ដោយៈ ទិន សុខាវុធ
លោកឧបនាយករដ្ឋមន្ត្រី ស ខេង បានគូសបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាចំណាកស្រុកទៅធ្វើការក្រៅប្រទេស រដ្ឋាភិបាលនៃប្រទេសដែលកំពុងជួបនឹងបញ្ហានេះ ត្រូវតែបង្កើនទំហំវិនិយោគក្នុងប្រទេស អោយកាន់តែច្រើនឡើងថែមទៀត ក្នុងគោលបំណងបង្កើតការងារអោយបានកាន់តែច្រើននៅក្នុងប្រទេស សំរាប់ប្រជាពលរដ្ឋ។
ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើកទី ២ នៅខេត្តសៀមរាប កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៩ រវាងថ្នាក់ដឹកនាំបច្ចេកទេសនៃប្រទេសកម្ពុជា ឡាវ និង មីយ៉ានម៉ា (CML) ដែលមានពលករធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសក្រៅ ជាពិសេសប្រទេសថៃ។
លោកឧបនាយករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថា ប្រទេសដែលមានពលករចំណាកស្រុកទៅធ្វើការនៅបរទេស (CLM) ត្រូវធ្វើយ៉ាងណាការពារផលប្រយោជន៍របស់ពលករនៅប្រទេសក្រៅ និងព្រមពេលជាមួយគ្នា ត្រូវដោះស្រាយបញ្ហាចំណាកស្រុកនេះអោយចំគោលដៅ។
ក៏ប៉ុន្តែ សម្តេច ស ខេង ក៏បានលើកឡើងផងដែរថា បញ្ហាចំណាកស្រុកទៅធ្វើនៅក្រៅប្រទេស មាននៅស្ទើរគ្រប់ប្រទេស មិនថាជាប្រទេសកំពុងអភិវឌ្ឍ ឬប្រទេសអភិវឌ្ឍន៍ឡើយ។ សូម្បីតែប្រទេសថៃខ្លួនឯង ក៏មានពលករចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសដែរ។
មួយវិញទៀត ដើម្បីការពារផលប្រយោជន៍របស់ពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ (ពលករទេសន្ដប្រវេសន៍) ប្រទេស CLM មិនគួរដាក់សំពាធតែទៅលើប្រទេសថៃតែមួយនោះទេ ប្រទេស CLM ត្រូវស្វែងរកដំណោះស្រាយរួមមួយចំនួន ដើម្បីយកទៅប្រជុំជជែកពិភាក្សាជាមួយនឹងប្រទេសថៃជាបន្តទៅទៀត ដោយឈរលើគោលការណ៍សមធម៌ និងផលប្រយោជន៍រួមគ្នា។
ទាក់ទងនឹងបញ្ហានេះ នៅក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី ៣ ក្នុងក្របខ័ណ្ឌក្រុមប្រទេស CLMTV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម) កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា ប្រទេសថៃខ្លួនឯងក៏កំពុងត្រូវកំលាំងពលកម្មបរទេសផងដែរ អាស្រ័យហេតុនេះ ពលករចំណាកស្រុកមកពីប្រទេស CLM មិនមែនសុទ្ធតែជាបញ្ហានោះទេ ផ្ទុយទៅវិញ ពលករទេសន្តប្រវេសន៍ (migrant worker) ទាំងនោះ ក៏កំពុងជួយអោយសេដ្ឋកិច្ចប្រទេសថៃរីកចំរើនផងដែរ។
យោងតាមសម្តេច ហ៊ុន សែន របបសន្តិសុខសង្គមសំរាប់ពលករទេសន្តប្រវេសន៍ ជារឿងដ៏សំខាន់មួយ ដែលបណ្តាប្រទេសពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ ដើម្បីការពារផលប្រយោជន៍រួមគ្នា។
ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា បញ្ហាពលករទេសន្តប្រវេសន៍ខុសច្បាប់ គួរត្រូវដោះស្រាយដោយសន្តិវិធី ពោលគឺត្រូវធ្វើអោយពលករទាំងនោះក្លាយទៅជាពលករស្របច្បាប់៕