We TV Cambodia

ឯកឧត្តម វេង​ សាខុន និងមន្រ្ដីជំនាញ ចុះមកត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមត្រី ០២កន្លែង​ ​នៅខណ្ឌព្រែកព្នៅ

ឯកឧត្តម វេង​ សាខុន និងមន្រ្ដីជំនាញ ចុះមកត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមត្រី ០២កន្លែង​ ​នៅខណ្ឌព្រែកព្នៅ

ព្រឹកថ្ងៃអង្គារ ៧រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងមន្រ្តីជំនាញបានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីចំនួន ០២កន្លែង ស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

កសិដ្ឋានទី០១៖ កសិដ្ឋានលោក សឿ ម៉ៅ និងលោក លីម សុខហេង ស្ថិតនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមត្រីនេះបានដំណើរការជាង ១៨ឆ្នាំហើយ បច្ចុប្បន្នកសិដ្ឋានមានស្រះចិញ្ចឹមត្រីប្រាចំនួន ១៥ស្រះ ទំហំចាប់ពី ៦ ០០០-១០ ០០០ម៉ែត្រការ៉េ សមត្ថភាពផលិតត្រីប្រាបាន ២ ០០០តោន/ឆ្នាំ ដោយប្រើចំណីផលិតដោយខ្លួនឯងផង និងក្រុមហ៊ុនផង។ ម្ចាស់កសិដ្ឋានបានបន្ថែមថា កសិដ្ឋានបាននិងកំពុងរៀបចំប្តូរទីតាំងទៅចិញ្ចឹមនៅខេត្តកំពង់ឆ្នាំងវិញលើផ្ទៃដីជាង១០ហិកតា ដោយសារតំបន់បច្ចុប្បន្ននេះកំពុងមានការអភិវឌ្ឍ និងមិនអំណោយផលក្នុងការចិញ្ចឹមទៀតទេ។

កសិដ្ឋានទី០២៖ ចេញពីកសិដ្ឋានលោក សឿ ម៉ៅ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកកសិដ្ឋានចិញ្ចឹមត្រីប្រាមួយទៀតស្ថិតនៅភូមិធំខាងជើង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកភ្នៅ។ លោក ង៉ែត ទូច អ្នកគ្រប់គ្រងទូទៅ (០៩៩ ៨៨៤៨៣៨) បានឲ្យដឹងថា កសិដ្ឋានបានដំណើរការ ០៧ឆ្នាំមកហើយ បច្ចុប្បន្នមានស្រះចិញ្ចឹមត្រីប្រាធំៗចំនួន ៨ស្រះ សរុបដាក់កូនត្រីចិញ្ចឹម ១លានកូន។ ដោយអនុវត្តតាមគោលការណ៍បច្ចេកទេសចិញ្ចឹមត្រីដូចជាការផ្តល់ចំណី ការសម្អាតស្រះ ការគ្រប់គ្រង ប្រើប្រាស់ និងសម្អាតទឹក។ល។ រួមផ្សំជាមួយពូជល្អ ចំណីមានគុណភាព លក្ខខណ្ឌចិញ្ចឹមអំណោយផល ការថែទាំប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ជាពិសេសការលក់ដុំ និងលក់រាយដោយខ្លួនឯងផ្ទាល់នៅលើទីផ្សារ មិនរំពឹងឈ្មួញកណ្តាល កសិដ្ឋានអាចប្រមូលផល និងលក់បាន ៧០០តោន/ឆ្នាំ ហើយអនាគតគ្រោងចិញ្ចឹមឲ្យបាន ១ ០០០តោន/ឆ្នាំ ដើម្បីឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារក្នុងស្រុក។

សូមជម្រាបជូនផងដែរថា សកម្មភាពនៃការអញ្ជើញចុះមកពិនិត្យកសិដ្ឋានចិញ្ចឹមត្រីនេះ គឺជាផ្នែកមួយនៃការជួយជំរុញ និងលើកទឹកចិត្តដល់ផលិតកម្មចិញ្ចឹមត្រីក្នុងស្រុក តាមរយ:ការនាំយកតួអង្គពីរសំខាន់មកជួបគ្នា គឺរដ្ឋបាលជលផល និងសមាគមវារីវប្បករកម្ពុជា ដើម្បីសហការ សម្របសម្រួលទាំងផ្នែកទីផ្សារ និងការអនុវត្តបច្ចេកទេសឱ្យកាន់តែល្អប្រសើរ។

អត្ថបទដោយ៖​ពិសី

 

 

 

 

 

 

 

 

 

 

 

 

Related Articles