ដោយ៖ពេជ្រ
ព្រះសីហនុង៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះលើផេកផ្លូវការ របស់ខ្លួនពីការបោសសំអាតទីតាំងមុខឆ្នេរ ដោយសារតែនៅតែមានអ្នកបោះចោលសំរាមផ្ដេសផ្ដាស និងកាកសំណល់ដែលហូបចុកហើយ ទុកដាក់មិនបានត្រឹមត្រូវ។
ឯកឧត្តម បានសរសេរថា«ម្ខាងប្រឹងសំអាត ឯម្ខាងទៀត ប្រឹងពង្រាយ បេីទោះជាស្អាតគឺត្រឹមតិចតួចប៉ុណ្ណោះ ហេីយលំបាកណាស់»។ ក្នុងន័យនេះ គឺចង់សំដៅដល់អ្នកដែលបានមកលេងកម្សាន្តនៅទីតាំងឆ្នេរ ដោយមានការជួបជុំ ហូបចុក តែមិនបានចូលរួមទុកដាក់ និងថែរក្សាបរិស្ថាន តាមការសំណូមពររបស់រដ្ឋបាលខេត្ត។
បើតាមជាក់ស្ដែង រដ្ឋបាលខេត្ត បានខិតខំថែរក្សា និងអំពាវនាវឱ្យពលរដ្ឋគ្រប់រូប ដែលមកលេងកម្សាន្ត ចេះទុកដាក់ វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ពោល មិនគួរហូបចុករួច ទុកចោលសំរាម ពាសវាល ពាសកាលដូច្នេះទេ។
សកម្មភាពទាំងនេះ បង្ហាញឱ្យឃើញថា ពលរដ្ឋមួយចំនួនតូច នៅតែមិនទាន់មានស្មារតីចូលរួម ថែរក្សាបរិស្ថាន ក្នុងនាមជាពលរដ្ឋល្អនោះទេ ដែលសកម្មភាពនេះគួរតែទទួលការពិន័យជាការព្រមាន។
