We TV Cambodia

៣ចំណុច ដែលអ្នកមិនគួរសម្រេចចិត្តទិញផ្ទះក្នុងកំឡុងវិបត្តិកូវីដ១៩ នេះទេ

៣ចំណុច ដែលអ្នកមិនគួរសម្រេចចិត្តទិញផ្ទះក្នុងកំឡុងវិបត្តិកូវីដ១៩ នេះទេ
រូបតំណាង (ប្រភព៖ property)

បច្ចុប្បន្នមនុស្សជាច្រើនតែងតែស្រមៃចង់បានផ្ទះផ្ទាល់ខ្លួនមួយ ជាពិសេសគឺអ្នកដែលមានគ្រួសារ ដោយពួកគេបានខិតខំទាំងយប់ទាំងថ្ងៃដើម្បីសម្រេចវា ព្រោះពួកគេចង់ឲ្យកូនៗ និងគ្រួសារទាំងមូលអាចរស់នៅកន្លែងសមរម្យមួយដែលជារបស់ផ្ទាល់ខ្លួន ដោយមិនចង់រស់នៅផ្ទះជួលទៀតឡើយ។

រូបតំណាង (ប្រភព៖ financial planning)

ប៉ុន្តែបើអ្នកជាគ្រួសារដែលមិនមានទ្រព្យហូរហៀរនោះទេ ទោះបីជាអ្នកចង់បានផ្ទះខ្លាំងយ៉ាងណា ក៏អ្នកគួរទ្រាំសិនដែរ ព្រោះវាមិនមែនជាពេលសមស្របសម្រាប់អ្នកក្នុងការទិញផ្ទះនោះទេ។ ខាងក្រោមនេះជាចំណុចសំខាន់ៗ៣ ដែលអ្នកមិនគួរសម្រេចចិត្តទិញផ្ទះក្នុងកំឡុងវិបត្តិកូវីដ១៩ នេះទេ៖

រូបតំណាង (ប្រភព៖ myupdatesystems)

១, ស្ថានភាពមិនច្បាស់លាស់៖ គិតមកទល់ពេលនេះ ពុំទាន់មានប្រទេសណារកឃើញវ៉ាក់សាំងកូវីដ១៩ ដែលអាចប្រើជាសកលបាននៅឡើយទេ ដូច្នេះទោះបីអ្នកមិនស្ថិតក្នុងចំណោមអ្នកបាត់បង់ការងារក៏ដោយ ប៉ុន្តែបើកូវីដ១៩ នៅតែអូសបន្លាយទៅទៀត អ្នកក៏នៅតែអាចប្រឈមនឹងការបាត់បង់ការងារដូចគ្នា ហើយវានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសាររបស់អ្នក។

រូបតំណាង (ប្រភព៖ CGTN)

២, បញ្ហាសេដ្ឋកិច្ច៖ ទោះបីជាកម្ពុជាមិនរងគ្រោះផ្នែកសេដ្ឋកិច្ចខ្លាំងដូចបណ្ដាប្រទេសផ្សេងទៀតក៏ដោយ ប៉ុន្តែក៏ប៉ះពាល់ខ្លះដែរ ហើយទោះបីបញ្ចប់កូវីដ១៩ ក៏ពិភពលោកទាំងមូល រួមទាំងកម្ពុជាផង អាចនឹងជួបបញ្ហាសេដ្ឋកិច្ចដែរ ព្រោះភ្លាមៗអ្វីគ្រប់យ៉ាងមិនអាចងើបឡើងដូចដើមបានទេ ពិសេសបច្ចុប្បន្នពិភពលោកទាំងមូលគឺរស់ក្នុងសកលភាវូបនីយកម្ម ដែលការធ្វើពាណិជ្ជកម្មគឺជាលក្ខណៈអន្តរជាតិ។

រូបតំណាង (ប្រភព៖ tibet.net)

៣, ការចំណាយ៖ បើអ្នកសម្រេចចិត្តទិញផ្ទះនៅពេលនេះ អ្នកនឹងត្រូវចំណាយលុយយ៉ាងច្រើនក្នុងការបង់ដំណាក់កាលដំបូង និងការបង់ជាប្រចាំខែ ក្នុងខណៈដែលស្ថានភាពបច្ចុប្បន្នតម្រូវឲ្យអ្នកកាត់បន្ថយការចាយវាយឲ្យបានតិចជាងមុន។ មួយវិញទៀត បច្ចុប្បន្នផ្ទះដែលមានតម្លៃសមរម្យគឺមានតែនៅជាយក្រុង និងក្រៅក្រុងប៉ុណ្ណោះ ហើយវានឹងធ្វើឲ្យអ្នកចំណាយកាន់លើច្រើនលើការធ្វើដំណើរទៅកន្លែងធ្វើការ ដែលវាមិនសមស្របជាមួយស្ថានភាពក្នុងកំឡុងវិបត្តិកូវីដ១៩ នេះឡើយ។

 

អត្ថបទដោយ៖ Nevin

Related Articles