We TV Cambodia

២ចំណុចទាក់ទងនឹងការផ្ទេរកម្មសិទ្ធិប្លង់ដែលអ្នកត្រូវដឹង មុនសម្រេចចិត្តទិញខុនដូ ឬបុរី

២ចំណុចទាក់ទងនឹងការផ្ទេរកម្មសិទ្ធិប្លង់ដែលអ្នកត្រូវដឹង មុនសម្រេចចិត្តទិញខុនដូ ឬបុរី
គម្រោងផ្ទះល្វែងក្នុងរាជធាណីភ្នំពេញ (ប្រភព៖ Google)

បច្ចុប្បន្នគម្រោងខុនដូ និងផ្ទះល្វែងជាច្រើនបាននឹងកំពុងតែមានការរីកដុះដាលនៅទូទាំងប្រទេស ជាពិសេសតំបន់ដែលស្ថិតនៅជាយក្រុងរាជធានីភ្នំពេញ ហើយប្រជាពលរដ្ឋខ្មែរភាគច្រើនក៏បានសម្រុកទៅទិញផ្ទះល្វែងយ៉ាងច្រើនកុះករផងដែរ។

អគារខុនដូជាច្រើនក្នុងរាធានីភ្នំពេញ (ប្រភព៖ Google)

ទោះបីជាយ៉ាងណាក៏ដោយ ការទិញខុនដូ និងផ្ទះល្វែងអ្នកត្រូវឆ្លងកាត់ដំណើរការច្បាប់មួយចំនួនដូចជាការផ្ទេរកម្មសិទ្ធិប្លង់ជាដើម ហើយការផ្ទេរសិទ្ធិនេះដែរ វាអាចបង្ករជាបញ្ហា ឬការយល់ច្រឡំជាមួយនឹងម្ចាស់ខុនដូ ឬបុរីបើសិនជាអ្នកមិនបានស្វែងយល់ឲ្យបានច្បាស់ពីការផ្ទេរនេះ។

យោងតាមទំព័រហ្វេសប៊ុកផេកផ្លូវការរបស់លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia បានចែករំលែក ២ចំណុចដែលអ្នកត្រូវដឹងទាក់ទងនឹងការផ្ទេរកម្មសិទ្ធិប្លង់ពេលទិញខុនដូ ឬបុរី៖

លោកបណ្ឌិត គីម ហ៊ាង ប្រធានក្រុមហ៊ុន KW Cambodia (ប្រភព៖ Google)

១, ម្ចាស់គំរោងរត់ការបំបែកក្បាលដីអោយ គឺមានន័យថា ដីសាងសង់គំរោងជាប្រភេទប្លង់រឹង ហើយម្ចាស់គំរោងគ្រាន់តែបំបែកប្លង់រឹងដីគំរោងជាប្លង់ផ្ទះមួយៗ រួចទុកអោយអ្នកទិញជាអ្នកចំណាយទាំងអស់ក្នុងការផ្ទេរកម្មសិទ្ឋិប្លង់រឹង និងបង់ពន្ធប្រថាប់ត្រា ៤% ដោយខ្លួនឯង។ ការចំណាយទៅលើការបំបែកក្បាលដីដោយម្ចាស់គំរោង គឺប្រហែល $180 ទៅ $250 ក្នុង ១ផ្ទះ តែចំណាយទៅលើការផ្ទេរកម្មសិទ្ឋិប្លង់រឹង និងបង់ពន្ធប្រថាប់ត្រា ៤% ដោយអ្នកទិញ គឺអាចនឹងចំណាយអស់ចន្លោះពីខ្ទង់ពាន់ដុល្លារ ទៅជិត ១ម៉ឺនដុល្លារ ក្នុង ១ផ្ទះ។

២, ម្ចាស់គំរោងរត់ការផ្ទេរកម្មសិទ្ឋិក្នុងប្លង់រឹងឲ្យ ១០០% គឺមានន័យថាការចំណាយទាំងអស់ ទៅលើការបំបែកក្បាលដី រត់ការផ្ទេរកម្មសិទ្ឋិក្នុងប្លង់រឹង និងការបង់ពន្ធប្រថាប់ត្រា ៤% សរុបរាប់ពាន់ ឬជិត១ម៉ឺនដុល្លារ គឺម្ចាស់គំរោងជាអ្នកចេញលុយទាំងអស់។

គម្រោងផ្ទះល្វែងក្នុងរាជធាណីភ្នំពេញ (ប្រភព៖ Google)

សូមរំលឹកថា សព្វថ្ងៃប្រជាពលរដ្ឋខ្មែរជាច្រើនបានសម្រុកទៅទិញខុនដូ និងបុរីយ៉ាងច្រើន ទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។ ប៉ុន្តែដើម្បីការពារផលប្រយោជន៍ ក៏ដូចជាការពារការកើតមាននូវបញ្ហាផ្សងៗ សូមបងប្អូនប្រជាពលរដ្ឋពិនិត្យ និងសិក្សាឲ្យបានច្បាស់លាស់ទាក់ទងនឹងបញ្ហាផ្លូវច្បាស់ជៀសវាងការកើតមាននូវបញ្ហាផ្សេងៗ។

 

អត្ថបទដោយ៖ Nevin

Related Articles