ព្រឹទ្ធសភាបានកំណត់យកថ្ងៃទី២១ និងទី២២ ខែធ្នូ ខាងមុខនេះ ដើម្បីបើក កិច្ចប្រជុំ ពេញអង្គពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៧ បើកផ្លូវឱ្យរាជរដ្ឋាភិបាលយក ទៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍សង្គមជាតិ។
ឯកឧត្ដម ម៉ម ប៊ុននាង សមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា ការកំណត់បើកសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៤ គឺមានរយៈពេល២ថ្ងៃនេះ ដោយសារការពិនិត្យ និងពិភាក្សាសេចក្តីព្រាងច្បាប់នេះ មានចំនួនច្រើន ជាពិសេសធានាឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព ដើម្បីឱ្យច្បាប់នេះ ចេញទៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងសង្គមជាតិបានគ្រប់ជ្រុងជ្រោយ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ចំនួន៧រួមមាន៖
១-ពិនិត្យ និងឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
២- សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩។
៣- សេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ។
៤- សេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរ សេវាហិរញ្ញវត្ថុមិនមែនធនាគារ។
៥- សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការទទួលស្គាល់ទៅវិញទៅមកលើការផ្តល់អាជ្ញាប័ណ្ណ ក្រុមអាកាសយានិក។
៦-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើ៖.ពិធីសារទី៣ ស្តីពីសិទ្ធិសហការលើជើងហោះហើរក្នុងស្រុក ក្នុងរង្វង់ទឹកដីនៃប្រទេសជាសមាជិក អាស៊ានណាមួយ និងពិធីសារទី៤ ស្តីពីសិទ្ធិហោះហើរកូធ័រមីណល រវាងអាកាសយានដ្ឋាន នៅក្នុងទឹកដីនៃប្រទេសជាសមាជិកអាស៊ាន។
៧-សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ ព្រមលើពិធីសារអនុម័តកញ្ចប់កិច្ចសន្យាទី៩ និងទី១០ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវ អាកាសក្រោមកិច្ច-ព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីសេវាកម្ម៕
ដោយ៖ Nevin
