We TV Cambodia

ឧកញ៉ា ម៉ុង ឫទ្ធី ខកចិត្តនឹងប្រជាពលរដ្ឋខ្មែរមួយចំនួន ចូលលេងចំការដូងហើយ បែរជាចោលសំរាមផ្ដេសផ្ដាស

ឧកញ៉ា ម៉ុង ឫទ្ធី ខកចិត្តនឹងប្រជាពលរដ្ឋខ្មែរមួយចំនួន ចូលលេងចំការដូងហើយ បែរជាចោលសំរាមផ្ដេសផ្ដាស

លោកឧកញ៉ា ម៉ុង ឫទ្ធី ដែលប្រជាពលរដ្ឋជាច្រើនស្គាល់ថាជាសេដ្ឋីកសិកម្មនៅកម្ពុជា និងជាសេដ្ឋីចិត្តធម៌ម្នាក់ បានសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលបានចូលលេងកម្សាន្តក្នុងចំការដូងប្រេងរបស់លោកហើយ បែរជាចោលសំរាមផ្ដេសផ្ដាសទៅវិញ។

លោកឧកញ៉ា បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា «បើគិត​ពីឆ្នាំ​ ១៩៩៥រហូត​មកដល់​ឆ្នាំ​២០២០នេះ​ ពេលវេលា​បាន​កន្លង​ផុតទៅ ​​២៥ឆ្នាំ​បាត់ទៅហើយ​ ដែលខ្ញុំ​បានខិតខំ​លះបង់​​ចំណាយ​កម្លាំង​កាយ​ កម្លាំង​ចិត្ត​រួមជាមួយ​និង​ថវិការ​ផង​ដែ​ ដើម្បី​ដាំ​បង្កើតបាន​ជាចំការ​ និង​សាងសង់​រោងចក្រ​កែច្នៃ​ដូងប្រេង​នេះឡើង​ ​ក្នុងគោលបំណង​អោយកូន​ខ្មែរ​យើង​បាន​ឃើញច្បាស់​ផ្ទាល់នឹង​ភ្នែក​ដំណាំ​កសិឧស្សាហកម្ម​មួយនេះ​ ដោយមិន​ចាំបាច់​ចំណាយ​ពេល​វេលា​និង​ថវិកា​រ​ទៅមើលនៅ​ប្រទេស​ថៃ​ ម៉ាឡេស៊ី​ ឬ​ឥណ្ឌូនេស៊ី​ តែជា​អកុសល​បុគ្គល​មួយចំនួន​មិនត្រឹមតែ​មិនបាន​ដឹង​គុណ​បំណាច់​នេះទេ​ ក្រោយ​ពីពួកគេ​មកលេង​កម្សាន្ត​ជ្រកក្រោម​ម្លប់ដើមដូងប្រេង​ដោយឥតគឹតថ្លៃ​ Free ទាំងអស់​រួច​ហើយ​ ពួកគេ​បាន​បន្ទោបង់ បោះ​សំរាមចោល​ពាស់វាល​ពាស់កាល​ ដើម្បី​បន្ថែម​បន្ទុក​ចំណាយ​មួយ​ផ្នែក​ទៀត​មកអោយ​ក្រុមហ៊ុន ​ម៉ុង​ ឫទ្ធី ​វិនិយោគ​ទុន​ដំណាំ​ដូងប្រេង​កម្ពុជា​ ទទួល​បន្ទុក​បន្ថែម​ទៀត​។

លោកបានបន្ថែមទៀតថា «ខ្ញុំ​លែង​អំពាវនាវ​អីទៀតហើយ ស្រេច​នឹង​ចិត្ត​របស់​ពួកគេ​​ចង់ទៅចុះ​ បើអ្នក​មិន​ចេះស្រឡាញ់​បរិស្ថាន​ធម្មជាតិ​ទៅហើយ​ ទុកដូចជា​មិនចេះ​ស្រឡាញ់​អាយុ​ជីវិត​ផ្ទាល់​ខ្លួន​ក៏​ដូច​ជា​ក្រុមគ្រួសារ​ខ្លួនឯង​ផងដែរ​ ខ្ញុំ​សូម​អរគុណ​ និង​អរព្រះគុណ​ដល់ប្រីយមិត្ត​យើង​ដែលចេះ​ ជួយ​ថែរក្សា​ការពារ​ស្រឡាញ់​បរិស្ថាន​ធម្មជាតិ​។

សូមជម្រាបថា នេះជាលើកទីមួយហើយ ដែលឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះសារបង្ហាញពីការខកចិត្តបែបនេះ នៅលើបណ្ដាញសង្គម ដោយកន្លងមក លោកតែងតែបង្ហោះពីជីវិតរស់នៅរបស់លោក ការវិនិយោគ ការធ្វើអំពើសម្បុរសធម៌ និងគំនិតណែនាំផ្សេងៗតែប៉ុណ្ណោះ។

អត្ថបទដោយ៖ Nevin

Related Articles