We TV Cambodia

ឯកឧត្តមហង់ជួន ណារ៉ុន៖ ឆ្នាំនេះក្រសួង​មិន​បន្ធូរ​​បន្ថយស្តង់ដាប្រឡងនោះទេ ទាំងទី៩ និងទី១២

ឯកឧត្តមហង់ជួន ណារ៉ុន៖ ឆ្នាំនេះក្រសួង​មិន​បន្ធូរ​​បន្ថយស្តង់ដាប្រឡងនោះទេ ទាំងទី៩ និងទី១២

យោងតាមការប្រកាសរបស់ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា សម្រាប់ការប្រលងនៅឆ្នាំនេះ ទាំងថ្នាក់ទី៩ និងទី១២ គឺក្រសួងមិនមានការបន្ធូរ​​បន្ថយស្តង់ដាប្រឡងនោះទេ ទោះបីសាលារៀនត្រូវបានផ្អាកមួយរយៈដោយសារកូវីដ១៩ ក៏ដោយ។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ

ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវឱ្យសិស្សានុសិស្ស ដែលត្រៀមប្រឡងទាំងមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សា​ទុតិយ​ភូមិ ត្រូវបង្កើនការយកចិត្តទុកដាក់រៀនសូត្រ ដោយត្រូវធ្វើស្វ័យសិក្សាឱ្យបានជាប់ជាប្រចាំ មិនថារៀននៅ​ក្នុង​ថ្នាក់ ឬនៅផ្ទះនោះទេ ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនាពេលខាងមុខនេះ។ ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះការរៀនសូត្រ ដើម្បីត្រៀមប្រឡង ដោយក្រសួងមិនមានចេតនាដើម្បីទម្លាក់ ស្តង់ដាឱ្យទាបនោះទេ ដោយក្រសួងនឹងអនុវត្តទៅតាមស្តង់ដាដែលយើងរៀបចំដូចពេលមុនៗ។

ការប្រលងបាក់ឌុបរបស់ប្អូនៗថ្នាក់ទី១២

ឯកឧត្តម បានបន្ថែមថា ដើម្បីឱ្យសិស្សានុសិស្សមានសមត្ថភាពអាចប្រឡងជាប់ ក្រសួងបាន​ផ្តល់ពេលវេលាសិក្សាបន្ថែម និងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជ្រើសរើសគ្រូស្ម័គ្រ​ចិត្តបង្រៀនបន្ថែមម៉ោងដល់សិស្សានុសិស្ស ដើម្បីត្រៀមខ្លួនឲ្យបានល្អមុនដំណើរការប្រឡង។

សិស្សចេញពីមណ្ឌលប្រលងបាក់ឌុប

សូមបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ៕

អត្ថបទដោយ៖ Nevin

Related Articles