ដោយៈ ទិន សុខាវុធ
ក្រុមហ៊ុនយក្ស MinebeaMitsumi របស់ជប៉ុន ដែលជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកមួយ បានអោយដឹងថា ក្រុមហ៊ុននឹងផ្ទេរការផលិតឧបករណ៍លេងហ្គេម Nitendo និង PSP អោយមកនៅក្នុងប្រទេសកម្ពុជាវិញ។
យោងតាមទីភ្នាក់ងាសារព័ត៌មានជប៉ុន NNA ចាប់ពីឆ្នាំ ២០២០ ទៅ ក្រុមហ៊ុនយក្ស MinebeaMitsumi នឹងផ្តល់សិទ្ធិអោយក្រុមហ៊ុនបុត្រ MinebeaMitsumi នៅកម្ពុជា តំលើងឧបករណ៍លេងហ្គេមទាំងនោះ ដើម្បីនាំចេញទៅលក់នៅប្រទេសផ្សេងៗទៀត។
អាស្រ័យហេតុនេះ រោងចក្រ MinebeaMitsumi នៅកម្ពុជា ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នឹងត្រូវបំពាក់ដោយគ្រឿងម៉ាស៊ីននិងសំភារៈចាំបាច់ទាំងឡាយ សំរាប់តំលើងឧបករណ៍លេងហ្គេមទាំងនោះ។
យ៉ាងណាម៉ិញ កាលពីសប្តាហ៍មុន លោក Yoshihisa Kainuma ប្រធានក្រុមហ៊ុនជប៉ុន MinebeaMitsumi នៅកម្ពុជា បានចូលជួបលោកនាយករដ្ឋមន្ត្រី នៅឯវិមានសន្តិភាព និងបានប្រកាសថា ក្រុមហ៊ុនមានគំរោងបង្កើនទុនវិនិយោគនៅកម្ពុជា អោយកើនដល់ $400 លានដុល្លារ នៅដំណាច់ឆ្នាំ ២០១៩ ខាងមុខនេះ។
នៅក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុនបានលើកឡើងថា នៅក្នុងឆ្នាំ ២០១៨ កន្លងទៅនេះ ទុនវិនិយោគរបស់ក្រុមហ៊ុនរបស់លោកបានកើនដល់ប្រមាណជា $372 លានដុល្លារ។ ហើយនៅដំណាច់ឆ្នាំ ២០១៩ នេះ ទំហំទុនវិនិយោគរបស់ក្រុមហ៊ុនរបស់លោកនឹងកើនដល់ចំនួន $400 លានដុល្លារ។
លោក Yoshihisa Kainuma បានបន្ថែមទៀតថា នៅពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនរបស់លោកបាននិងកំពុងផលិតម៉ូទ័រ ឧបករណ៍ក្មេងលេង និង អំពូលភ្លើងវៃឆ្លាត ដែលត្រូវបិទផ្លាកថា Made in Cambodia ហើយដែលត្រូវដាក់លក់នៅកម្ពុជា និងនាំចេញទៅលក់នៅក្រៅប្រទេស។
លើសពីនេះទៀត យោងតាមលោកប្រធានក្រុមហ៊ុន រហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុនរបស់លោកបានបង្កើតការងារចំនួន ៧,០០០ កន្លែង សំរាប់កម្មករខ្មែរ។ ហើយនៅពេលអនាគតដ៏ខ្លីខាងមុខនេះ ក្រុមហ៊ុនរបស់លោកនឹងបង្កើតការងារបន្ថែមទៀត អោយកើនដល់ចំនួន ២០,០០០ កន្លែង។
ដោយឡែកនៅកម្ពុជា លោកប្រធានក្រុមហ៊ុនបានសុំអោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គាំទ្រផលិតផលអំពូលភ្លើងវៃឆ្លាតផលិតដោយក្រុមហ៊ុនរបស់លោក ដែលជាផលិតក្នុងស្រុក និងដែលជាផលិតផលជួយការពារបរិស្ថាន និងជួយសន្សំសំចៃការប្រើប្រាស់ប្រេងឥន្ទនៈនិងចរន្តអគ្គិសនី៕