវជ្រាវផ្នែកសេដ្ឋកិច្ច ប្រចាំនៅធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្នុងបទវិភាគមួយមានចំណងជើងថា «The housing unaffordability crisis in Asia» ចុះផ្សាយនៅលើគេហទំព័ររបស់ ADB បានលើកឡើងថា អ្នកមានចំណួលទាបនិងមធ្យមនៅក្នុងទ្វីបអាស៊ី កំពុងជួបប្រទះនឹងបញ្ហាតំលៃផ្ទះថ្លៃ ខណៈដែលបញ្ហានេះអាចត្រូវដោះស្រាយបាន ដោយប្រើប្រាស់មធ្យោបាយមួយចំនួន។
«The poor and middle class are struggling to find affordable housing across the region, but there are some basic steps cities can take to improve the situation,» នេះជាសំណេររបស់លោក Matthias Helble នៅក្នុងបទវិភាគរបស់លោក។
យ៉ាងណាម៉ិញ លោកបានបន្ថែមទៀតថា តំលៃផ្ទះខ្ពស់នេះក្រៅពីមានផលប៉ះពាល់ដល់បុគ្គលម្នា់ក់ៗទាក់ទងនឹងបញ្ហាលំនៅដ្ឋាន វាក៏ជះឥទ្ធិពលផងដែរនៅលើសេដ្ឋកិច្ចជាតិទាំងមូល។ ដោយហេតុថា កន្លងមក ផ្ទះនៅក្នុងទីក្រុងមានតំលៃកាន់តែខ្ពស់ អ្នកមានចំណូលទាបនិងមធ្យមគ្មានសមត្ថភាពអាចរស់នៅក្នុងទីក្រុងបានឡើយ ពួកគេបានសំរេចចិត្តទៅរស់នៅតាមតំបន់ជាយក្រុង។
កត្តានេះធ្វើអោយពួកគេត្រូវប្រើពេលវេលាយ៉ាងយូរ ដើម្បីធ្វើដំណើរមកធ្វើការនៅក្នុងទីក្រុង។ ជាលទ្ធផល ប្រសិទ្ធភាពការងារនៅក្នុងទីក្រុងត្រូវធ្លាក់ចុះ ដែលជាហេតុផលមួយជះឥទ្ធិពលដ៏អាក្រក់ទៅលើសេដ្ឋកិច្ចនៅក្នុងទីក្រុង។
យោងតាមលោក Matthias Helble កំណើននៃប្រជាពលរដ្ឋចូលមករស់នៅក្នុងទីក្រុងនៅក្នុងទ្វីបអាស៊ីជាង ៣ ទសវត្សកន្លងមកនេះ ជាប្រការដ៏ល្អមួយជួយអោយមានកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសនិមួយៗ។
អាស្រ័យហេតុនេះ បណ្តាប្រទេសទាំងឡាយនៅក្នុងទ្វីបអាស៊ី ចាំបាច់ត្រូវដោះស្រាយបញ្ហាលំនៅដ្ឋាន អោយប្រជាពលរដ្ឋដែលបានសំរេចចិត្តចូលមករស់នៅក្នុងទីក្រុង ព្រោះពួកគេជាកំលាំងពលកម្មដ៏ចាំបាច់ សំរាប់ធ្វើអោយមានកំណើនសេដ្ឋកិច្ចនៅក្នុងទីក្រុងទាំងឡាយ។
ហើយដើម្បីដោះស្រាយបញ្ហាលំនៅដ្ឋាននេះ លោក Matthias Helble បានគូសបញ្ជាក់ថា ក្រុមស្រាវជ្រាវផ្នែកសេដ្ឋកិច្ច ប្រចាំនៅធនាគារអភិវឌ្ឍន៍អាស៊ីរបស់លោក បានរកឃើញមធ្យោបាយចំនួន ៤ ដែលអាចជួយអោយអ្នកមានចំណូលទាប អាចមានលទ្ធភាពរស់នៅក្នុងទីក្រុងបាន។ មធ្យោបាយទាំងនោះរួមមាន៖
១. មុននឹងឈានទៅដោះស្រាយបញ្ហាលំនៅដ្ឋាន ចាំបាច់ត្រូវមាន «ទិន្នន័យ» (data) ទាក់ទងនឹងបញ្ហានេះអោយបានគ្រប់គ្រាន់ជាមុនសិន ព្រោះបើគ្មានទិន្នន័យទេ ពិតជាពិបាកនឹងកំណត់នូវគោលនយោបាយផ្ទះសំបែងណាមួយអោយបានត្រឹមត្រូវណាស់។
២. ត្រូវធ្វើយ៉ាងណាផ្តល់ដីឡូតិ៍ក្នុងតំលៃទាប សំរាប់ការសាងសង់លំនៅដ្ឋាន។ ជាទូទៅ តំលៃដីឡូតិ៍មានទំនាក់ទំនងយ៉ាងជិតស្និទ្ធិទៅនឹងតំលៃផ្ទះ បានន័យថាបើដីឡូតិ៍ថោក ផ្ទះក៏ថោក បើដីឡូតិ៍ថ្លៃ ផ្ទះក៏ថ្លៃ។ ឧទាហរណ៍ ដើម្បីអោយអ្នកមានចំណូលមធ្យម អាចរស់នៅក្នុងផ្ទះក្នុងតំលៃដ៏សមរម្យបាន រដ្ឋាភិបាលនៃប្រទេសសិង្ហបុរីបានផ្តល់ដីឡូតិ៍មានតំលៃថោក អោយដល់ក្រុមហ៊ុនសាងសង់លំនៅដ្ឋានទាំងឡាយ។
៣. យោងតាមការស្រាវជ្រាវមួយ ធ្វើឡើងនៅសហរដ្ឋអាមេរិក ប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរដ៏ល្អមួយ អាចធ្វើអោយតំលៃលំនៅដ្ឋានថយចុះ ដ៏គួរអោយកត់សំគាល់ ដោយហេតុថា តំរូវការលំនៅដ្នានរស់នៅក្នុងទីក្រុងនៅជិតកន្លែងធ្វើការត្រូវថយចុះ ពីព្រោះបុគ្គលិក កម្មករ និង និយោជិក អាចជិះរថយន្តក្រុងឬមេត្រូមកធ្វើការទាន់ពេលវេលា ទោះបីជាពួកគេរស់នៅក្នុងតំបន់ជាយក្រុងយ៉ាងណាក៏ដោយ។
៤. ចុងក្រោយបង្អស់ ការលើកស្ទួយទីផ្សារនៃការជួលផ្ទះ ក៏ជាកត្តាមួយជួយសំរួលដល់ការតាំងលំនៅដ្ឋាននៅក្នុងទីក្រុងផងដែរ។ ចំពោះរឿងនេះ រដ្ឋាភិបាលក៏អាចដើរតួនាទីដ៏សំខាន់ផងដែរ ក្នុងការពង្រីកទីផ្សារនៃការជួលផ្ទះនេះ៕
